ដោយ៖ សុខុម
សិង្ហបុរី: ការរីកចម្រើនយ៉ាងរហ័សនៃវិស័យអចលនទ្រព្យនៅសិង្ហបុរី បានធ្វើឱ្យការផ្គត់ផ្គង់លំនៅដ្ឋានថ្មីក្នុងប្រទេសដែនកោះដ៏តូចមួយនេះធ្លាក់ចុះខ្លាំងមិនធ្លាប់មាន ហើយស្ថានភាពនេះអាចនឹងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់តម្លៃក្នុងទីផ្សារ។
យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៥ ខែមេសា នេះឱ្យដឹងថា ខណៈវិធានការរឹតបន្តឹងអចលនទ្រព្យបានចាប់ផ្តើមចូលជាធរមាន កង្វះការផ្គត់ផ្គង់បូករួមជាមួយនឹងតម្រូវការអំឡុងវិបត្តិកូវីដ-១៩ អាចបន្តធ្វើឱ្យតម្លៃលំនៅដ្ឋានហក់ឡើងកាន់តែខ្ពស់ ក្រោយបានហក់ឡើងខ្ពស់បំផុតកាលពីឆ្នាំមុន ដែលមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។
វិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ បាននាំឱ្យខ្វះកម្លាំងពលកម្ម ជាហេតុធ្វើឱ្យការសាងសង់ត្រូវពន្យារពេល ដោយបង្ខំឱ្យអ្នកទិញផ្ទះត្រូវរង់ចាំយូរ និងការចំណាយកើនឡើងសម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលកំពុងប្រឈមនឹងពន្ធកាន់តែខ្ពស់ ព្រមទាំងអតិផរណាផងដែរ។
លោកស្រី Alice Tan ប្រធានផ្នែកប្រឹក្សាយោបល់នៅក្រុមហ៊ុនសេវាអចលនទ្រព្យអង់គ្លេស Knight Frank ប្រចាំប្រទេសសិង្ហបុរី បានលើកឡើងថា “តាមការរំពឹងទុក ចំនួនផ្ទះឯកជនមានតិចសម្រាប់ការផ្គត់ផ្គង់នឹងធ្វើឱ្យតម្លៃហក់ឡើងកាន់តែខ្ពស់ ខណៈតម្រូវការផ្ទះនៅតែរឹងមាំ”។
យោងតាមលោក Wong Xian Yang ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនសេវាអចលនទ្រព្យអាមេរិក Cushman & Wakefield Plc ប្រចាំប្រទេសសិង្ហបុរី ឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ដើមឆ្នាំនេះ ប្រទេសសិង្ហបុរី មានផ្ទះមិនទាន់លក់ចេញចំនួន១៤.០៨៧យូនីត ដែលកំពុងសាងសង់ ហើយនេះជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០៦មក។ ចំនួននេះខុសគ្នាឆ្ងាយណាស់ បើធៀបនឹង៣០.១៦២យូនីតក្នុងឆ្នាំ២០២០។
លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគប្រចាំក្រុមហ៊ុនសេវាអចលនទ្រព្យសិង្ហបុរី OrangeTee & Tie បានថ្លែងថា ចំនួននេះទំនងជាមិនទទួលបានការជំរុញពីផែនការរបស់រដ្ឋាភិបាល ក្នុងការបញ្ចេញដីបន្ថែមទៀត សម្រាប់លក់នៅឆ្នាំនេះទេ ព្រោះដីធ្លីទាំងនោះនឹងមិនចូលទីផ្សារលំនៅដ្ឋានរហូតដល់ឆ្នាំ២០២៣។ ដូចនេះការផ្គត់ផ្គង់អាចនឹងបន្តអូសបន្លាយមួយរយៈ”។
លោកស្រីបានលើកឡើងដោយផ្អែកលើការប៉ាន់ស្មានរបស់អ្នកវិភាគថា នៅឆ្នាំនេះ អាផាតម៉ិនឯកជនថ្មីៗប្រមាណ៧.០០០ទៅ៨.០០០យូនីតអាចនឹងត្រូវដាក់លក់។ លោកស្រីគូសបញ្ជាក់ថា តួលេខនេះគឺទាបជាងគ្នាឆ្ងាយណាស់ បើធៀបកម្រិតមធ្យមប្រចាំឆ្នាំចំនួន១០.៧៥០យូនីតចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១៕