ដោយៈ ជេស៊ីកា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកវេង សាខុនបានលើកអនុសាសន៍ចំនួន៥ ដើម្បីរួមចំណែកជាធាតុចូល ក្នុងគោលដៅប្រែក្លាយនិងអភិវឌ្ឈន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពហុបំណង។
កិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពី “ការវាយតម្លៃបឋម លើផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (តាមរយ: Zoom) ដែលកិច្ចប្រជុំនេះ ដឹកនាំលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទាក់ទងនឹងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ លោករដ្ឋមន្ត្រីវេង សាខុន បានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែង របស់ក្រុមការងារជំនាញមកពីវិទ្យាស្ថាននររូបនីយកម្ម និងឌីសាញស៊ីនចិន (ប្រទសចិន) ដែលបានរៀបចំរបាយការណ៍បឋមផែនការមេនេះបានល្អ ដែលយើងកំពុងធ្វើការពិនិត្យ និងផ្តល់មតិបន្ថែម ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ។ ក្នុងនាមក្រសួងស្បៀង ដែលជាស្ថាប័នផលិតម្ហូបអាហារផ្គត់ផ្គង់ឲ្យទីក្រុងអភិវឌ្ឍន៍មួយ មានលក្ខណ:ជាទីក្រុងទំនើប បៃតង ទេសចរណ៍ វប្បធម៌ អប់រំ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឧស្សាហកម្ម និងពាណិជ្ជកម្ម។
លោកវេង សាខុន រដ្ឋមន្ត្រីបានជូនយោបល់ ៥ ចំណុចសំខាន់ៗដល់អង្គប្រជុំដើម្បី យកទៅពិនិត្យ និងពិចារណាដាក់បញ្ជូលក្នុងផែនការមេ មានដូចជា ទី១- គួររៀបចំតំបន់កសិកម្មមួយដែលមានសក្តានុពលទាំង និងប្រភពទឹកគ្រប់គ្រាន់ ឬប្រើប្រាស់ទឹកកខ្វក់ដែលបានធ្វើពពិធកម្មរួចហើយ ដើម្បីធានាបាននូវផលិតភាព និងនិរន្តរភាពផលិតកម្មដំណាំបន្លែ និងសត្វ សម្រាប់ផ្គត់ផ្គង់ឲ្យទីក្រុង។ ទី២- គួរកំណត់ឲ្យបានច្បាស់តំបន់ ដែលមានសក្តានុពលសម្រាប់អភិវឌ្ឍន៍វិស័យវារីវប្បកម្មសមុទ្រ ក្នុងទិសដៅពីរសំខាន់គឺទី១- ធានាបរិមាណផ្គត់ផ្គង់អាហារសមុទ្រ និងធ្វើការនាំចេញ និងទី២- អភិរក្សព្រៃកោងកាងនៅទូទាំងខេត្តព្រះសីហនុ។
ទី៣- គួរបញ្ចូលផងដែរនូវផែនការរៀបចំសួនសាធារណបៃតង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ នឹងសហការដាំឈើប្រណិត និងឈើលម្អ ដែលវានឹងភ្ជាប់ទៅនឹងគម្រោងទីក្រុងបៃតងនាពេលអនាគត។ ទី៤- គួររៀបចំកំពង់កំពង់ផែ ដែលមានទុកច្រកនាំចេញកសិផល និងផលនេសាទ ដោយមានបំពាក់ឧបករណ៍ត្រជាក់សម្រាប់ស្តុករយៈពេលខ្លី។
ទី៥- គួររៀបចំសួនកសិ-ឧស្សាហកម្ម ដែលមានលក្ខណពហុបំណង និងបច្ចេកទេស (ស្តុក ប្រមូលផ្តុំ កែច្នៃ វេចខ្ចប់ បណ្តុះបណ្តាល ទីផ្សារ និងតាំងបង្ហាញផលិតផល)៕