ដោយ: ម៉ាលីស
ភ្នំពេញ: រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងសាងសង់អគារមន្ទីរពេទ្យថ្មីមួយ ដែលមានកម្ពស់៥ជាន់ គ្រោងចំណាយថវិកាប្រមាណ១៦លានដុល្លារអាមេរិក។
អគារមន្ទីពេទ្យថ្មីនេះ គឺនឹងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិ ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺជូនដល់កុមារ ឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលគម្រោងនេះនឹងអនុវត្តនៅដើមឆ្នាំ២០២៣ ដោយការសាងសង់នឹងប្រើរយៈពេល៣ឆ្នាំ។
អគារមន្ទីរពេទ្យថ្មីនេះ មានទំហំជាង ៨.៣០០ម៉ែត្រការ៉េ កម្ពស់៥ជាន់ និងគ្រោងចំណាយថវិកាប្រមាណ១៦លានដុល្លារអាមេរិក ដែលជាការចំណាយដ៏ធំជាងគេបំផុតនៅកម្ពុជា តាំងពីប្រទេសកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកូរ៉េ។
អគារថ្មីនេះ នឹងមានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗ មានអាហារដ្ឋាន កន្លែងក្មេងលេង និងមានបង្កើតសេវាថ្មីៗសម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះ បំពង់ក ភ្នែក តម្រង់នោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះ ពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះ ទងសួត និងជំងឺអូទីសឹម ជាដើម ដោយអគារទាំងមូលអាចដាក់គ្រែបានចំនួន ១៦៩គ្រែ និងមានកន្លែងសម្រាប់បណ្តុះបណ្តាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារ មកពីតាមបណ្តាខេត្តផ្សេងៗផងដែរ។
គម្រោងនេះនឹងក្លាយជា អគារទី២ដែលរដ្ឋាភិបាលកូរ៉េ ជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិ ខណៈអគារទី១ដែលមានកម្ពស់៣ជាន់ ត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការរួចហើយដែរ។
មកដល់ពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានជួយសាងសង់អគារមន្ទីរពេទ្យនៅកម្ពុជាជាបន្តបន្ទាប់ ដោយនៅក្នុងនោះ មានអគារមណ្ឌលសុខភាព នៅខេត្តរតនគិរី និង មណ្ឌលគិរី ហើយថ្មីៗនេះ គឺទើបតែសម្ពោធអគារ ជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង ដែលមានតម្លៃ៨លានដុល្លារអាមេរិក៕