ដោយៈសុខុម
បែរឡាំង: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកំណត់ឱសានវាទត្រឹមថ្ងៃសុក្រ ទី៣១ ខែមីនា ដោយទាមទារឱ្យបរទេសដែលទិញឧស្ម័នហ្គាសរបស់រុស្ស៊ី ត្រូវទូទាត់ជារូបិយប័ណ្ណជាតិរុស្ស៊ី រ៉ូប៊ល (Rouble) បើមិនដូច្នោះទេ រុស្ស៊ី នឹងលេងធម៌ក្ដៅកាត់ផ្ដាច់ការផ្គតផ្គង់តែម្ដង។
ចំណាត់ការនេះត្រូវបានអឺរ៉ុប ច្រានចោល ហើយរដ្ឋាភិបាលក្រុងបែរឡាំង (អាល្លឺម៉ង់) បានចាត់ទុកចំណាត់ការនេះថាជា “ការគំរាមកំហែង”។ នេះបើយោងតាមសារព័ត៌មានCNA ចុះផ្សាយនៅថ្ងៃសុក្រ ទី០១ ខែមេសា នេះ។
ចំណាត់ការរបស់លោក ពូទីន តាមរយៈក្រឹត្យមួយ ដែលបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា បានធ្វើឱ្យអឺរ៉ុប ប្រឈមការបាត់បង់ការផ្គត់ផ្គង់ឧស្ម័នច្រើនជាង១ភាគ៣។ អាល្លឺម៉ង់ ដែលជាប្រទេសពឹងផ្អែកខ្លាំងបំផុតលើរុស្សី បានដាក់ដំណើរការផែនការគ្រាអាសន្នរួចទៅហើយ ដែលអាចឈានទៅដល់ការកំណត់បរិមាណហ្គាស ត្រូវប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបមួយនេះ។
ការនាំចេញថាមពលគឺជាស្នៀត ដ៏មានឥទ្ធិពលបំផុតរបស់លោក ពូទីន ខណៈលោកព្យាយាមវាយបកទណ្ឌកម្ម របស់លោកខាងលិចដែលដាក់លើធនាគាររុស្ស៊ី ក្រុមហ៊ុន ពាណិជ្ជករ និងមន្ត្រីរដ្ឋាភិបាលក្រុងមូស្គូ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។
លោក ពូទីន និយាយថា អ្នកទិញឧស្ម័ន ហ្គាសរបស់រុស្ស៊ី “ត្រូវតែបើកគណនីប្រាក់ Rouble នៅក្នុងធនាគាររុស្ស៊ី។ ការទូទាត់នឹងធ្វើឡើងចេញពីគណនីទាំងនេះ សម្រាប់ឧស្ម័នហ្គាស ដែលចែកចាយចាប់ផ្ដើមពីថ្ងៃទី០១ ខែមេសា តទៅ”។
លោកបានថ្លែងសុន្ទរកថាតាមទូរទស្សន៍ “បើគ្មានការទូទាត់បែបនេះទេ យើងនឹងចាត់ទុកថាវាជាការខកខានរបស់អ្នកទិញ ដែលនឹងជួបផលវិបាកធ្ងន់ធ្ងរ។ គ្មានអ្នកណាលក់ទំនិញ ដោយមិនគិតប្រាក់នោះទេ ហើយយើងក៏មិនធ្វើជាមនុស្សធម៌នោះដែរ។ នោះមានន័យថា កិច្ចព្រមព្រៀងដែលមានស្រាប់នឹងត្រូវបានបញ្ឈប់”៕ Reuters៕