ដោយៈសុខុម
តូក្យូ: ប្រទេសរស្ស៊ី បាននិងកំពុងទទួលរងការដាក់ទណ្ឌកម្មជុំទិសដូចទឹកបាក់ទំនប់ ក្រោយបុរសខ្លាំង វ៉្លាឌីមៀ ពូទីន បានបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ខែកុម្ភៈ។
បន្ទាប់ពីសហរដ្ឋអាមេរិក នាំមុខគេនៅក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី បណ្ដាសម្ព័ន្ធមិត្តក៏ដាក់ទណ្ឌកម្ម តាមគ្នាជាបន្តបន្ទាប់ ក្នុងនោះក៏រួមមានទាំងប្រទេសជប៉ុនផងដែរ។
ជាក់ស្ដែង ក្រសួងការបរទេសជប៉ុន បានប្រកាសកាលពីថ្ងៃសុក្រ ទី២៥ ខែមីនា ថា ប្រទេសជប៉ុន នឹងបង្កទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីចំនួន២៥នាក់ និងហាមឃាតការនាំចេញទៅកាន់ស្ថាប័នរុស្ស៊ីចំនួន៨១ រួមជាមួយនឹងទណ្ឌកម្មផ្សេងៗទៀត ដើម្បីឆ្លើយតប ទៅនឹងការបញ្ឆេះសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន។
ទោះជាយ៉ាងណា លោកShunichi Suzuki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានបញ្ជាក់នៅថ្ងៃច័ន្ទ ទី២៨ ខែមីនា នេះថា ច្បាប់បច្ចុប្បន្នរបស់ប្រទេសជប៉ុន មិនអនុញ្ញាតឱ្យរដ្ឋាភិបាលជប៉ុន រឹបអូសទុនបម្រុងអន្តរជាតិ នៃធនាគារកណ្ដាលបរទេសដែលគ្រប់គ្រងដោយធនាគារកណ្ដាលជប៉ុនBank Of Japan) ឡើយ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ បានថ្លែងបែបនេះនៅក្នុងសភា នៅពេលត្រូវបានសាកសួរ អំពីទុនបម្រុងអន្តរជាតិរបស់រុស្ស៊ី រក្សាទុកនៅនឹងធនាគារកណ្ដាលជប៉ុន ដែលត្រូវបានបង្កកក្នុងទណ្ឌកម្មប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន៕ Reuters៕