ដោយ : វុត្ថា
ភ្នំពេញ : ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់បុរី និងខុនដូដើម្បីរកដំណោះស្រាយរួមមួយ ក្នុងការបង្កើតយន្តការរៀបចំថែរក្សា ការពារនិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចប្រជុំដែលមានការចូលរួមពីបណ្តាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានប្រមាណ៤០ក្រុមហ៊ុននៅរាជធានីភ្នំពេញនេះ បានធ្វើឡើងដើម្បីស្នើសុំនូវមតិយោបល់ពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធ លើការវិនិយោគលំនៅដ្ឋានទាំងអស់ ដើម្បីធ្វើការរួមក្នុងការរៀបចំលំនៅដ្ឋាន និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំក្រុង ធ្វើយ៉ាងណាប្រែក្លាយលំនៅដ្ឋាន ក៏ដូចជា បុរីទាំងអស់នោះ ប្រកបដោយភាពបៃតង មានសោភ័ណភាព និងបរិស្ថានស្អាត។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើដល់ក្រុមហ៊ុនវិនិយោគទាំងអស់ មុននឹងធ្វើការសាងសង់ត្រូវគិតពីបញ្ហាលូ និងប្រព័ន្ធចំរោះទឹក ការញែក និងគ្រប់គ្រងសំរាម ក៏ដូចជា ការសាងសង់យ៉ាងដូចម្តេចដើម្បីមានបរិស្ថាន និងមានបរិយាកាសល្អ ដើម្បីចូលរួមលើកកម្ពស់ ក្នុងកិច្ចគាំពារបរិស្ថាននៅក្នុងទីប្រជុំជនក្រុង និងរាជធានីភ្នំពេញផងដែរ។
លោកបញ្ជាក់ថា “ការគោលការណ៍ទាំងនេះ ក៏នឹងត្រូវអនុវត្តន៍នៅក្នុងការវិនិយោគ និងអភិវឌ្ឍលំនៅដ្ឋាននៅថ្នាក់ខេត្តផងដែរ”។ លោកបន្តថា “ម្ចាស់គម្រោងអភិវឌ្ឍបុរីទាំងអស់ ត្រូវគិតគូរបញ្ចូលក្នុងផែនការរបស់ខ្លួន នូវការគ្រប់គ្រងសំណល់រឹង សំរាមឱ្យបានល្អផងដែរ”។
លោករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីលើកទឹកចិត្តដល់បុរី ដែលបានគិតគូរដល់បរិស្ថាន ក្រសួងនឹងគិតគូរពីការប្រកួតប្រជែង ក្នុងចំណោមបូរីនានា និងផ្តល់នូវការការលើកទឹកចិត្តទទួលស្គាល់ដល់ការចូលរួមថែរក្សា និងស្រឡាញ់បរិស្ថាន។ ក្រៅពីការលើកសំណូមពរមួយចំនួន អ្នកអភិវឌ្ឍលំនៅដ្ឋាននៅរាជធានីភ្នំពេញ បានគាំទ្ររាល់ការលើកឡើងទាំងឡាយរបស់ក្រសួងបរិស្ថាន។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានថ្លែងថា បុរីទាំងអស់សុទ្ឋតែបានអនុវត្តន៍នូវគោលការណ៍ទាំងនេះ ប៉ុន្តែអ្នកសាងសង់ផ្ទះល្វែងលក់ភាគច្រើនទំនងជាមិនបានគិតគូពីបញ្ហានេះនោះទេ ព្រោះគំរោងបែបនេះ ពិសេសគំរោងសាងសង់ប្រព័ន្ឋចម្រោះត្រូវចំណាយទុនវិនិយោគច្រើន។
លោកបន្តថា “ការរៀបចំប្រព័ន្ឋចម្រោះមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយការបំពុលពីទឹកកខ្វក់ ប៉ុន្តែតាមធម្មតាផ្ទះនិមួយៗមានប្រព័ន្ឋចម្រោះ ដែលជាអាងចម្រោះមួយដំណាក់កាលហើយ តែប្រព័ន្ឋបង្ហូរចេញត្រូវតែឆ្លងកាត់អាចចម្រោះធំ ដើម្បីកាត់បន្ថយនូវការបំពុលពីទឹកកខ្វក់ មុនបង្ហូរចេញ”៕