ទីបំផុតយានរ៉ុក្កែតរបស់ Elon Musk ដែលដឹកទេសចរទៅលេងស្ថានីយអវកាស ISS ចេញដំណើរហើយ

0

ដោយ សុខុម

ញូវយ៉ក: នៅទីបំផុតយានរ៉ុក្កែតក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋី Elon Musk ដែលដឹកអតិថិជនបង់ប្រាក់ចំនួន៣នាក់ និងអតីតអវកាសយានិកអង្គការ NASA ម្នាក់ទៅលេងស្ថានីយអវកាសអន្តរជាតិ (International Space Station) ហៅកាត់ ISS បានចេញដំណើរហើយ។

យានរ៉ុក្កែតនេះត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy Space Center ស្ថិតក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃសុក្រ ទី៨ ខែមេសា សម្រាប់ដំណើរកម្សាន្តរយៈពេល១០ថ្ងៃទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។

ដំណើរកម្សាន្តដ៏អស្ចារ្យដែលមនុស្សស្ទើរមួយផែនដីគ្មានសំណាងបានទៅលេងនេះ ត្រូវបានសម្របសម្រួលដោយក្រុមហ៊ុនទើបបើកថ្មីមួយឈ្មោះ Axiom Space មានមូលដ្ឋាននៅទីក្រុង Houston រដ្ឋតិចសាស សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះជាអ្នកស្វែងរកភ្ញៀវកក់កៅអីជិះយានរ៉ុក្កែតនេះ និងផ្តល់រាល់ការបណ្តុះបណ្តាលដែលចាំបាច់មុននឹងចេញដំណើរ ព្រមទាំងសម្របសម្រួលការហោះហើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS សម្រាប់ភ្ញៀវមហាសេដ្ឋីនេះ។

ដំណើរកម្សាន្តទៅកាន់អវកាសនេះគឺស្របតាមគោលដៅរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងវិស័យឯកជននៅក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនៅលើស្ថានីយអវកាសអន្តរជាតិ ISS និងលើសពីនេះ។

នៅលើយានរ៉ុក្កែតដែលមានឈ្មោះថា AX-1 នេះមានមនុស្សជិះចំនួន៤នាក់ ដោយលោក Michael Lopez-Alegría ដែលជាបុគ្គលិកក្រុមហ៊ុន Axiom Space និងជាអតីតអវកាសយានិកអង្គការ NASA ជាអ្នកបញ្ជាយានរ៉ុក្កែតនេះ ចំណែកឯអ្នកភ្ញៀវ៣នាក់ទៀតមានដូចជាពាណិជ្ជករជនជាតិអ៊ីស្រាអែល លោក Eytan Stibbe វិនិយោគិនជនជាតិកាណាដា លោក Mark Pathy និងមហាសេដ្ឋីអចលនទ្រព្យនៅរដ្ឋ Ohio សហរដ្ឋអាមេរិក លោក Larry Connor។

*តើដំណើរកម្សាន្តទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS នេះត្រូវចំណាយប៉ុន្មាន?

ក្រុមហ៊ុន Axiom Space ធ្លាប់បានបង្ហើបថា តម្លៃមួយកៅអីសម្រាប់ដំណើរកម្សាន្តរយៈពេល១០ថ្ងៃទៅកាន់ស្ថានីយអវកាសន្តរជាតិ ISS គឺមានតម្លៃរហូតដល់ទៅ៥៥លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here