ដោយៈ សុផារី
សៀមរាបៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សម្ដេចកំពុងពិចារណា ចំពោះការសាកល្បងយកខេត្តមួយ ឬស្រុកមួយ ដើម្បីបញ្ឈប់លក្ខខណ្ឌពាក់ម៉ាស ដោយមើលឃើញថា ការប្រើប្រាស់ម៉ាសក៏ត្រូវចំណាយថវិកាច្រើនដែរ។
សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី0៤ ខែមេសា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំកំពុងគិតថា នៅពេលណាមួយ នឹងអាចប្រើប្រាស់វិធីសាស្ដ្របញ្ឈប់ការប្រើម៉ាស់ នៅក្នុងខេត្ដណាមួយ ឬខេត្តពីរ ដើម្បីសាកល្បង ព្រោះម៉ាស់ចំណាយច្រើន”។
បើតាមការបញ្ជាក់របស់សម្តេច បើសិនជាអនុញ្ញាតឱ្យខេត្ដណាមួយ គឺអនុញ្ញាតអាចឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តនោះ ដើរតាមសារធារណៈដោយមិនចាំបាច់ពាក់ម៉ាស់នោះទេ ប៉ុន្ដែបើចេញពីខេត្តខ្លួន ចូលទៅខេត្តផ្សេងត្រូវតែពាក់ម៉ាស់ តែបើខេត្តផ្សេងទៀតនោះ ត្រូវបានអនុញ្ញាតដែរ គឺមិនចាំបាច់ពាក់ម៉ាស់នោះទេ។
សម្ដេចតេជោហ៊ុន សែន បានថ្លែងបន្តថា “យើងគួរតែសាកល្បង ឧបមាថាយើងយកខេត្តមួយ ឧទាហរណ៍ថា ព្រះវិហារចុះ យកព្រះវិហារ យើងឲ្យដើរនៅក្នុងខេត្តហ្នឹង មិនចាំបាច់ពាក់ម៉ាសទេ”។ សម្តេចបន្តថា “ប៉ុន្តែបើចេញពីខេត្តហ្នឹង ចូលមកទឹកដីខេត្តសៀមរាប ឬឧត្ដរមានជ័យ ត្រូវតែពាក់ម៉ាស”។
ប៉ុន្តែបើសិនជាយើងលើកលែងទាំងឧត្ដរមានជ័យ ទាំងព្រះវិហារ ពេលឆ្លងមកពីព្រះវិហារ មកឧត្តរមានជ័យ មិនបាច់ពាក់ម៉ាសទេ អ្នកឧត្តរមានជ័យទៅព្រះវិហារមិនបាច់ពាក់ម៉ាសទេ ប៉ុន្តែបើឆ្លងចូលដីសៀមរាបត្រូវតែពាក់ម៉ាស”។
សម្តេចបានបន្ថែមថា ប្រទេសមួយចំនួន បានលើកលែងបម្រាម នៃការពាក់ម៉ាស់តាមទីធ្លាសាធារណៈ រួចស្រេចទៅហើយ នៅពេលដែលគេ មានអ្នកជំងឺយ៉ាងធ្ងន់នៃជំងឺកូវីដ-១៩។ គិតមកត្រឹមពេលបច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ត្រឹមជាង៣០នាក់ ហើយភាគច្រើននៅក្នុងទីក្រុងភ្នំពេញតែប៉ុណ្ណោះ៕