ដំណឹងល្អ៖ រដ្ឋាភិបាលដាក់ខេត្តចំនួន៤ ជាខេត្តមិនតម្រូវឱ្យប្រជាជនពាក់ម៉ាសទៀតឡើយ

0

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចដាក់ខេត្តចំនួន៤ មិនតម្រូវឱ្យពាក់ម៉ាសទៀតនោះទេ ដើម្បីសាកល្បងភាពធន និងភាពស៊ាំក្នុងសហគមន៍ ដែលកម្ពុជាបានអនុវត្តន៍ដ៏ជោគជ័យក្នុង រយៈពេលកន្លងទៅ។

ខេត្តទាំង៤នោះ រួមមាន រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ។ បើទោះបីជាយ៉ាងណា ក៏រាជរដ្ឋាភិបាល ទុកឱ្យប្រជាពលរដ្ឋសម្រេចចិត្តខ្លួនឯងក្នុងការពាក់ ឬមិនពាក់។

-->

ក្នុងសារសំឡេងផ្ញើជូនជនរួមជាតិ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីមានការពិភាក្សាយ៉ាងល្អិតល្អន់ ជាមួយថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធ ដោយប្រជាពលរដ្ឋ ដែលចូលទៅក្នុងខេត្តនេះ ក៏មិនតម្រូវឱ្យអនុវត្តន៍ កាតព្វកិច្ចពាក់ម៉ាសនោះដែរ តែការសម្រេចពាក់ ឬមិនពាក់អាស្រ័យលើខ្លួនឯង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា “បងប្អូននៅក្នុងខេត្តទាំង៤នោះ ជ្រើសរើសដោយខ្លួនឯង ពាក់ម៉ាស ឬមិនពាក់ម៉ាស? បងប្អូនដែលទៅពីក្រៅ ទៅទស្សនកិច្ចនៅក្នុងខេត្តទាំង៤នោះ ជ្រើ​សរើសដោយខ្លួនឯងពាក់ម៉ាស ឬមិនពាក់ម៉ាស? គឺទុកសិទ្ធិសម្រេចឱ្យបុគ្គល ជាអ្នកសម្រេច”។ សម្តេចបន្តថា “ប៉ុន្តែក្រោយចាកចេញពីខេត្តទាំង៤នេះ គឺត្រូវតែពាក់ម៉ាសជាកាតព្វកិច្ច ដោយស្ថិតនៅក្នុងវិធានការសុខាភិបាល ៣កុំ និង៣ការពារ”។

សម្តេចតេជោ បានបានមានប្រសាសន៍បន្តថា “យើងសាកល្បងនេះ មិនមែនយកជីវិតប្រជាពលរដ្ឋទៅសាកល្បងទេ ក៏ប៉ុន្តែយើងចង់ដឹងអំពីភាពធន ភាពស៊ាំសហគមន៍របស់យើងទាំងទីក្រុង និងជនបទ។ ខេត្តដែលយើងដាក់ឱ្យអនុវត្តន៍នេះ ជាខេត្តដែលគ្មានការឆ្លង ហើយបើមាន គឺមានតិចតួចក្នុងរយៈកាលកន្លងមកនេះ”។

យ៉ាងណាក្តី បើទោះបីជាមានការសម្រេច មិនអនុវត្តន៍កាតព្វ​កិច្ចពាក់ម៉ាសនៅក្នុងខេត្តទាំង៤នោះ សម្តេចតេជោនៅតែបន្តណែ​នាំឱ្យប្រជាពលរដ្ឋ ដែលចាកចេញពីខេត្តទាំង៤នោះ ត្រូវតែអនុវត្តន៍ខ្ជាប់ខ្ជួននូវកាតព្វកិច្ចពាក់ម៉ាស ដើម្បីឱ្យលទ្ធភាពនៃការនាំមេរោគចេញពីខេត្តទាំង៤នេះ ចូលទៅកាន់ខេត្តផ្សេងមានកម្រិតតិចតួច៕