រុស្ស៊ី គំរាមប្ដឹងលោកខាងលិច បើបង្ខំឱ្យខ្លួនឈានដល់ដំណាក់កាល ខកខានសងបំណុល

0

ដោយៈសុខុម

អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោកAnton Siluanov បានប្រាប់កាសែតគាំទ្រវិមានក្រឹមឡាំង Izvestia នៅថ្ងៃច័ន្ទ ទី១១ ខែមេសា នេះថា រុស្ស៊ី នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើលោកខាងលិច ព្យាយាមបង្ខំឱ្យខ្លួនទាល់ច្រក រហូតឈានដល់ដំណាក់កាលខកខានសងបំណុលសាធារណៈរបស់ខ្លួនតាមពេលវេលាកំណត់។

លោក Anton Siluanov បានប្រាប់កាសែតខាងលើក្នុងបទសម្ភាសន៍ថា “ប្រាកដណាស់ យើងនឹងប្តឹង ពីព្រោះយើងបានចាត់រាល់វិធានការចាំបាច់ ដើម្បីធានាថាបណ្ដាវិនិយោគ ទទួលបានការទូទាត់នូវប្រាក់ដែលពួកគេត្រូវទទួលបាន”។

លោកបានបន្ថែមទៀតថា “យើងនឹងប្ដឹងឡើងតុលាការ ហើយបង្ហាញនូវវិក្កយបត្ររបស់យើង ដែលបញ្ជាក់ថាយើងបានខិតខំប្រឹងប្រែងទូទាត់សងបំណុលទាំងជារូបិយប័ណ្ណបរទេសផង និងជារូបិយប័ណ្ណRoubleផង។ លោកបន្តថា “ដំណើរការនីតិវិធីនេះនឹងមិនងាយស្រួលឡើយ ប៉ុន្តែយើងត្រូវបញ្ជាក់យ៉ាងសកម្មនូវករណីរបស់យើង ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ”។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ មិនបានបញ្ជាក់លម្អិតទេថា តើប្រទេសរុស្ស៊ី នឹងជ្រើសរើសយកផ្លូវច្បាប់បែបណា និងទៅប្ដឹងនៅស្ថាប័នអន្តរជាតិ ឬតុលាការណាឡើយ។

ប្រទេសរុស្សី ប្រឈមការខកខានសងបំណុល សញ្ញាប័ណ្ណអន្តរជាតិជាលើកដំបូងរបស់ខ្លួន មិនធ្លាប់មានចាប់តាំងពីបដិវត្តន៍របស់រុស្ស៊ី ក្នុងឆ្នាំ១៩១៧ ក្រោយពីខ្លួនបានរៀបចំសងបំណុល សញ្ញាប័ណុ្ណអន្តរជាតិជាប្រាក់រូបិយប័ណ្ណរុស្ស៊ី Rouble នៅដើមសប្តាហ៍នេះ បើទោះបីជាការទូទាត់នោះដល់កំណត់ត្រូវទូទាត់សងជាប្រាក់ដុល្លារអាមេរិក ក្ដី។

កាលពីសប្តាហ៍មុន លោក Anton Siluanov បានលើកឡើងថា ប្រទេសរុស្ស៊ី នឹងធ្វើអ្វីគ្រប់យ៉ាងតាម ដែលអាចធ្វើទៅបានដើម្បីឱ្យប្រាកដថា ម្ចាស់បំណុលរបស់ខ្លួនទទួលបាន ការទូទាត់សងគ្រប់    គ្នា។

លោក Anton Siluanov បានបញ្ជាក់ថា បំណុលក្រៅប្រទេសរបស់រុស្ស៊ី មានចំនួនប្រមាណ២០ភាគរយ នៃបំណុលសាធារណៈសរុបប្រមាណ២៦១,៧ពាន់លានដុល្លារ។ ក្នុងនោះ បំណុលក្នុងប្រទេសមានប្រមាណ៥៨ពាន់លានដុល្លារ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here