ដោយៈគង់ សូរិយា
ភ្នំពេញៈ លោកបណ្ឌិតហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ បានថ្លែងថា អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាពដែលធ្វើឱ្យយើងមានឱកាសបម្រើប្រជាពលរដ្ឋ។
ការថ្លែងបែបនេះ របស់លោកបណ្ឌិតហ៊ុន ម៉ាណែត បានក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងធនាគារវីង (ខេមបូឌា) ម.ក ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមដល់បុព្វហេតុដ៏ថ្លៃថ្លារបស់សមាគម ក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ។
អនុស្សរណៈនេះត្រូវចុះហត្ថលេខា ដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង ដោយមានវត្តមានរបស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។
តាមរយៈអនុស្សរណៈនេះ អ្នកឧកញ៉ាគិត ម៉េង លោកស្រី ម៉ៅ ចំណាន និងក្រុមគ្រួសារ នឹងបរិច្ចាគថវិកាចំនួន ១០០,០០០ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ តាមរយៈធនាគារ វីង ដើម្បីគាំទ្រដល់ការងារមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបក៏ដូចជាធនាគារវីង បានជួយលើការងារមនុស្សធម៌ជាច្រើន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសម្ដេចតេ ជោ ហ៊ុន សែន នៅក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗជាច្រើនទៀត។ សម្រាប់ទិសដៅទៅមុខទៀត ក្រុមហ៊ុន នឹងជំរុញការងារមនុស្សធម៌ ជាមួយនឹងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការភ្នាក់ងារ wing ទូទាំងប្រទេសដែលមានសាខាចំនួនជាង១ម៉ឺនសាខាបានចូលរួមចំណែក នៅក្នុងសកម្មភាពមនុស្សធម៌នេះផងដែរ។
អ្នកឧកញ៉ាបានបន្ដថា “យើងពិតជាមានសំណាងណាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសា ស្ត្រជាច្រើនដើម្បីអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យទាំងវិស័យសុខាភិបាលពាណិជ្ជកម្មជាដើម”។
អ្នកឧកញ៉ាបានបង្ហាញមោទនភាព និងកោតសរសើរចំពោះសកម្មភាពរបស់សមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលក្នុងរយៈពេលកន្លងមកនេះ ជាពិសេសរយ:ពេល២ឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំ ក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តទាំងអស់នៃសមាគម TYDA បានលះបង់គ្រប់បែបយ៉ាង ខិតខំបម្រើប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការរៀបចំមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ការយកសំណាក ការព្យាបាលអ្នកជំងឺ១៩ ការចាក់វ៉ាក់សាំង និងការងារជាច្រើនទៀតផងដែរ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា នេះគឺជាលើកទីមួយនៃការចុះអនុស្សរណៈអនុស្សរណៈយោគយល់ (MOU) គឺជាពេលវេលាដែលល្អដែលយើងបានធូរស្រាលពីជំងឺកូវីដ១៩ អាចធ្វើឱ្យយើងមានឱកាសពេលវេលារីករាយ ដើម្បីធ្វើការងារមនុស្សធម៌ និងការជួបជុំគ្នាដោយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោគ (TYDA) គឺមានគោលការណ៍៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋដូចជា ទី១ ការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ តាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។
ទី២ ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដើម្បីបុព្វហេតុសង្គម តាមរយៈការចុះពិនិត្យនិងព្យាបាល ជូនប្រជាពលរដ្ឋដែលគិតថ្លៃនៅទូទាំងប្រទេស និងទី៣ ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែរីកចម្រើន ក្នុងការយកជំនាញ បច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
លោកបណ្ឌិតហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាព ដែលធ្វើឱ្យយើងមានឱកាសបម្រើប្រជាពលរដ្ឋ។ ជាលទ្ធផល គិតដល់ថ្ងៃនេះសមាគមបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ ទូទាំងប្រទេសបានចំនួន ៣៣៦,៣៥៣នាក់ អ្នកជំងឺធ្ងន់ចំនួន៦,១៥៣នាក់ ត្រូវបញ្ជួនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូរសហការនានា នៅក្នុងនោះផងដែរ និងមានអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៥៦នាក់ ត្រូវបានព្យាបាលដោយឥតគិតថ្លៃ៕