តើ​វេទិកា​ជំនួប​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន នៅ​កោះ​បាលី​និយាយ​ពី​បញ្ហា​អ្វីខ្លះ?

0

នៅ​រសៀល​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នៃ​ជំនួប​កំពូល​របស់​ថ្នាក់ដឹកនាំ​អាស៊ាន, មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ក្រោម​ប្រធានបទ «ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​តាមរយៈ​សក​ម្ម​ភាព​សហប្រតិបត្តិកា​រ​តំបន់ និង​សកល» ដែល​ជំនួប​កំពូល​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី។

នៅក្នុង​ជំនួប​ប្រជុំ​នេះ ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​បាន​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ​ទាក់ទង​ទៅនឹង​ប្រធានបទ​ខាងលើ  ហើយ​ក្នុងនោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ចូលរួម​ចែករំលែក​នូវ​ទស្សនវិស័យ​ដែលមាន​សារៈសំខាន់​ចំពោះ​អនាគត​ប្រទេស​យើងទាំងអស់គ្នា ជាពិសេស​សម្រាប់​សហគម​ន៍​អាស៊ាន​ទាំ​មូល។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា អាស៊ាន​គឺជា​តំបន់​មួយ​ដែលមាន​ការរីកចំរើន​ឆាប់រហ័ស​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដែលជា​សេដ្ឋកិច្ច​ធំ​បំផុត​ទី៦លើ​ពិភពលោក ជាមួយនឹង​ប្រជាជន​ប្រមាណ​ជា ៦៤០លាន​នាក់ និង​ជា​កម្លាំង​ដ៏​សំខាន់​មួយ​សម្រាប់​ពាណិជ្ជកម្ម និង​កំណើន​ពិភពលោក។ ទស្សនៈវិស័យ​អនាគត​អាស៊ាន​មាន​ភាពល្អប្រសើរ​ដោយ​យើង​បានកំណត់​ថា​នឹង​សម្រេច​ឲ្យ​បាន​កំណើន​លើសពី៥%ក្នុងឆ្នាំនេះ នឹង​លើសពី៥%នៅ​ឆ្នាំក្រោយ និង​ក្នុង​រយៈពេល​មធ្យ​មខាង​មុខ។

ជាការ​ពិត​នៅ​ក្នុងនេះ​ក៏មាន​ប្រទេស​មួយចំនួន​សម្រេចបាន​នូវ​កំណើន​ខ្ពស់​លើស​កំរិត​មធ្យម​ដែល​រួមបញ្ចូល​ប្រទេស​កម្ពុជា​ផង​ដែល​កំពុងមាន​កំណើន​លើសពី ៧ %ក្នុង​មួយឆ្នាំ។ ទន្ទឹមនឹងនេះ អាស៊ាន​សម្រេចបាន​នូវ​វឌ្ឍនភាព​ប្រកបដោយ​លទ្ធផល​ផ្នែក​សង្គម ជាពិសេស​លើ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស និង​ការកាត់បន្ថយ​ភាពក្រីក្រ​ក៏ដូចជា​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​វិធានការសំខាន់ៗនៃ​ការអភិវឌ្ឍ​មនុស្ស សំដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​មុនគេ​ផងដែរ។

បច្ចុប្បន្ន​សាកលលោក​កំពុង​វិ​វ​ឌ្ឍ​ទៅរក​ក្របខ័ណ្ឌ​ពហុ​ប៉ូល​ថ្មី ការ​បម្រែបម្រួល​កម្លាំង និង​តុល្យភាព​ព្រមទាំង​កំពុង​ប្រឈម​នឹង​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ភូមិសាស្ត្រ​នយោបាយ  ភេរវកម្ម និង​អំពើហិង្សា​ក្នុង​តំបន់ និង​សកលលោក ក៏ដូចជា​ការប្រែប្រួល​អាកាសធាតុ និង​ភាពមិនប្រាកដប្រជា​ក្នុង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភពលោក​ដោយសារតែ​នយោបាយ​គាំពារ​និយម  សង្គ្រាម​ពាណិជ្ជកម្ម  ការរំលោភ​លើ​ប្រព័ន្ធ​ពហុភាគី​និយម  និង​ភាព​ងាយ​រងគ្រោះ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​សកល​និង​តំបន់។

ជាងនេះទៅទៀត​អាស៊ាន​ក៏​ប្រឈម​នឹង​បញ្ហា​ជាក់ស្ដែង​របស់ខ្លួន​មួយចំនួន​ផងដែរ ដូចជា​កំណើន​នៃ​ភាព​ចាស់ជរា និង​ការថយចុះ​កម្លាំង​ពលកម្ម  គម្លាត​ជំនាញ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម 4.0 គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​សមាជិក និង​ការបែងចែក​ផ្លែផ្កា​កំណើន​ប្រកបដោយ​សមធម៌ ព្រមទាំង​បញ្ហា​និរន្ត​ភាព​នៃ​ការប្រើប្រាស់​ធនធានធម្មជាតិ។ ក្នុង​បរិការណ៍​នេះ អាស៊ាន​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​ដៃគូ​ដែលមាន​ស្រាប់ ស្ដារឡើងវិញ​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​បន្តធ្វើ​សមាហរណកម្ម​លើ​ការតភ្ជាប់​លើ​គ្រប់​វិស័យ​ដើម្បី​ពង្រឹង​ភាព​ធន់​របស់​អាស៊ាន​ទៅនឹង​ការវិវត្តន៍​ស្ថានភាព​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ដូច្នេះ​យើង​ត្រូវ​ធានា​ឱ្យបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គាំពារ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា ជាង​ពីរ​ទសវត្សរ៍​មកនេះ​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជា​មធ្យម ៧.៧% ក្នុង​មួយឆ្នាំ  ជាមួយនឹង​ការធានាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ ជាពិសេស​កម្ពុជា​ត្រូវបាន​ទទួលស្គាល់ថា​ជា​ប្រទេស​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ឯក​ទ​គ្គៈ ពាក់កណ្តាល​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក។ កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ​បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​កាលពីពេលថ្មីៗកន្លងទៅនេះ  ហើយ​មូលដ្ឋាន​កំណើន​កាន់តែ​មានជីវិត​កាន់​ច្រើនឡើង ភាពក្រីក្រ​ក៏​ត្រូវបាន​កាត់បន្ថយ​ម​ក​ត្រឹម១០%ភាគរយ និង​គម្លាត​ចំណូល​ក្នុងចំណោម​ប្រជាជន​ត្រូវបាន​រក្សា​ក្នុង​កម្រិត​ទាប​តាមរយៈ​បែងចែក​ផល​នៃ​កំណើន​ដល់​គ្រប់​ស្រទាប់​ប្រជាជន។  ជាងនេះទៅទៀត​កម្ពុជា​ក៏​សម្រេចបាន​មុន​កាលកំណត់​នូវ​គោលដៅ​សូចនាករ​ផ្នែក​សង្គមសំខាន់ៗទាំង​ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល។

ផ្នែក​លើ​សមិទ្ធផល​ដែល​សម្រេចបាន​កន្លងមក គឺ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី៦បានដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤សំដៅ​ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា​របស់​ប្រជាជន​ជា​ម្ចាស់ឆ្នោត ក៏ដូចជា​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​បន្ថែម​សម្រាប់​ធានា​នាំ​ឲ្យ​កម្ពុជា​ឈាន​ឆ្ពោះទៅរក​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ខាងមុខ។ ក្នុង​គោលដៅ​នេះ  កម្ពុជា​បាន​នឹង​កំពុង​យកចិត្តទុកដាក់​បង្កើត​ឱកាស​ការងារ​សម្រាប់​យុវជន លើកកម្ពស់​ការទទួល​បាន​សេវាសាធារណៈសំខាន់ៗប្រកបដោយ​គុណភាព​រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត, សេវា​អប់រំ,  សេវា​សុខភាព  និង​សេវា​មូលដ្ឋាន​ចាំបាច់ផ្សេៗ  ពិសេស​ធានា​តុល្យភាព​និង​កាត់បន្ថយ​គម្លាត​រវាង​ទីក្រុង​និង​ជនបទ, បន្ត​ខិតខំ​ប្រឹងប្រែង  និង​ពង្រីក​ការតភ្ជាប់​ទាំង​ផ្នែក​ទន់ និង​រឹង​ព្រមទាំង​ព​ន្លឿ​នស​មា​រណកម្ម​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស, ក្នុង​តំបន់  និង​សកលលោក។

នៅក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ផ្ដល់​អទិភាព​ខ្ពស់​ទៅលើ​ការកែទម្រង់​ដើម្បី​ជំរុញ​កំណើន ប្រកបដោយ​បរិ​យា​ប័ន្ន​ទី១ តាមរយៈ​កា​រព​ន្លឿ​ន​កែទម្រង់​រចនាសម្ព័ន្ធ​ចាំបាច់​នានា​ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង និង​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​រួមមាន​ការកាត់បន្ថយ​ចំណាយ​ថាមពល​ការលើកកម្ពស់​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន និង​ការដោះស្រាយ​គម្លាត​ជំនាញ​តាមរយៈ​ការកែលម្អ​គុណភាព​អប់រំ និង​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដោយ​បង្កើន​ការវិនិយោគ​លើ​យុវជន​ដើម្បី​ចាប់យក​ឱកាស​ពី​ឧត្តមភាព​ប្រជាសាស្ត្រ និង​រក្សាបាន​កម្លាំង​ពលកម្ម​ធៀប​នឹង​ប្រជាជន​ទូទៅ​ក្នុង​កម្រិត៦៧% ដល់​ឆ្នាំ ២០៣០ និង​ទី២ តាមរយៈ​ជំរុញ​គោលនយោបាយ​សារពើពន្ធ​ដើម្បី​គាំទ្រ​បរិ​យា​ប័ន្ន​ឲ្យ​កាន់តែ​ប្រសើរ ដោយ​ផ្លាស់ប្ដូរ​ទៅរក​ប្រភព​អ្នកមាន​ចំណូល​កាន់តែ​ខ្ពស់​ស្របគ្នា​ទៅនឹង​រក្សាបាន​នូវ​លំអរ​ថវិកា​ដើម្បី​បង្កើន​ចំណាយ​ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ, វិស័យ​សុខភាព និង​វិស័យ​អប់រំ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា ដើម្បី​ចាប់យក​សក្តានុពល​ពី​ការកើនឡើង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ យើង​កំពុងតែ​គិតគូរ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​បន្ថែម ព្រមទាំង​បង្កើន​ផ្នែក​ហិរញ្ញវត្ថុ​ដែល​នឹង​ជួយ​ពង្រឹង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ខណ្ឌ​កម្ពុជា​បាន និង​កំពុង​ជំរុញ​នូវ​គោលដៅ​អភិវឌ្ឍន៍​សកល មកជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​កម្ពុជា ដែល​គ្រោង​នឹង​អនុម័ត​នៅ​ដំណាច់ឆ្នាំ២០១៨នេះ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា លើសពីនេះទៅទៀត យើង​នឹង​កែលម្អ​ថែមទៀត​នូវ​បរិយាកាស​ធុរកិច្ច​តាមរយៈ​ការអនុវត្ត​វិធានការ​មុត​ស្រួច​សំដៅ​សម្រួល​ពាណិជ្ជកម្ម កាត់បន្ថយ​ថ្លៃដើម​នៃ​ការធ្វើ​ធុរកិច្ច​សម្រួលការ​បង្កើត និង​ធ្វើ​ធុរកិច្ច ព្រមទាំង​បង្កើន​ការវិនិយោគ និង​ឥណទាន​លើ​ការអភិវឌ្ឍន៍ និង​ស្រាវជ្រាវ​ដើម្បី​គាំទ្រ​ដល់​ការបង្កើត​ការងារ​និង​ជំរុញ​កំណើន​អាជីវកម្ម​ធុន​តូច និង​មធ្យម​ក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here