ដោយ៖ សុផារី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសថា រាជរដ្ឋាភិបាលបានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ហើយទុកឱ្យប្រជាជនទាំងអស់ ជាអ្នកសម្រេចថា តើគួរពាក់ម៉ាស ឬមិនពាក់ម៉ាស។
យោងតាមសារជាសំឡេងពិសេស របស់សម្ដេចតេជោ នៅព្រឹកថ្ងៃនេះ បានឱ្យដឹងថា “បន្ទាប់ពីមានការដឹកនាំកិច្ចប្រជុំពីសំណាក់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការប្រចាំការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងមន្ត្រីពាក់ព័ន្ធនានារួចមក គឺរាជរដ្ឋាភិបាល បានលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ក្រៅតែពីកន្លែងបិទជិតដោយទុកឱ្យប្រជាជនទាំងអស់ ធ្វើការសម្រេចចិត្តដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស”។
សម្តេចបានថ្លែងថា ដូច្នេះ ចាប់ពីពេលនេះតទៅបងប្អូនមានសិទ្ធក្នុងការសម្រេចចិត្តថា តើគួរពាក់ម៉ាស់ ឬទេ លើកលែងតែ ក្នុងទីតាំងទាំងឡាយណាដែលបិទជិត ដូចជា រោងភាពយន្ត បន្ទប់ប្រជុំ ឬបន្ទប់ម៉ាស៊ីនត្រជាក់ តែក្នុងករណីលំហរនៅខាងក្រៅអាចដោះម៉ាស់ចេញបាន ដូចជា តាមដងផ្លូវ សួនច្បារ ទីសាធារណៈ ជាដើម។
បើតាមការលើកឡើងរបស់សម្តេច កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កន្លងមក នៅក្នុងប្រទេសកម្ពុជា ជាលើកដំបូង មិនមានករណីអ្នកឆ្លងកូវីដ១៩នោះទេ។ ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ គឺធ្វើតាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីជួយកាត់បន្ថយការចំណាយប្រចាំលើម៉ាស់ និងការបង្វែរកញ្ចប់ថវិកានេះទៅប្រើប្រាស់លើផ្នែកផ្សេងទៀត។
យ៉ាងណាក្តី សម្តេចនៅតែបន្តអំពាវនាវឱ្យរក្សាទុកម៉ាស់នៅជាប់នឹងខ្លួន ហើយនៅបន្តការពារខ្លួនជានិច្ច កំណត់ឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាទទួលដូសវ៉ាក់ស៊ាំង ជំរុញដូសទី៣ឱ្យបានគ្រប់ៗគ្នា៕