រដ្ឋបាលខេត្តកែបគ្រោងពង្រីកឆ្នេរទំហំជាង៥ហិចតា បន្ថែមលើគម្រោងអភិវឌ្ឍឆ្នេរខ្សាច់សាធារណៈកម្រិតខ្ពស់៤ទីតាំងផ្សេង

0

ដោយ៖ សុផារី

ខេត្តកែប៖ រដ្ឋបាលខេត្តកែបបានស្នើរសុំចាក់ពង្រីកឆ្នេរមួយគម្រោង ដែលមានផ្ទៃដីជាង៥ហិចតា បន្ថែមលើគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ រួមមាន គម្រោងដែលមានប្រវែង២.៧០០ម៉ែត្រ ទទឹង១០០ម៉ែត្រ និងតំបន់អភិវឌ្ឍន៍ចំនួន៣ទីតាំងទៀត របស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព។

នេះបើតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តកែប ក្នុងឱកាសលោកប៉ែន សុផល អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ នៅក្នុងខេត្តកែប នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ។

បើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកែប បានឱ្យដឹងថា គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ រួមមាន គម្រោងដែលមានប្រវែង២.៧០០ម៉ែត្រ ទទឹង១០០ម៉ែត្រ និងទីតាំងមួយចំនួនទៀត ដែលរដ្ឋបាលខេត្តបានស្នើរសុំចាក់ពង្រីកឆ្នេរមួយគម្រោង ដែលមានផ្ទៃដីជាង ៥ហិចតា និងបន្តចុះពិនិត្យតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ចំនួន៣ទីតាំងបន្ថែមទៀត។

លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បញ្ជាក់ថា គម្រោងទាំងអស់ខាងលើ គឺជាគម្រោងបណ្តុំរដ្ឋបាលរបស់ខេត្ត ហើយគម្រោងទាំងនោះនឹងផ្តល់ប្រយោជន៍ដល់វិស័យទេសចរណ៍ ក៏ដូចជា ផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ការបង្ក្រាបបទល្មើសនានា និងការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធវិស័យទេសចរណ៍ក្នុងខេត្ត។


លោកបណ្ឌិត បញ្ជាក់បន្ថែមថា គម្រោងឆ្នេរខ្សាច់កំសាន្ត២.៧០០ម៉ែត្រ កំពុងអនុវត្តជាប្រក្រតី ហើយផ្លូវបេតុងចំនួន៥ខ្សែ ក្នុងនោះវិថី២ខ្សែ និងអនុវិថី៣ខ្សែ ត្រូវបានកសាងរួចរាល់១០០% ហើយការចាក់ដីបំពេញ ក៏ស្ទើតែហើយ១០០%ដែរ និងកំពុងបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមគម្រោងដែលបានដាក់ចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here