ប្រទេសអឺរ៉ុបមួយចំនួនចាញ់គំរាម បង្ខំចិត្តប្រើរូបិយប័ណ្ណ Rouble ដើម្បីទិញឧស្ម័នពីរុស្ស៊ី

0

ដោយ៖ សុខុម

អន្តរជាតិ: សហភាពអឺរ៉ុប បានរួបរួមសាមគ្គីគ្នាដោយប្ដេជ្ញាឈប់ទិញឧស្ម័នរុស្ស៊ី ក្នុងវិធានការដាក់ទណ្ឌកម្មលើរុស្ស៊ី ក្រោយរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន។ ជាការឆ្លើយតប បុរសខ្លាំងរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានគំរាមកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នហ្គាសដល់ប្រទេសអឺរ៉ុបណា ដែលមិនព្រមទូទាត់ថ្លៃឧស្ម័នហ្គាសរបស់ខ្លួនជារូបិយប័ណ្ណរុស្ស៊ី Rouble ចាប់ពីថ្ងៃទី០១ ខែមេសាតទៅ។

រហូតមកទល់ពេលនេះ តើប្រទេសអឺរ៉ុប ណាខ្លះហើយដែលចាញ់គំរាមរុស្ស៊ី ដោយបង្ខំចិត្តប្រើរូបិយប័ណ្ណ Rouble ដើម្បីទិញឧស្ម័នរុស្ស៊ី?

ជាក់ស្ដែង អឺរ៉ុបពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នហ្គាសរបស់រុស្ស៊ី រហូតដល់ទៅ៤០% នៃតម្រូវការសរុបសម្រាប់ចម្អិនអាហារបរិភោគ និងជាពិសេសសម្រាប់ដុតកម្ដៅក្នុងផ្ទះក្នុងរដូវរងា។ បើរុស្ស៊ីកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នហ្គាសដូចការគំរាមមែន រុស្ស៊ី នឹងខាតបង់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច ខណៈខ្លួនកំពុងទទួលរងទណ្ឌកម្មជុំទិសទៅហើយនោះ។ ប៉ុន្តែអឺរ៉ុប នឹងខ្វះឧស្ម័នហ្គាសប្រើប្រាស់សម្រាប់ចម្អិនអាហារបរិភោគ ឬអាចនឹងត្រជាក់ដល់ស្លាប់ បើគ្មានឧស្ម័នហ្គាសសម្រាប់ដុតកម្ដៅក្នុងផ្ទះ។

ដោយសារគ្មានជម្រើស ប្រទេសហុងគ្រី បាននិយាយកាលពីថ្ងៃទី៦ ខែមេសាថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បីទិញឧស្ម័នរុស្ស៊ី ដោយប្រើរូបិយប័ណ្ណរុស្ស៊ី Rouble។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសានេះ។

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានថ្លែងក្នុងសន្និសីទកាសែតដើម្បីឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាន Rueters ថា ប្រទេសហុងគ្រីនឹងទូទាត់ថ្លៃឧស្ម័នរុស្ស៊ីជារូបិយប័ណ្ណ Roulbe ប្រសិនបើរុស្ស៊ីទាមទារ។

ទន្ទឹមនេះ ប្រទេសស្លូវ៉ាគីក៏គ្មានជម្រើសដូចគ្នាដែរ ដោយសារស្លូវ៉ាគីមិនអាចឈប់នាំចូលឧស្ម័នរុស្ស៊ី។ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Richard Sulík បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថា ប្រទេសរបស់លោកនឹងត្រូវទូទាត់ថ្លៃឧស្ម័នរុស្ស៊ីជារូបិយប័ណ្ណ Rouble ប្រសិនបើចាំបាច់។ នេះបើយោងតាមសារព័ត៌មាន Euractiv ចុះផ្សាយកាលពីថ្ងៃទី៤ ខែមេសា៕

LEAVE A REPLY

Please enter your comment!
Please enter your name here