ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន ២មានទឹកប្រាក់ជាង១០លាន

0

ដោយ៖​ សុផារី

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅ​ថ្ងៃ​ទី០១ ខែ​មេសា ឆ្នាំ​២០២២​នេះ​ បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២បន្ថែមទៀត ដែលសរុបទុនវិនិយោគចំនួន១០លានដុល្លារ និងអាចបង្កើតការងារបានជាច្រើន​កន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- MALAGA GARMENT FACTORY CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៦,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១១កន្លែង។

២- YOUNG CLOTHING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦២០កន្លែង។

អ្នកជំនាញអចលនទ្រព្យជាច្រើនលើកឡើងថា តម្រូវការទីតាំងដីធ្លីសម្រាប់បម្រើដល់វិស័យឧស្សាហកម្មនៅតែបន្តមានកំណើន នៅក្នុងឆ្នាំ២០២២នេះ បើសូម្បីតែឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅក៏តម្រូវការដីសម្រាប់បម្រើដល់វិស័យឧស្សាហកម្មនៅតែមាន ដែលបញ្ជាក់ពីការរីកលូតលាស់នៃវិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here