ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចកំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ ដោយចង់ឱ្យមានរៀបចំស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេង ដើម្បីឆ្លើយតបសេចក្តីត្រូវការ។
សម្ដេចតេជោថ្លែងឱ្យដឹងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំកំពុងតែគិតថា ឲ្យក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ រៀបចំស្ដុកយុទ្ធសាស្រ្ដបន្ថែមទៀត ទៅលើបញ្ហាប្រេង ក្រែលោពេលណាមួយនោះ ពីមុនមកយើងផ្អែកទៅលើក្រុមហ៊ុនឯកជន ដើម្បីស្ដុកយុទ្ធសាស្រ្ដ”។
សម្តេចបន្តថា “ឥឡូវយើងនៅតែស្ដុកយុទ្ធសាស្រ្ដ ដោយពឹងពាក់លើក្រុមហ៊ុនឯកជនដដែល ក៏ប៉ុន្តែយើងត្រូវបង្កើននូវការស្ដុកទុកនូវប្រេងឥន្ធនៈ ព្រោះឧទាហរណ៍ថា ស្រាប់តែវារីអគ្គិសនីរបស់យើង ឬក៏ម៉ាស៊ីនភ្លើងដើរដោយធ្យូងថ្មរបស់យើង រត់វាមិនគ្រប់ដូចនៅឆ្នាំ២០១៨”។
សម្ដេចតេជោបានថ្លែងបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាលត្រូវគិតគូរជុំវិញការបច្ឆេះម៉ាស៊ីនភ្លើងដែលដើរដោយប្រេងឥន្ធនៈ ប្រសិនបើជូបបញ្ហាប្រឈមភ្លើងប្រើប្រាស់មិនគ្រប់ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ហើយកន្លងមករាជរដ្ឋាភិបាល ក៏បានទិញម៉ាស៊ីនភ្លើងមកដាក់នៅក្បែររាជធានីភ្នំពេញ ដែលមានកម្លាំងរហូតដល់៤០០មេហ្គាវ៉ាត់ រួចទៅហើយដែរ។
សម្ដេចតេជោលើកឡើបន្តថា “អញ្ចឹងវាមានតម្រូវការប្រេង ដើម្បីនឹងៗបច្ឆេះម៉ាស៊ីនហ្នឹងឱ្យវាដើរ។ អញ្ចឹងពីដំណាក់កាលមួយទៅដំណាក់កាលមួយ តម្រូវវាខុសគ្នា ដូចជាយុទ្ធសាស្រ្ដចតុកោណអញ្ចឹង កាលពីមុនទឹក ផ្លូវ ភ្លើង មនុស្ស ឥឡូវយើងដាក់ទៅជា មនុស្សមុន”៕