ដោយៈគង់ សូរិយា
ភ្នំពេញៈ អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានលើកឡើងពីសក្តានុពលធំៗចំនួន៤របស់ខេត្ត ដែលកំពុងក្លាយជាកំលាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកបានលើកឡើងនូវសមិទ្ឋផល និងសក្តានុុពលធំៗទាំងបួននោះ ក្នុងឱកាស លោកអនុញ្ញាតឱ្យលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃម្សិលម៉ិញនេះ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍វត្តមានលោកជំទាវ និងសហការីមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ ព្រមទាំងជម្រាបជូនពីភូមិសាស្ត្រខេត្តព្រះសីហនុ មានក្រុង២ ស្រុក ៣ មានកោះ៣២ ឆ្នេរប្រវែង ១៧៥គីឡូម៉ែត្រ។ ក្រោយពីកម្ពុជាទទួលបានឯករាជ្យ សម្តេចព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” បានរៀបចំបង្កើតខេត្តព្រះសីហនុ ដែលមានសក្តានុពលសេដ្ឋកិច្ច បានចាប់ផ្តើមកសាងសង់ផ្លូវជាតិលេខ៤ និងបន្តសាងសង់កំពង់ផែក្រុងព្រះសីហនុ ដែលមានសារៈសំខាន់ ក្នុងការដឹកជញ្ជូនទំនិញចេញ-ចូលប្រមាណ៧០ភាគរយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
លោកបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានសហការជាមួយរដ្ឋាភិបាលជប៉ុន JICA សាងសង់ពង្រីកកំពង់ផែ ក្រុងព្រះសីហនុជំហានទី១ អាចឱ្យនាវាមានជំរៅទឹក១៣,៥០ម៉ែត្រ ចូលចតបាននៅឆ្នាំ២០២៥ និងបន្តពង្រឹងបន្ថែមដល់ឆ្នាំ២០២៩ អាចឱ្យនាវាមានជំរៅទឹក១៥ម៉ែត្រ ចូលចតបាន ហើយនាវានៅលើពិភពលោក៩៧ភាគរយ ចូលចតបានធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹក មានការថយចុះប្រកួតប្រជែងប្រទេសក្នុងតំបន់។
ខេត្តមានព្រលានយន្តហោះអន្តរជាតិ ដែលមានផ្លូវរត់ប្រវែង៣,៤០០ម៉ែត្រ បច្ចុប្បន្នកំពុងបន្តសាងសង់ស្ថានីយចេញដំណើរ។ ខេត្តមានផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ គ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ខាងមុខនេះ គាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។
លោកគួច ចំរើនបានបន្តថា រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាក្នុងការកែលម្អជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងព្រះសីហនុចំនួន៣៧ខ្សែ ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
ផ្អែកតាមផែនការមេ រាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី។
លោកគួច ចំរើនបាមបន្តថា នៅខេត្តព្រះសីហនុមានជនជាតិសឹង្ហបុរីបានមកធ្វើការវិនិយោគលើផ្នែកអចលនទ្រព្យ និងទេសចរណ៍ និងស្នើសុំឱ្យលោកជំទាវឯកអគ្គរដ្ឋទូតសឹង្ហបុរី ជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់ប្រជាពលរដ្ឋសឹង្ហបុរី និងជម្រុញអ្នកវិនិយោគប្រទេសសឹង្ហបុរីមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។
ជាមួយគ្នានេះ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបុរី បានថ្លែងអំណរគុណលោកអភិបាលខេត្ត ដែលឱ្យលោកជំទាវ និងសហការីចូលជួបពិភាក្សាការងារ ហើយក៏ជាលើកទីពីរដែលលោកជំទាវ បានមកកាន់ខេត្តព្រះសីហនុគឺលើកទី១ បានចូលរួមកិច្ចប្រជុំវេទិការទេសចរណ៍ អាស៊ានកាលពីខែមករា ឆ្នាំ២០២២កន្លងមក ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបន្ធូបន្ថយនៃការរឹតបណ្តឹងវិបត្តិកូវីដ-១៩ ធ្វើឱ្យមានទំនុកចិត្តក្នុងតំបន់។
លោកជំទាវបន្តថា ការមកទស្សនកិច្ចនាពេលនេះ លោកជំទាវក៏បានទៅទស្សនារូបសំណាក “ព្រះថោងនាងនាគ” មានលក្ខណៈស្អាតជាស្នាដៃខ្មែរ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត មានការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយលោកជំទាវក៏ចង់ឃើញការអភិវឌ្ឍថ្មីៗបន្ថែមទៀតមាន ដូចជា កំពង់ផែ ផ្លូវល្បឿនលឿន ក្នុងអាណត្តិរបស់លោកជំទាវជាឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជា និងគម្រោងជាច្រើនផ្សេងទៀតធ្វើឱ្យទីក្រុងនេះ ក្លាយជាទីក្រុងឆ្លាតវៃ និងជាមជ្ឍមណ្ឌលហិរញ្ញវត្ថុ។ ក្នុងនាមខេត្តព្រះសីហនុ ជាខេត្តប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានរាជធានីភ្នំពេញ សៀមរាប ៕