ដំណឹងល្អ វ៉ាក់សាំងកូវីដ១៩ជាជំនួយរបស់ចិនប្រមាណ៣.៥លានដូសទៀតបានដឹកមកដល់កម្ពុជាហើយ

0

ដោយ៖ សុផារី

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនប្រមាណ៣.៥លានដូសទៀត នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជានៅ ព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ។

វ៉ាក់សាំងដែលដឹកមកដល់គឺជាវ៉ាក់សាំងស្ថិតក្នុងចំនួន៥លានដូសនៃជំនួយថ្មី២០លានដូស ដែលរដ្ឋាភិបាលចិន បានប្រកាសផ្តល់ជូនកម្ពុជា។ ក្នុងនោះ វ៉ាក់សាំងប្រមាណ១.៥លានដូសនៃចំនួន៥លានដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែមីនា។

ក្នុងឱកាសអញ្ជើញពិនិត្យការដឹកមកដល់នូវវ៉ាក់សាំងជំនួយជាថ្មីរបស់ចិន នាព្រឹកថ្ងៃទី២៩ ខែមីនា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងជំនួយរបស់ចិន ដែលបានដឹកមកដល់នេះនឹងយកទៅបម្រើដល់ដំណើរការចាក់ដូសជំរុញ។

បើតាមលោកស្រី យក សម្បត្តិ វ៉ាក់សាំងជាជំនួយរបស់ចិនប្រមាណ១៥លានដូសទៀត ដែលមិនទាន់ដឹកមកនោះកំពុងស្ថិតក្នុងការជជែកគ្នា ហើយអាចនឹងរៀបចំដឹកមកកម្ពុជា ក្រោយខែកញ្ញា ឆ្នាំ២០២២។ ផែនការរៀបចំបែបនេះ ក៏ដោយសារតែក្នុងចន្លោះខែមេសា រហូតដល់ខែកញ្ញា កម្ពុជាមានផែនការទទួលវ៉ាក់សាំងតាមរយៈយន្តការកូវ៉ាក់ និងប្រទេសជាមិត្តមួយចំនួនទៀត រហូតដល់ទៅ៧លានដូស។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលបានដឹកមកដល់ប្រទេសនៅព្រឹកថ្ងៃទី២៩ ខែមីនា ប្រមាណ១.៥លានដូស និងដឹកមកដល់ថ្ងៃទី៣០ ខែមីនា ប្រមាណ៣.៥លានដូស គឺជាចំនួនវ៉ាក់សាំងដំណាក់កាលដំបូង៥លានដូស ដែលជាជំនួយថ្មី២០លានដូស ដែលលោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ។

ប្រទេសចិន គឺជាប្រទេសដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះវ៉ាក់សាំងជំនួយចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

ដើម្បីគាំទ្រកម្ពុជាលើការប្រយុទ្ធប្រឆាំងប្រឆាំងជំងឺកូវីដ១៩ និងការពារអាយុជីវិតពលរដ្ឋកម្ពុជា ពីជំងឺរាតត្បាតសាកលមួយនេះ ប្រទេសចិន បានផ្តល់ជំនួយវ៉ាក់សាំងជាបន្តបន្ទាប់។ បើតាមលោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា មកដល់ពេលនេះ ចិន បានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុប ២៨.៧២៤.៨០០ដូស។ ក្នុងនោះ ២០លានដូស ជាជំនួយថ្មី។

មកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៣ឆ្នាំឡើង បានរហូតដល់ជាង៩២ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ លទ្ធផលដ៏ល្អប្រសើរ លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ដោយកម្ពុជា បានយកវ៉ាក់សាំងចិន ធ្វើជាបង្អែកនៅក្នុងប្រតិបត្តិការរបស់ខ្លួន។ ទាំងការបញ្ជាទិញ និងជំនួយ កម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិនជិត៤០លានដូស សម្រាប់បម្រើក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here