សម្តេចតេជោស្នើឥណ្ឌាពង្រឹងទំនាក់ទំនងបន្ថែមលើគ្រប់វិស័យធំៗចំនួន៥

0

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់លើវត្តមានរបស់ឥណ្ឌា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ ហើយសម្តេចក៏បានស្នើពង្រឹងទំនាក់ទំនងបន្ថែម ពាក់ព័ន្ធពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យាព័ត៌មាន ការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ និងការតភ្ជាប់ជើងហោះហើរត្រង់ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។

សម្ដេចតេជានាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងពិធីប្រគល់និងទទួលអំណោយកសាំងកូវីដ-១៩ ពីប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ។

សម្តេចតេជោបានសម្តែងនូវអំណរគុណ ដល់សាធារណរដ្ឋឥណ្ឌ ដែលជាមិត្តយល់ចិត្តថ្លើមរបស់កម្ពុជា។ វត្តមានរបស់ឥណ្ឌា តាំងពីឆ្នាំ១៩៨១ ក្រោយការបិទបញ្ចប់របបខ្មែរក្រហម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈជំនួយមនុស្សធម៌ ការជួយគាំទ្រវិស័យពាណិជ្ជកម្ម និងវប្បធម៌ និង ការផ្តល់កម្ចីហិរញ្ញប្បទាន ជាដើម ទាំងក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគី ។

សម្តេចបានលើកឡើងថា ជាលទ្ធផល ទំនាក់ទំនងសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាង កម្ពុជា-ឥណ្ឌា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការថមថយបន្តិចបន្តួច ក្នុងអំឡុងពេលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

ក្នុងបរិការណ៍ដែលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយ និងជារួមដោយយើងបានគ្រប់គ្រង់ ស្ថានការណ៍នៃការឆ្លងរាលដាលបានយ៉ាងល្អប្រសើរ សម្តេចក៏ស្នើលើកទឹកចិត្ត ឱ្យមានការពង្រឹងចំណងមិត្តភាព ការជំរុញកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងសមាជិកនៃគំនិតផ្តួចផ្តើម ចតុភាគី ជាពិសេសរវាងកម្ពុជា-ឥណ្ឌា ពាក់ព័ន្ធពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យាព័ត៌មាន ការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ និងការតភ្ជាប់ជើងហោះហើរត្រង់ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here