ដោយ៖ សុផារី
ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូង បានផ្តល់ឥណទានសម្បទានជាង៦៦លានដុល្លារអាមេរិក ដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយប្រតិភូនៃក្រុមហ៊ុនកូរ៉េ ដែលពិនិត្យលើសាងសង់អគារសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនេះ។
លោកស្រីរដ្ឋលេខាធិការ បញ្ជាក់ថា គម្រោងនេះ គម្រោងសាងសង់អាចចាប់ផ្តើមដំណើរ ក្នុងដើមឆ្នាំ២០២៣ ដោយប្រើរយៈពេលជាង៤០ខែ ដែលនឹងធ្វើឱ្យកម្ពុជានឹងមានមន្ទីរពេទ្យទំនើបមួយទៀត នៅក្នុងខណ្ឌសែនសុខ។
គម្រោងនេះជាកម្ចីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលមានការប្រាក់ទាប ដែលនឹងត្រូវចំណាយថវិកាប្រហែលជាង៦៦លាន៥០ម៉ឺនដុល្លាអាមេរិក សាងសង់លើផ្ទៃដីជាង២ហិកតា មានកម្ពស់៨ជាន់ មានគ្រែសម្រាប់អ្នកជំងឺសម្រាក២០០គ្រែនឹងអាចពង្រីករហូតដល់៤០០គ្រែ ដែលហៅថាមន្ទីរពេទ្យសាកលវិទ្យាល័យ គឺទទួលអ្នកជំងឺចូលព្យាបាលផង និងទទួលនិស្សិតចូលរៀនផង។
លោកស្រី យក់ សម្បត្តិ បានបន្ដថា អគារមន្ទីរពេទ្យនេះ ជាសាខានៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ហើយនៅពេលដែលសាងសង់រួច និស្សិតនឹងមានឱកាសទៅសិក្សារៀនសូត្រ ហើយក៏អាចបញ្ចេញបទពិសោធន៍របស់ខ្លួននៅទីនោះដែរ ដោយសារសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅភ្នំពេញ មាននិស្សិតច្រើនកំពុងសិក្សារៀនសូត្រ។
លោកស្រី បន្តថា នៅពេលមន្ទីរពេទ្យថ្មីមួយនេះ ស្ថាបនារួច វាការផ្តល់ឱកាសដល់និស្សិតដែលសិក្សានៅទីនោះ ក៏ដូចជានិស្សិតផ្សេងៗ និងនិស្សិតបរទេសដែលមានបំណងចង់សិក្សានៅទីនោះ ដកស្រង់បទពិសោធន៏ផ្ទាល់ខ្លួនបាន៕