ដោយៈសុខុម
អន្តរជាតិ: មិនយូរប៉ុន្មានក្រោយរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២ នេះ លោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក ដែលជាបងធំទី១របស់ពិភពលោកបានប្រកាសដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាបន្តបន្ទាប់ទៅលើរុស្ស៊ី បណ្ដាលឱ្យទីផ្សារភាគហ៊ុន ទីផ្សាររូបិយប័ណ្ណ និងទីផ្សារជួញដូរទូទាំងពិភពលោក ទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង។
កន្លងមក ក្រុមអ្នកជំនាញសង្កេតឃើញឃើញថា សហរដ្ឋអាមេរិក តែងតែទទួលបានផលចំណេញកប់ក្ដោង ក្នុងសង្គ្រាមនៅប្រទេសជាច្រើន តួយ៉ាងដូចសង្គ្រាមនៅប្រទេសអ៉ីរ៉ាក់ សង្គ្រាមនៅអាហ្វហ្គានីស្ថាន សង្គ្រាមនៅលីប៊ី និងសង្គ្រាមនៅស៊ីរី ជាដើម។
ចុះសង្គ្រាមអ៊ុយក្រែន វិញ? តើសហរដ្ឋអាមេរិក ចំណេញអ្វីខ្លះពីវិបត្តិសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន? តោះ! មិនដឹងទាំងអស់ គ្នា។
ទណ្ឌកម្មធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រទៅលើរុស្ស៊ី បានធ្វើឱ្យតម្លៃប្រេង និងតម្លៃមាសហក់ឡើងខ្ពស់ ហើយតម្លៃរូបិយប័ណ្ណអឺរ៉ូ និងរូបិយប័ណ្ណផោនធ្លាក់ថ្លៃ ចំណែកឯរូបិយប័ណ្ណដុល្លារអាមេរិក ហក់ឡើងថ្លៃ។ ទន្ទឹមនេះរូបិប័ណ្ណ Rouble របស់រុស្ស៊ី និងរូបិយប័ណ្ណយ័ន របស់មហាយក្សចិន ក៏បានធ្លាក់ថ្លៃយ៉ាងខ្លាំងផងដែរ។
ហានិភ័យនៃទីផ្សារមូលធន បានកើនឡើងយ៉ាងខ្លាំង ហើយមូលធនបានហូរទៅកាន់សហរដ្ឋអាមេរិកយ៉ាងច្បាស់ក្រឡែត។ ក្រុមអ្នកវិភាគហិរញ្ញវត្ថុបរទេសបានធ្វើការកត់សម្គាល់ថា ពេលនេះរូបិយប័ណ្ណដុល្លារអាមេរិក បានក្លាយជា “រូបិយប័ណ្ណដ៏មានឥទ្ធិពលបំផុត” ដែលអាចផ្តល់សាច់ប្រាក់គ្រប់គ្រាន់ និងអាចការពារហានិភ័យបានក្នុងពេលតែមួយ។
ក្រុមអ្នកជំនាញលើកឡើងថា ច្បាស់ណាស់ថា អ្នកទទួលផលពីស្ថានភាពចលាចលនាពេលបច្ចុប្បន្ន នៅក្នុងទីផ្សារពិភពលោក គឺសហរដ្ឋអាមេរិក ខណៈសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហាក់ដូចគាំទ្រ ឬការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
*វិធីដែលសហរដ្ឋអាមេរិក ទទួលផលប្រយោជន៍ពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនរួមមាន
១/ ការនាំចេញឧស្ម័នធម្មជាតិរបស់សហរដ្ឋអាមេរិក ទៅកាន់អឺរ៉ុប នឹងកើនឡើងយ៉ាងគំហុក។
យោងតាមសារព័ត៌មាន Global Times ចុះផ្សាយកាលពីខែមីនា កន្លងទៅបង្ហាញថា ការនាំចេញឧស្ម័នធម្មជាតិរបស់ប្រទេសរុស្ស៊ី ទៅកាន់សហភាពអឺរ៉ុប ក្នុងឆ្នាំ២០២១ មានទំហំដល់ទៅ១៩៩,៦ពាន់លានម៉ែត្រគីប ដែលស្មើនឹហង៨១% នៃការនាំចេញសរុបរបស់ខ្លួន។ ហើយដោយសារភាពតានតឹង ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ការនាំចេញឧស្ម័នរបស់រុស្ស៊ី ទៅកាន់អឺរ៉ុប ត្រូវបានកាត់បន្ថយរហូតដល់ ទៅ៧២,៦ពាន់លានម៉ែត្រគីបក្នុងមួយឆ្នាំ។
ក្នុងស្ថានភាពចលាចលបែបនេះ ឧស្ម័នធម្មជាតិរបស់សហរដ្ឋអាមេរិក អាចបំពេញការខ្វះខាតនេះបាន ដោយសមត្ថភាពផលិតរបស់សហរដ្ឋអាមេរិក អាចនឹងកើនលើស១ទ្រីលានម៉ែត្រគីប នៅក្នុងឆ្នាំ២០២២ នេះ ខណៈអ្នកទិញកំពុងតែត្រូវការវាខ្លាំង។
២/ រូបិយប័ណ្ណដុល្លារអាមេរិក នឹងហក់ឡើងថ្លៃ
ស្ថិតក្នុងវិបត្តិសង្គ្រាមអ៊ុយក្រែន ច្បាស់ណាស់ថា រូបិយប័ណ្ណដុល្លារអាមេរិក នឹងហក់ឡើងថ្លៃ ខណៈតំបន់អឺរ៉ុបត្រូវបានចាត់ទុកថា លែងមានសុវត្ថិភាពតទៅទៀត។ បន្ទាប់ពីវិបត្តិអ៊ុយក្រែន ក្នុងឆ្នាំ២០១៤ សន្ទស្សន៍អត្រាប្ដូរប្រាក់សម្រាប់រូបិយប័ណ្ណដុល្លារ ទល់នឹងរូបិយប័ណ្ណសំខាន់ៗបានកើនឡើង៨,៧% គិតចាប់ពីខែកុម្ភៈ ដល់ខែធ្នូ ឆ្នាំ២០១៤។
៣/ ពាណិជ្ជកម្មរវាងរុស្ស៊ី និងសហភាពអឺរ៉ុប ត្រូវបានអាក់ខាន
នៅពេលបណ្ដាប្រទេស ក្នុងសហភាពអឺរ៉ុប ចូលរួមដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ពាណិជ្ជកម្មទ្វេភាគីនឹងដាំក្បាលចុះយ៉ាងខ្លាំង ខណៈសហរដ្ឋអាមេរិក មិនចាំបាច់ព្រួយបារម្ភអំពីរឿងនេះ ហើយដេកចាំទទួលផលយ៉ាងសប្បាយចិត្ត។
ពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២១ បានឈានដល់២៨២ពាន់លានដុល្លារ ដែលស្មើនឹង៣៥,៧%នៃទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសរុស្ស៊ី ខណៈពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២១ បានឈានដល់៣៤,៤ពាន់លានដុល្លារ ដែលស្មើត្រឹមតែ១ភាគ៨នៃទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងសហភាពអឺរ៉ុប។
៤/ វិស័យយោធារបស់សហរដ្ឋអាមេរិក ចំណេញកប់ក្ដោង
នៅពេលភាពតានតឹងជុំវិញវិបត្តិសង្គ្រាមនៅអ៊ុយក្រែន បន្តកើនឡើង ប្រទេសកាន់តែច្រើន កំពុងចាប់ផ្ដើមផ្ដល់ជំនួយ សព្វាវុធដល់ប្រទេសអ៊ុយក្រែន ដោយសព្វាវុធទាំងនោះភាគច្រើនទិញពីសហរដ្ឋអាមេរិក។
ខណៈមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងនៅអឺរ៉ុប ប្រទេសអាល្លឺម៉ង់ បានសម្រេចបង្កើនថវិកា ការពារជាតិរបស់ខ្លួនចំនួន១០០ពាន់លានដុល្លារ ហើយបានបង្កើនការចំណាយ សម្រាប់វិស័យការពារជាតិឈានដល់ជាង២%នៃ GDP របស់ខ្លួន៕ Global Times៕