ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើក វេទិកាធុរកិច្ចឡាងឆាងមេគង្គលើកទី៣ ដែលសហការរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងវិទ្យាស្ថានមេគង្គ ក្រោមមូលបទ “ការជំរុញកសិពាណិជ្ជកម្មនិងការវិនិយោគក្នុងវិស័យកៃច្នៃម្ហូបអាហារ”។
វេទិកាដែលបានធ្វើឡើងកាលពីថ្ងៃម្សិលម៉ិញ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីតំណាងវិស័័យសាធារណៈនិងវិស័យឯកជន របស់ប្រទេសឡាងឆាងមេគង្គ ចំនួនជាង១៥០នាក់នៅរាជធានីភ្នំពេញ និងជាង២០០នាក់ នៅតាមប្រព័ន្ធអនឡាញ។
អ្នកឧកញ៉ាគិត ម៉េងបានលើកឡើងអំពីសារៈសំខាន់ នៃការជំរុញកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសឡាងឆាង មេគង្គ ឆ្ពោះទៅកាន់វិបុលភាពរួម។ ជាតួយ៉ាង កិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន បានចូលជាធរមាននៅខែមករាឆ្នាំ២០២២ នេះ ដែលបានជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ដល់កម្រិតខ្ពស់ ក៏ដូចជា ជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាផងដែរ ព្រោះចិនជាប្រទេសនាំចូលផលិតផលកសិកម្មពីកម្ពុជា ដ៏ចម្បងជាងគេមួយ ដែល រួមមានផលិតផល៖ អង្ករ ស្វាយ និងចេកជាដើម។
ក្នុងន័យនេះ អ្នកឧកញ៉ាប្រធាន បានអញ្ជើញគណៈប្រតិភូធុរកិច្ចប្រទេសមេគង្គឡាងឆាង និងធុរជនទាំងអស់ មកបំពេញទស្សនកិច្ចនិងសិក្សាលទ្ធភាព វិនិយោគនៅកម្ពុជា ដែលមានសេដ្ឋកិច្ចរឹងមាំ មានទីផ្សារទូលំទូលាយ និងមានកាលានុវត្តភាពសម្បូរបែប៕