ដោយ៖ សុផារី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង ថា ការរុករកប្រេងក្នុងឈូងសមុទ្ររបស់កម្ពុជាបាននិងកំពុងជួបបញ្ហាមិនមានលទ្ធផល ហើយត្រូវបានគេលួចកប៉ាល់ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោបានថ្លែងថា “អារឿងបញ្ហា ការជីកប្រេងនៅឯសមុទ្រនោះ វាបង្កើតបានជាបញ្ហាហើយ ព្រោះអាជីកនោះ វាអត់ផល ថែមទាំងគេលួចអាកប៉ាល់ហ្នឹងថែមទៀត”។
តែទោះជាយ៉ាងណាក្តី កម្ពុជាបែរជាបាននិងកំពុងទទួលលទ្ធផលពីការរុករករ៉ែមាសយ៉ាងច្រើនវិញ ដោយក្នុងរយៈពេល៩ខែ កម្ពុជារុករករ៉ែមាសបានដល់ទៅចំនួន២ ២៧៥គីឡូ។
ប្រទេសកម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតំបន់ប្លុកA នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រទឹកដីកម្ពុជា ក្នុងខេត្តព្រះសីហនុ៕