ដោយ៖ សុផារី
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលនៅក្នុងក្រុងភ្នំពេញ ជម្រុញការប្រើប្រាស់យាមយន្តអគ្គិសនីនិងផ្សព្វផ្សាយលើកទឹកចិត្តវិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជាលើការសាងសង់ស្ថានីយបញ្ចូលថាមពល។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ។
លោកបានមានប្រសាសន៍ថា “អតិថិជនមិនចង់ទិញរថយន្តអគ្គិសនីនោះទេ ដោយសារតែមិនមានស្ថានីយបញ្ជូលថាមពលអគ្គិសនី”។
បើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី ក្រសួងនិងតំណាង UNDP បានសហការស្វែងរកដំណោះស្រាយសម្រាប់ជម្រុញការប្រើប្រាស់រថយន្តអគ្គិសនី ដោយ UNDP បានឧបត្ថម្ភស្ថានីយបញ្ចូលថាមពលចំនួន៤មកកាន់កម្ពុជា។ ក្នុងនោះមួយគ្រឿងកំពុងដាក់ឱ្យដំណើរការនៅក្នុងក្រុងភ្នំពេញ ចំណែកបីគ្រឿងទៀតនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងខេត្តសៀមរាប ក្រុងព្រះសីហនុ និងខេត្តបាតដំបង។
នេះជាឱកាសនៃការផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋនៅក្នុងការជម្រុញការប្រើប្រាស់យាមយន្តអគ្គិសនី និងផ្សព្វផ្សាយលើកទឹកចិត្តវិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជាលើការសាងសង់ស្ថានីយបញ្ចូលថាមពលនៅទូទាំងប្រទេសកម្ពុជា។
លោកថ្លែងថា “លុះត្រាតែយើងមានស្ថានីយបញ្ចូលថាមពលនៅទូទាំងប្រទេស ទើបអាចជម្រុញប្រជាពលរដ្ឋឱ្យងាកមកប្រើប្រាស់យានយន្តដើរដោយអគ្គិសនីបាន”។
ជំហានទី២ ក្រសួងក៏បានសហការពិភាក្សាជាមួយសហព័ន្ធឧស្សាហកម្មកម្ពុជា ក្នុងការស្វែងរកយុទ្ធសាស្ត្រពង្រីកការប្រើប្រាស់នូវ EV បន្ថែមទៀតនៅកម្ពុជា។
ជំហានទី៣ បច្ចុប្បន្ននេះមានក្រុមហ៊ុនឯកជនមួយត្រៀមវិនិយោគស្ថានីយបញ្ចូលថាមពលចំនួន១០កន្លែងនៅទូទាំងប្រទេស ដោយផ្តល់ជាជំនួយស្ថានីយបញ្ចូលថាមពលមកកាន់ក្រសួងចំនួន៦ នៅក្នុងខែឧសភា និងផ្តល់ជារថយន្ត២គ្រឿងមកកាន់ក្រសួងផងដែរ។
លោកបានថ្លែងថា “ក្រៅពីនេះ ក្រសួងក៏បានសហការពិភាក្សាជាមួយស្ថានីយប្រេងនានានៅក្នុងប្រទេសក្នុងការសិក្សាលទ្ធភាពតម្លើងស្ថានីយបញ្ចូលថាមពលនៅតាមស្ថានីយប្រេងឥន្ធនៈរបស់ខ្លួនផងដែរ”។
លោកបន្តថា “ក្នុងនោះ ក្រុមហ៊ុន PTT បានសម្រេចតម្លើងស្ថានីយបញ្ចូលថាមពលចំនួន២កន្លែងនៅផ្លូវល្បឿនលឿននិងស្ថានីយប្រេងឥន្ធនៈមួយកន្លែងទៀត។ ក្រៅពីនេះក្រុមហ៊ុនតូតាល់ក៏នឹងតម្លើងស្ថានីយបញ្ចូលថាមពលនៅក្នុងស្ថានីយរបស់ខ្លួនផងដែរ”៕