វិភាគ៖ តើកម្ពុជាត្រូវប្រកៀក​ស្មារ​ជាមួយចិន​ដើម្បី​វិបុលភាព​របស់​ខ្លួន​ឬទេ?

0

ដោយ លោក លាងគង់ យិន ស្ថាបនិកគេហទំព័រ Propertyarea.asia

ភ្នំពេញ​៖​ ​តើ​មហាអំណាច​សេដ្ឋកិច្ច​ទី២ ភព​លោក​ពិតជា​កំពុង​លេប​កម្ពុជា​?​ ​នេះ​ជា​សំណួរ​ធំ​មួយ​ ​ដែល​ប្រជាជន​កម្ពុជា​និង​អ្នកជំនាញ​មួយចំនួន​កំពុង​លើក​ជា​សំណួរ​រាល់ថ្ងៃ​។​

តាមរយៈ​ការ​បង្ហូរ​ទុន​វិនិយោគ​ ​និង​ឥណទាន​សម្បទាន​រាប់ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ៗ​ ​តើ​ពិត​ទេ​ដែល​ប្រទេស​ចិន​កំពុង​លេប​កម្ពុជា​ ​ឬ​ផ្តល់​ភា​ពរ៉ុ​ងរឿង​ដល់​កម្ពុជា​ ​សម្រាប់​ដើម​សតវត្សរ៍​ទី២១នេះ​មែន​ឬ​?​ ​វា​ទាមទារ​នូវ​ការ​បកស្រាយ​តាម​បែប​វិទ្យាសាស្រ្ត​មួយ​។​

ការ​កសាង​គ្រឹះ​នៃ​ប្រទេស​ទាំងពីរ​

ការ​ចាប់ដៃ​ជាមួយ​ចិន​ ​តាមរយៈ​ការ​ដាក់​ចេ​ញនូ​វយុទ្ឋ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​កាលពី​ឆ្នាំ២០១២​ ​និង​ត្រូវ​បាន​ពូន​ជ្រុំ​ដោយ​អតីត​ព្រះមហាក្សត្រ​កម្ពុជា​ ​សម្តេច​ ​ព្រះ​បរម​រតន​កោដិ​នរោត្តម​ ​សីហនុ​ ​និង​បន្ត​ពូន​ជ្រុំ​ដោយ​ ​សម្តេច​ ​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ​បាន​ ​និង​កំពុង​ធ្វើឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​ ​ទាក់ទង​នឹង​ការ​ងាក​ចាប់ដៃ​ជាមួយ​ចិន​ ​ហើយ​ឃ្លាតឆ្ងាយ​ពី​លោកខាងលិច​ ​ដែល​ខ្ញុំ​នឹង​បកស្រាយ​បន្តិចទៀត​នេះ​ ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ ​និង​ភូមិ​សាស្រ្ត​នយោបាយ​។​

ស្រប​ពេល​ខួប​នៃ​ទំនាក់ទំនង​កា​ទូត៦០ឆ្នាំ​ ​សម្រាប់​ទំនាក់ទំនង​កម្ពុជា​ ​ចិន​ ​ដែល​មាន​ភាព​ស្អិតល្មួត​ជាមួយគ្នា​ ​ប្រមុខ​រដ្ឋាភិបាល​​កម្ពុជា​បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​រៀបចំខ្លួន​ជាពិសេស​ ​ដើម្បី​ប្រា​រ​ព្វ​ខួប​នៃ​ទំនាក់ទំនង​ ​ដែល​ប្រៀប​ដូច​ដែកថែប​នេះ​ឲ្យ​ស័ក្តិសម​នឹង​តម្លៃ​ ​និង​ភាពជា​ដៃគូ​នៃ​យុទ្ធ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​នៃ​ប្រទេស​ទាំងពីរ​។​

រយៈពេល៦០ឆ្នាំ​កន្លងមក​នេះ​ ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​បាន​ដើរ​លើ​ផ្លូវ​រលាក់​ផង​ ​និង​ផ្លូវ​ក្រាលកម្រាល​ព្រុំ​ដ៏​ក្រហមឆ្អិន​ឆ្អៅ​ផង​ ​ប៉ុន្តែ​អតីតកាល​ជា​រឿង​អតីតកាល​ ​ហើយ​ចិន​ ​និង​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​រួម​មួយ​នា​ពេល​បច្ចុប្បន្ន​ ​ដើម្បី​សមាហរណកម្ម​​អនាគតកាល​រួមគ្នា​ ​តាមរយៈ​ការ​ពូន​ជ្រុំ​នូវ​ការ​កសាង​ភាព​ទុកចិត្ត​គ្នា​ ​តាមរយៈ​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក​ ​នៅ​លើ​គ្រប់​របៀបវារៈ​កា​ទូត​អន្តរជាតិ​។​

ប្រធានាធិបតី​ចិន​ ​លោក​ ​ហ្សី​ ​ជី​នពីង​ ​ដែល​បាន​មក​ទស្សនកិច្ច​កម្ពុជា​កាលពី​ខែឧសភា​ ​ឆ្នាំ២០១៧​ ​លោក​បាន​ផ្ញើ​សារ​ដ៏​វែង​មួយ​ ​ដែល​បញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​រ៉ឹង​មាំ​ ​ទាំង​ផ្នែក​វប​ប្ប​ធ៌ម​ ​ប្រវត្តិ​សាស្រ្ត​ ​ទំនាក់ទំនង​កា​ទូត​ ​និង​ការ​គាំទ្រ​របស់​កម្ពុជា​។​សារ​ដ៏​រញ្ជួយ​ចិត្ត​របស់​ប្រធានាធិបតី​ចិន​ ​ហ្សី​ ​ជី​នពីង​ ​បាន​លើកឡើង​ថា​ ​“​កម្ពុជា​ ​ជា​មិត្ត​ដ៏​អាច​ទុកចិត្ត​បាន​របស់​ចិន​ ​ហើយ​ចិន​នឹង​ចូលរួម​ចំណែក​ការពារ​អធិបតេយ្យ​ភាព​ ​បូរណៈ​ភាព​ទឹកដី​ ​និង​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា​”​។​

សារ​ប្រកបដោយ​អត្ថន័យ​នេះ​ ​បាន​ធ្វើឲ្យ​កម្ពុជា​កាន់តែ​មាន​ភាព​កក់ក្តៅ​ ​ដោយសារ​ប្រទេស​ដ៏​តូច​មួយ​នេះ​ ​មាន​មហា​អំណាច​​មួយ​នៅ​ពីក្រោយ​។​ ​ជាមួយនឹង​សារ​ប្រកបដោយ​អត្ថន័យ​រាប់ពាន់​នេះ​ ​ប្រមុខ​មេដឹកនាំ​ចិន​ ​បាន​និង​កំពុង​ចាក់​បង្ហូរ​ទុន​វិនិយោគ​ជាង ២០ពាន់​លាន​ដុល្លារ​ ​ចាប់ពី​ទសវត្សរ៍​ទី៩០​ ​ដល់​ឆ្នាំ២០១៧​។​ ​ចំនួន​ទឹកប្រាក់​នេះ​ ​មិនទាន់​រាប់បញ្ចូល​ឥណទាន​សម្បទាន​ ​ដែល​បាន​និង​កំពុង​ប្រើប្រាស់​ដោយ​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​វិនិយោគ​ភាគច្រើន​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ ​សម្រាប់​កសាង​ ​និង​ពង្រឹង​មូលដ្ឋាន​នៃ​ការ​រីកចម្រើន​សេដ្ឋកិច្ច​របស់​ខ្លួន​នៅឡើយ​ទេ​។​

មូលដ្ឋានសេដ្ឋកិច្ច

ការ​មកដល់​នៃ​អ្នក​វិនិយោគ​ចិន​ដូច​ទឹកបាក់​ទំនប់​នៅ​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ​ប៉ុន្តែ​វា​ផ្តើម​ចេញពី​មូលដ្ឋាន​ ​ដែល​កម្ពុជា​បាន​រៀបចំខ្លួន​ឯង​រួចជាស្រេច​ ​ដើម្បី​ទទួលយក​អ្នក​វិនិយោគ​ទាំងនោះ​ ​ព្រោះ​​ទោះ​កម្រិត​ទំនាក់ទំនង​នយោបាយ​ល្អ​បែប​ណា​ក្តី​ ​ប៉ុន្តែ​ប្រសិនជា​កម្ពុជា​ខ្លួនឯង​ ​មិន​មាន​ភាព​ទាក់ទាញ​ ​និង​គេ​មិន​អាច​រក​ប្រាក់ចំណេញ​បាន​នៅ​ទីនេះ​ ​ក៏​គេ​មិន​មក​វិនិយោគ​នៅ​កម្ពុជា​ដែរ​។​

ជា​ការ​ឆ្លើយតប​ ​រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​មូលដ្ឋាន​សំ​ខាន់​ៗ​ ​ដែល​មិន​អាច​ខ្វះ​បាន​ ​រួច​ទៅ​ហើយ​ ​ទី១​ ​កត្តា​សុខ​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​ទី២ កំណើន​សេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​ ​ទី៣​ ​ច្បាប់​វិនិយោគ​ដ៏​ល្អ​ ​សម្រាប់​ផ្តល់​ភាព​កក់ក្តៅ​ដល់​អ្នក​វិនិយោគ​អន្តរជាតិ​នានា​ ​និង​ច្បាប់​ពន្ធ​មិន​មាន​ភាព​ស្មុគ្រ​ស្មាញ​។ ​ទី៤​ ​អនុញ្ញាត​ឱ្យ​ជនបរទេស​មាន​សិទ្ធិ​វិនិយោគ ១០០ ភាគរយ​​នៅ​កម្ពុជា​ ​ទី៥​ ​ការផ្ទេរ​សាច់ប្រាក់​ចេញពី​កម្ពុជា​មិន​មាន​ភាព​ស្មុគ្រ​ស្មាញ​។​ ​

ទី៦​ ​ការប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ចាយ​វាយ​​យ៉ាង​​ទំ​លំ​ទូលាយ​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​ ​ដែល​ផ្តល់​ភាព​កក់ក្តៅ​ ​និង​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​ ​និង​ទី៧​ ​ច្បាប់​សហកម្មសិទ្ធិ​ដែល​ផ្តល់​ការអនុញ្ញាត​ឱ្យជនបរទេស​ ​គ្រប់គ្រង​ផ្ទះ​ចាប់ពី​ជាន់ទី១ ឡើង​ទៅ​ ​សុទ្ធតែ​ជា​មូលដ្ឋាន​ដ៏​សំខាន់​មិន​អាចប​ដិ​សេ​ធ​បាន​ ​សម្រាប់​កាលានុវត្តន៍​ភាព​នៃ​កម្ពុជា​ ​ហើយ​កម្ពុជា​បាន​ក្លាយជា​ ​“​កូនក្រមុំ​ដ៏​ស្រស់​ស្អាត​មួយ​”​ ​ក្នុង​ក្រសែភ្នែក​អ្នក​វិនិយោគ​អន្តរជាតិ​។​

ចំណុច​ពិសេស​មួយទៀត​ ​គឺ​ការ​ឈានឡើង​របស់​កម្ពុជា​ពី​ប្រទេស​ក្រីក្រ​ ​មក​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតទាប​ ​និង​កំពុង​ឆ្ពោះទៅ​កាន់​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ ​ក៏​ជា​ដែក​ឆក់​មួយទៀត​ ​ដែល​ទាក់ទាញ​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ ​ល្បី​ៗ​ ​ពី​ជុំវិញ​ពិភពលោក​មកកាន់​កម្ពុជា​ ​ដោយសារ​ពួកគេ​មើលឃើញ​កំលាំង​ទិញ​កើនឡើង​ ​ដែល​ពួកគេ​អាច​រក​ប្រាក់ចំណេញ​បាន​ពីទី​នេះ​។​ប្

រមុខ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​នាំ​កម្ពុជា​មកកាន់​កោះ​ ​“​សន្តិភាព​”​ ​ដោយ​ឆ្លងកាត់​ថ្លុកឈាម​ ​និង​ទឹកភ្នែក​ ​និង​គំនរ​ឆ្អឹង​រាប់​រយ​កន្លែងនៅ​ទូទាំង​ប្រទេស​ ​ហេតុនេះ​កម្ពុជា​ត្រូវតែ​រក្សា​ឲ្យបាន​នូវ​សុខ​សន្តិភាព​ ​សម្រាប់​ប្រទេស​ ​ព្រោះ​សន្តិភាព​ជា​មូលដ្ឋាន​នៃ​អ្វី​ៗ​គ្រប់យ៉ាង​សំរាប់​ការ​រីកចម្រើន​ ​និង​វិបុលភាព​កម្ពុជា​។​ សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ​កម្មករ​ ​កម្មការិនី​នៅ​រាជធានី​ភ្នំពេញ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​“​ខ្ញុំ​នឹង​មិនឱ្យយ​អ្នកណា​មក​បំផ្លាញ​សន្តិភាព​​នៅ​កម្ពុជា​នោះ​ទេ​ ​ដរាបណា​ខ្ញុំ​នៅ​ទីនេះ​”​។​ ​សម្តេច​បន្ត​ថា​ ​“​ ​ខ្ញុំ​មិនព្រម​ទេ​”​។​

ការវិនិយោគរបស់ចិននៅកម្ពុជា

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិន​ជាង ២០០០​ ​បាន​​និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​ ​និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​ ​ដែល​បាន​និង​កំពុង​ត្រៀម​ខ្លួន​ចូល​មក​ប្រទេស​នេះ​ ​ដោយ​កាលពី​ឆ្នាំមុន​ ​មាន​ទឹកប្រាក់​ជាង ៤០០០លាន​ដុល្លារ​ ​ដែល​ប្រទេស​ចិន​បាន​បង្ហូរ​មក​កាន់​កម្ពុជា​ ​តាមរយៈ​ឥណទាន​សម្បទាន ​(​កម្ចី​ការប្រាក់​ទាប​)​ ​និង​ទឹកប្រាក់​វិនិយោគ​របស់​អ្នក​វិនិយោគ​ចិន​ ​ចំនួន ១៤០០​លាន​ដុល្លារ​អាមេរិក​ ​ដែល​បាន​វិនិយោគ​ស្ទើរគ្រប់​វិស័យ​នៅ​កម្ពុជា​។​

បច្ចុប្បន្ន​ក្រុមហ៊ុន​យក្ស​ជាច្រើន​របស់​ចិន​ ​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ដូចជា ក្រុមហ៊ុន​ The​ ​Prince​ ​Real​ ​Estate​ ​Group​ ក្រុមហ៊ុន​អចលនទ្រព្យ R​&​F​ ​Property​ ​Co​,​ ​Ltd​,​ ​ក្រុមហ៊ុន Greenland​ ​Group​ ​ក្រុមហ៊ុន Union​ ​Development​ ​Group ជាដើម​ ​ដែល​ក្រុមហ៊ុន​ទាំងនេះ​បាន​បោះទុន​វិនិយោគ​​រាប់ពាន់​លាន​ដុល្លារ​។​

ទីក្រុង​ភ្នំពេញ​ ​ដែល​ធ្លាប់​មានឈ្មោះ​ជាទី​ក្រុង​ខ្មោច​ ​និង​មាន​មនុស្ស​តែ ៧០នាក់​ ​បច្ចុប្បន្ន​បាន​ក្លាយជា​ទីក្រុង​មួយ​ ​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ ៣លាន​នាក់​ ​និង​កំពុង​ប្រែក្លាយ​ជាទី​ក្រុង​នៃ​មជ្ឈមណ្ឌល​ជា​ពាណិជ្ជកម្ម​ ​និង​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ដោយ​​បច្ចុប្បន្ន​មាន​អាគារ​ពាណិជ្ជកម្ម​ ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ​និង​លំនៅ​ដ្ឋាន​ប្រមាណ ៧០អាគារ​ ​ដែល​មាន​កំពស់​ចាប់ពី ៥​ជាន់​​ ​រហូតដល់​ជាង ៦០ជាន់ ​កំពុង​សាងសង់​យ៉ាងសកម្ម​ជា​រៀងរាល់ថ្ងៃ​។​

ក្រៅពី​វិនិយោគ​លើ​វិស័យ​សំណង់​ ​និង​អ​ចន​វត្ថុ​ ​ក្រុមហ៊ុន​ចិន​ក៏​ឈានមុខ​គេ​ ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ ​ថាមពល​​អគ្គិសនី​ ​និង​វិស័យ​នាំមុខ​ជាច្រើន​ទៀត​។​ ភ្ញៀវ​ទេសចរ​ចិន​ជាង ១,១លាន​នាក់​ ​បាន​មក​ទស្សនា​កម្ពុជា​កាលពី​ឆ្នាំមុន​ ​និង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ១​ ​ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន ១៧បាន​ ​និង​កំពុង​ហោះហើរ​ត្រង់​មកកាន់​ទីក្រុង​ភ្នំពេញ​ ​ដែល​នាំមក​នូវ​អ្នក​វិនិយោគ​ ​ទេសចរណ៍​មក​ពីទី​ក្រុង​ជាច្រើន​នៃ​ប្រទេស​ចិន​មក​ទស្សនា​កម្ពុជា​។​

ទំនាក់ទំនងអន្តរជាតិ

ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ ​ផលប្រយោជន៍​ជា​រឿង​ទី១​ ​ព្រោះ​គ្មាន​អ្នកណា​ជួយ​យើង​ ​ដោយ​មិន​គិត​ផលប្រយោជន៍​ខ្លួនឯង​នោះ​ទេ​។​ ​មានផល​ប្រយោជន៍​ទើប​មាន​ទំនាក់ទំនង​ល្អ​ ​នេះ​ជា​រឿង​ធម្មតា​ក្នុង​វិស័យ​កា​ទូត​ ​និង​ទំនាក់ទំនង​អន្តរជាតិ​។​ ក្នុង​សមរភូមិ​កា​ទូត​ ​និង​ចំណេះដឹង​ ​កម្ពុជា​បាន​ដើរតួ​នាទី​កាន់តែ​សកម្ម​លើឆាកអន្តរជាតិ​ ​ទោះជា​កម្ពុជា​ជា​ប្រទេស​តូច​មួយ​ក្តី​ ​ប៉ុន្តែ​កម្ពុជា​មានសំឡេង​មួយ​នៅ​លើឆាកអន្តរជាតិ​ដូច​ប្រទេស​ធំៗ​ដែរ​ ​ហើយ​ក្នុង​ការបោះឆ្នោត​ ​ឬ​ការ​បញ្ចេញ​សំឡេង​អ្វីមួយ​ ​កម្ពុជា​តែងតែ​នៅ​ខាង​ចិន​ ​ដើម្បី​ក្លាយជា​មិត្ត​ដ៏​ល្អ​ ​និង​អាច​ទុកចិត្ត​បាន​របស់​ចិន​។​

ភូមិសាស្រ្តនយោបាយ

នៅពេល​និយាយ​ពី​ផលប្រយោជន៍​ ​យើង​ត្រូវ​មើល​កត្តា​ភូមិ​សាស្រ្ត​នយោបាយ​ ​ដែល​មិន​អាច​មើល​រំលង​បាន​។​ ​ចិន​ បាន​​និង​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​មកកាន់​តំបន់​អាស៊ី​ ​អាហ្រ្វិក​ ​តាមរយៈ​ការ​ផ្តល់​ជំនួយឥតសំណង​ផង​ ​ជំនួយ​ហិរញ្ញប្បទាន​ផង​ ​និង​ជំរុញ​អ្នក​វិនិយោគ​នៅ​តាម​បណ្តា​ប្រទេស​នានា​ ​ដែល​ខ្លួន​អាច​ពង្រីក​ឥទ្ធិពល​បាន​។​ ​និយាយ​ជា​រួម​។​ និយាយដោយឡែក​ជាមួយ​កម្ពុជា​ ​ចិន​បាន​ចាប់ដៃ​កម្ពុជា​ ​និង​ជួយ​អភិវឌ្ឍន៍​​កម្ពុជា​ ​ដោយសារ​ចិន​ចង់​ពង្រីក​ឥទ្ធិពល​នៅក្នុង​តំបន់​ ​ទោះជា​កម្ពុជា​ជា​ប្រទេស​តូច​មួយ​ក្តី​ ​ប៉ុន្តែ​កម្ពុជា​ក៏​មានសំឡេង​មួយ​ ​នៅ​លើឆាកអន្តរជាតិ​ដូច​ប្រទេស​ធំ​ដែរ​។​

​ផ្ទុយទៅវិញ​ ​ចិន​មិន​អាច​ជ្រៀតចូល​ពង្រីក​ឥទ្ធិពល​នៅ​បណ្តា​ប្រទេសជិតខាង​កម្ពុ​ ​ជា​នោះ​ទេ​ ​ដោយសារ​ប្រទេស​ទាំងនោះ​ ​ជា​​មាន​ជម្លោះ​ផលប្រយោជន៍​ជា​ប្រវត្តិ​សាស្រ្ត​ជាមួយ​ចិន​ ​និង​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​វៀតណាម​ ​ហ្វីលីពីន​ ​ម៉ាឡេស៊ី​ ​ហើយ​ប្រទេស​ទាំងនោះ​រួម​ទាំង​ថៃ​ ​និង​ភូមា​ផង​ដែរ​ ​បាន​ក្លាយជា​សម្ព័ន្ធ​មិត្ត​អាមេរិក​រួច​ទៅ​ហើយ​។​

ហេតុនេះ​ ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​កម្ពុជា​ ​អាច​ធ្វើជា​មិត្ត​ស្លាប់រស់​របស់​ចិន​ ​ដែល​ចិន​អាច​ទុកចិត្ត​បាន​ ​ទើប​ចិន​បាន​ផ្តល់​ជំនួយ​ ​និង​ជំរុញ​អ្នក​វិនិយោគ​រាប់ពាន់​ក្រុមហ៊ុន​មក​វិនិយោគ​នៅ​កម្ពុជា​។ ​ជា​ប្រតិ​កម្ម​ថ្មី​ៗ​ ​មិនធ្លាប់​មាន​ ​លោក​ ​ស្យង់​ ​បូ​ ​ឯកអគ្គ​រដ្ឋ​ទូត​​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​បាន​ឲ្យដឹង​ថា​ ​គិត​រហូត​មកទល់​ពេលនេះ​ ​មាន​ក្រុមហ៊ុន​ចិន​ជាង ២០០០​ ​កំពុង​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​គិត​ត្រឹមតែ​ឆ្ នាំ២០១៧​ ​ទឹកប្រាក់​វិនិយោគ​របស់​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ១​ ​ដែល​មាន ១៤០០​លាន​ដុល្លារ​អាមេរិក​ ​ប៉ុន្តែ​បើ​គិត​បញ្ចូល​ទាំង​ហិរញ្ញប្បទាន​វិញ​ ​ចិន​បាន​ផ្តល់​ជាង ៤០០០លាន​ដុល្លារ​ ​នៅ​កម្ពុជា​សម្រាប់​តែ​ឆ្នាំ២០១៧​។​

ជាមួយគ្នា​នេះ​ ​ចិន​ក៏បាន​ផ្តល់​សារ​ដ៏​ច្បាស់លាស់​មួយ​ថា ​“​ ចិន​វិនិយោគ​នៅ​កម្ពុជា​ ​មិនមែន​ជា​ការ​លាងលុយកខ្វក់​ទេ​ ​ហើយ​ការ​លើកឡើង​របស់​លោកខាងលិច​កន្លងមក​ ​គឺជា​ការ​ច្រណែន​ពី​ភាពជា​ដៃគូ​ ​និង​ការ​រីកចម្រើន​របស់​ប្រទេស​ទាំងពីរ​”​។​

សរុប​មកវិញ​ការ​ចាប់ដៃ​ជាមួយ​ចិន​ ​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដោយ​ផ្ទាល់​ ​និង​ប្រយោល​នោះ​ទេ​ ​ប៉ុន្តែ​ចិន​បាន​ក្លាយជា​មិត្ត​ដ៏​ល្អ​មួយ​របស់​កម្ពុជា​ ​ដែល​ជួយ​អភិវឌ្ឍន៍​កម្ពុជា​ផង​ ​ជួយការ​ពារ​ឯករាជ្យ​ ​អធិបតេយ្យ​ភាព​ដល់​កម្ពុជា​ផង​ ​និង​នាំ​កម្ពុជា​ឆ្ពោះទៅ​រក​វិបុលភាព​នា​ពេល​អនាគត​ ​ប៉ុន្តែ​ការ​ចាប់ដៃ​ជាមួយ​ចិន​ ​ហើយ​បោះបង់​លោកខាងលិច​ ​អាច​ជា​រឿង​គ្រោះថ្នាក់​មួយ​។​

ជាមួយនឹង​ទំនាក់ទំនង​កា​ទូត​ដ៏​ឈ្លាសវៃ​មួយ​ ​និង​ជា​បុរស​ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា​ ​“​ជា​បុរស​ខ្លាំង​របស់​កម្ពុជា​”​ ​សម្តេច​ ​តេជោ​ ​មាន​សុបិន​ដ៏​ធំ​មួយ​គឺ​ប្រែក្លាយ​កម្ពុជា​ ​“​ជា​ខ្លា​សេដ្ឋកិច្ច​ក្នុង​តំបន់​”​ ​ដូច្នេះ​ការបោះបង់​លោកខាងលិច​ ​មិនមែន​ជា​ជម្រើស​របស់​សម្តេច​ ​តេជោ​ ​ទេ​ ​ទោះជា​កម្ពុជា​បាន​ចាប់ដៃ​ជាមួយ​ចិន​មិន​អាច​ព្រលែ​ង​បាន​ក៏ដោយ​ ​ក៏​កម្ពុជា​មិនព្រម​លែងដៃ​លោកខាងលិច​ ​ដែល​ផ្តល់​នូវ​ទីផ្សារ​សម្រាប់​នាំចេញ​ទំនិញ​ដ៏​សម្បូរ​បែប​ពី​កម្ពុជា​នោះ​ទេ​។ ​“​ចិន​ ​ជា​អ្នក​ផ្តល់​ស្រូវ​ ​និង​សាប​ព្រួស​ដល់​កម្ពុជា​ ​ហើយ​លោកខាងលិច​ ​ជា​អ្នក​ប្រមូល​ផល​ឲ្យ​កម្ពុជា​ ​ដើម្បី​យក​អង្ករ​មក​ចំអិន​ទទួលទាន​ខ្លួនឯង​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here