អ្នកជំនាញ៖ និន្នាការទិញទំនិញតាមផ្សារប្រពៃណីនៅតែខ្ពស់ ស្របពេលការអភិវឌ្ឍផ្សារទំនើបកាន់តែច្រើន

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការអភិវឌ្ឍផ្សារទំនើបក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ កាន់តែមានចំនួនច្រើនឡើងៗ ជាពិសេសទៅកាន់តំបន់ដែលមានសក្ដានុពល និងមានប្រជាជនរស់នៅច្រើន។

ការអភិវឌ្ឍផ្សារទំនើបកាន់តែច្រើននេះដែរ ត្រូវបានគិតថានឹងអាចកាត់បន្ថយសកម្មភាពផ្សារប្រពៃណី ដូចជា ផ្សារដើមគរ ទួលទំពូង ជាដើម ប៉ុន្តែជាក់ស្ដែង ផ្សារទាំងនោះនៅតែមានដំណើរការល្អដដែល ទោះបីមានផ្សារទំនើបច្រើនជាងមុនក្ដី។

អ្នកនាង ជិន ច័ន្ទដាលុច្ស អ្នកគ្រប់គ្រងផ្នែកវាយតម្លៃ នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានលើកឡើងថា មកដល់ពេលនេះ ផ្សារទំនើបជាច្រើនបានរីកដុះដាល តាំងពីនៅកណ្ដាលក្រុង រហូតដល់តំបន់ជាយក្រុងមួយចំនួន មានទាំងផ្សារទំនើបនាំចូលពីបរទេស និងផ្សារទំនើបបង្កើតក្នុងស្រុកផងដែរ។

យ៉ាងណាក្ដី ទោះជាផ្សារទំនើបទាំងនេះបានរីកចម្រើនខ្លាំងនៅក្នុងប្រទេសកម្ពុជាក្ដី ក៏មិនអាចស្រូបទាញអតិថិជនទាំងស្រុង ឬអាចបន្ថយសកម្មភាពអាជីវកម្មរបស់ផ្សារប្រពៃណី ក្នុងរាជធានីភ្នំពេញបានដែរ។

អ្នកនាងបន្តថា “ផ្សារប្រពៃណីមួយចំនួន ដូចជា អូរឬស្សី អូរឡាំពិក និងផ្សារប្រពៃណីមួយចំនួនទៀត មិនត្រឹមតែផ្គត់ផ្គង់ដល់អតិថិជនក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ តែក៏ជាផ្សារដែលផ្គត់ផ្គង់ទៅបណ្ដាខេត្តនានាទូទាំងប្រទេសដូច្នេះហើយទើបធ្វើឱ្យផ្សារប្រពៃណីទាំងនោះនៅតែដំណើរការល្អដដែល។ ម្យ៉ាងទៀត ប្រជាជននៅរាជធានីភ្នំពេញ ទាំងអស់ក៏មិនមែនសុទ្ធតែទិញទំនិញពីផ្សារទំនើបមកប្រើប្រាស់ទេ ភាគច្រើនអ្នកដើរចូលផ្សារទំនើបៗ គ្រាន់តែជាការដើរមើលនិងកម្សាន្ត ដូច្នេះពួកគាត់ត្រូវការទិញទំនិញនានានៅតែរកនៅតាមផ្សារប្រពៃណីដដែល”។

អ្នកនាងបញ្ជាក់ថា ការអភិវឌ្ឍផ្សារទំនើបនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ហាក់ដូចជាលើសពីតម្រូវការជាក់ស្ដែង ហើយបើក្រលេកទៅមើលអ្នកវិនិយោគលើផ្សារទំនើបវិញក៏មិនមានគម្រោងថ្មីៗត្រូវអភិវឌ្ឍន៍ឡើយ តែគម្រោងដែលកំពុងសាងសង់អាចនឹងបន្តការផ្គត់ផ្គង់។

អ្នកនាងថា ”ក្នុងឆ្នាំ២០១៩ ទីធ្លាជួលអាជីវកម្មក្នុងផ្សារទំនើបហាក់មានតម្រូវការខ្ពស់ ក្នុងរង្វង់៧០ភាគរយនៃទំហំដែលមាន តែចូលដល់ឆ្នាំ២០២០ និង២០២១ ទំហំជួលអាជីវកម្មក្នុងផ្សារទំនើបបានថមថយវិញ ក្នុងរង្វង់ត្រឹម៦០ភាគរយ និងបន្តធា្លក់ចុះ ឬក៏នៅទ្រឹងក្នុងឆ្នាំ២០២២នេះ” ។

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia ក៏បានលើកឡើងដែរថា ផ្សារទាំងពីរនេះមានការរៀបចំនិងផ្ដល់សេវាផ្សេងគ្នា។ ផ្សារទំនើបមានការរៀបចំនូវទីតាំងកន្លែងលក់ដូរបែងចែកដាច់ពីគ្នា ហើយអតិថិជនក៏ផ្សេងគ្នាដែរ ដូច្នេះផ្សារទំនើបនិងផ្សារបែបប្រពៃណីមិនអាចមានការប្រកួតប្រជែងគ្នាបានទេ។

អ្នកស្រីបន្តថា នៅពេលអនាគត ផ្សារបែបប្រពៃណីក៏នឹងត្រូវរៀបចំកែលម្អទីតាំងកន្លែងលក់ដូរ ស្អាតជាងពេលបច្ចុប្បន្ននេះដែរ ដើម្បីឱ្យអតិថិជនកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here