ក្រុមហ៊ុនLGចុះកិច្ចព្រមព្រៀងតម្លៃ៩ពាន់លានដុល្លារជាមួយឥណ្ឌូនេស៊ី សម្រាប់គម្រោងផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី

0

ដោយៈសុខុម

សេអ៊ូល: សម្ព័ន្ធក្រុមហ៊ុនកូរ៉េ ដែលដឹកនាំដោយក្រុមហ៊ុនLGបានចុះកិច្ចព្រមព្រៀងបឋមជាមួយក្រុមហ៊ុនរដ្ឋឥណ្ឌូនេស៊ី សម្រាប់គម្រោងតម្លៃប្រមាណ៩ពាន់លានដុល្លារ ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីនៅក្នុងប្រទេសនេះ។ នេះបើតាមបុត្រសម្ព័ន្ធរបស់LGបាននិយាយនៅថ្ងៃច័ន្ទ ទី១៨ មេសា នេះ។

កិច្ចព្រមព្រៀងក្របខណ្ឌ ដែលមិនចងភ្ជាប់កាតព្វកិច្ចនេះ ត្រូវបានចុះហត្ថលេខារវាងសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ដែលរួមមានក្រុមហ៊ុន LG Energy Solution (LGES) ក្រុមហ៊ុន LG Chem ក្រុមហ៊ុន LX International និងក្រុមហ៊ុនផ្សេងទៀត ជាមួយនឹងក្រុមហ៊ុនរុករករ៉ែឥណ្ឌូនេស៊ី PT Aneka Tambang ដែលគេស្គាល់ច្បាស់ថា Antam និងក្រុមហ៊ុន Indonesia Battery (IBC) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន LGES ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនបានឱ្យដឹងថា ក្រុមមន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលមកពីក្រសួងវិនិយោគ និងក្រសួងសហគ្រាសរដ្ឋ ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខានេះដែរ។

ឥណ្ឌូណេស៊ី គឺជាប្រទេសផលិតរ៉ែនីកែល (Nickel) ដ៏ធំបំផុតរបស់ពិភពលោក ហើយរ៉ែនេះគឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ការផលិតអាគុយ។

ក្រុមហ៊ុនLGES បានគូសបញ្ជាក់ថា “ជាមួយនឹងគម្រោងនេះ យើងរំពឹងថានឹងអាចពង្រឹងសមត្ថភាពរបស់យើង ក្នុងអាជីវកម្មអាគុយ និងបង្កើនប្រាក់ចំណូល តាមរយៈការទិញយកវត្ថុធាតុដើមក្នុងតម្លៃសមរម្យ”៕ Yonhap៕

LEAVE A REPLY

Please enter your comment!
Please enter your name here