ដោយៈសុផារី
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដកហូត អាជ្ញាប័ណ្ណបញ្ឈប់សកម្មភាពអាជីវកម្ម ភ្នាក់ងារសេវាកម្មពន្ធដារជាស្ថាពរ របស់ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សីលូសិន ឯ.ក ចាប់ពីថ្ងៃទី០៥ ខែមេសាតទៅ។
ការឈានដកការដកហូតអាជ្ញាប័ណ្ណមួយនេះ ក្រោយពីអគ្គនាយកដ្ឋានពន្ធដារ បានធ្វើការស៊ើបអង្កេត និងបានរកឃើញថា ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សីលួស៊ិន ឯ.ក (FEDTAX BUSINESS SOLUTION CO., LTD.) មិនបានបំពេញកាតព្វកិច្ចជាភ្នាក់ងារសេវាកម្មពន្ធដារស្របតាមប្រការ១០ និងបានប្រព្រឹត្តអំពើខុសឆ្គងដូចមានចែងក្នុងប្រការ ១៥ នៃប្រកាសលេខ៤៥៥ សហវ. ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ។
បើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្រុមហ៊ុនខកខាន មិនអនុវត្តបានត្រឹមត្រូវតាមប្រកាសនេះ ល្មើសច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ ដោយមិនបានប្រកាស និងបង់ពន្ធក្រុមហ៊ុនខ្លួនឯងឱ្យបានត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ។
ក្រុមហ៊ុនខាងលើនេះក៏ផ្តល់សេវាចុះបញ្ជី និងបច្ចុប្បន្នភាពព័ត៌មានសហត្រាស និងសេវាប្រកាសពន្ធឱ្យអតិថិជន ដោយពុំមានវិជ្ជាជីវៈ និងសុចរិតភាព និងមិនបានចូលរួមចំណែកទប់ស្កាត់ បទល្មើសកេងបន្លំប្រាក់ពន្ធតាមរយៈការផ្តល់ព័ត៌មាន ជូនរដ្ឋបាលសារពើពន្ធ អំពីសកម្មភាពគេចវេសពន្ធ។
តាមរយៈការសម្រេចដកហូតអាជ្ញាប័ណ្ណ បញ្ឈប់សកម្មភាពអាជីវកម្មជាស្ថាពរនេះ ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេសសីលូសិន ឯ.ក ពុំមាននីតិស ម្បទាជាភ្នាក់ងារសេវាកម្មពន្ធដារ និងមិនអាចបន្តប្រកបអាជីវកម្មជាភ្នាក់ងារសេវាកម្មពន្ធដារ៕