ដោយៈសុខុម
បាកដាដៈ ប្រទេសអ៊ីរ៉ាក់ បាននាំចេញប្រេងគិតជាប្រាក់រហូតដល់ទៅ១១,០៧ពាន់លានដុល្លារអាមេរិក កាលពីខែមុន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់រយៈពេល៥០ឆ្នាំមកនេះ ខណៈតម្លៃប្រេងឆៅបានកើនឡើងស្រឺតៗ ដោយសារភ័យខ្លាចខ្វះការផ្គត់ផ្គង់ បន្ទាប់ពីរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន។
ក្រសួងប្រេងនៃប្រទេសនេះនិយាយថា អ៊ីរ៉ាក់ ដែលជាប្រទេសផលិតប្រេងធំបំផុតទី២ នៅក្នុងអង្គការនៃបណ្ដាប្រទេសនាំចេញប្រេង (OPEC) ប្រទេសអ៊ីរ៉ាក់ បាននាំចេញប្រេងចំនួន១០០.៥៦៣.៩៩៩បារ៉ែល ក្នុងតម្លៃសរុប១១,០៧ពាន់លានដុល្លារអាមេរិក ដែលជាប្រាក់ចំណូលខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៧២”។
មន្ត្រីក្រសួងមួយរូប បានទម្លាយឱ្យដឹងក្នុងលក្ខខណ្ឌអនាមិកថា តួលេខដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃសុក្រ ទី១ ខែមេសា គឺជាទិន្នន័យបឋម ប៉ុន្តែទិន្នន័យចុងក្រោយជាទូទៅមិនប្រែប្រួលច្រើនទេ។
កាលពីខែកុម្ភៈ ប្រាក់ចំណូលពីប្រេង បានឈានដល់កម្រិតខ្ពស់មិនធ្លាប់មានរយៈពេល៨ឆ្នាំ គឺស្មើនឹង៨,៥ពាន់លានដុល្លារអាមេរិក ជាមួយនឹងការនាំចេញប្រេងប្រចាំថ្ងៃចំនួន៣,៣លានបារ៉ែល។
ផ្អែកតាទិន្នន័យផ្លូវការបង្ហាញថា ការនាំចេញប្រេងមានចំនួនគ្របដណ្ដប់រហូតដល់ទៅជាង៩០% នៃប្រាក់ចំណូលរបស់ប្រទេសអ៊ីរ៉ាក់៕ AFP៕