សម្តេចតេជោៈប្រាក់ចំណូលប្រជាជនកម្ពុជានឹងកើនឡើងដល់ជាង២ពាន់ដុល្លារនៅឆ្នាំ២០២៣

0

ដោយ យិន លាងគង់

ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ប្រាក់ចំណូលប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ នឹងកើនដល់ជាង២០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំនៅឆ្នាំ២០២៣ខាងមុខនេះ។

អញ្ជើញចូលរួមក្នុងទិវាគ្រូបង្រៀននាព្រឹកថ្ងៃទី៥ តុលានេះ សម្តេចតេជោបានថ្លែងថា នៅឆ្នាំ២០២៣ប្រាក់ចំណូលប្រជាជនខ្មែរម្នាក់ៗ នឹងកើនដល់ជាង២០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយសម្តេចរំពឹងថា ប្រទេសផ្តល់កម្ចីនឹងមិនដំឡើងអត្រាការប្រាក់នោះទេ បើទោះបីសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនខ្ពស់ក្តី។សម្តេចបន្តថា សុខសន្តិភាពនៅកម្ពុជាបានផ្តល់ផ្លែផ្កាច្រើនណាស់ សម្រាប់សង្គមជាតិ។

សម្តេចតេជោបានបន្តថា រាជរដ្ឋាភិបាលនឹងវិនិយោគកាន់តែច្រើនទៀត លើវិស័យអប់រំ ជាពិសេសការកសាងគុណភាពអប់រំ តាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀន និងកសាងហេដ្ឋារចនាសម្ព័ន្ឋអប់រំនានា។

តាមការព្យារណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ប្រាក់ចំណូលប្រជាជនកម្ពុជាម្នាក់ៗក្នុងមួយឆ្នាំនឹងកើនដល់១៥៦០ដុល្លារនៅឆ្នាំ២០១៨នេះ។
លោកបណ្ឌិតម៉ី កណ្យាណទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការព្យាករណ៍របស់រដ្ឋាភិបាល ពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានលក្ខណៈវិទ្យាសាស្រ្ត ហេតុនេះលោកជឿជាក់ថា កម្ពុជានឹងសម្រេចបានកំនើនប្រាក់ចំណូលដូចការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំននល្អប្រសើរ ដោយសុខភាពនៅក្នុងវិស័យស្នូលទាំង៤ បាននិងកំពុងមានការវិវត្តល្អប្រសើរ ដែលធ្វើឲ្យប្រាក់ចំណូលប្រជាពលរដ្ឋបានកើនឡើង ជាប់ជាប្រចាំក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបន្តថា សេដ្ឋវិទូនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពួកគេមានសមត្ថភាព ហើយការព្យាករណ៍របស់ពួកគេពិតជាអាចទទួលយកបាន ហេតុនេះការលើកឡើងរបស់សម្តេចពិតជាអាចក្លាយជាការពិត។លោកបន្តថា “ក្រុមសេដ្ឋវិទូនៃក្រសួងសេដ្ឋកិច្ច ខ្ញុំបានចូលរួមជ្រើសរើសដោយផ្ទាល់ ពួកគេមានវ័យក្មេងតែមានចំណេះដឹងខ្ពស់ និងមានថាមពល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here