កម្ពុជា និង​កាណាដា ជំរុញ​ការលើក​កំពស់ និង​សម្របសម្រួល​ពាណិជ្ជកម្ម

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​កម្ពុជា និង​កាណាដា បាន​ឯកភាព​បន្ត​កិច្ចព្រមព្រៀង​ស្តីពី​ការសម្រួល​ពាណិជ្ជកម្ម ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទេ្វ​ភាគី ដោយ​ឈរ​មូលដ្ឋាន​ឈ្នះ-ឈ្នះ ខណៈ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ​នឹង​ផុត សុពលភាព​កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមក។

ក្នុងជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រវាង​លោក ប៉ាន សូរ​ស័​ក្កិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជាមួយ​លោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី១៦ ខែតុលា ឆ្នាំ២០១៨កន្លងមក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជម្រាប​ភាគី​កាណាដា អំពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​កម្ពុជា ដែល​បានមកពី​ការចូលរួម​នៃ​វិស័យ​សំណង់ វាយ​ន​ភណ្ឌ ទេសចរណ៍ និង​កសិកម្ម។ នៅក្នុង​នោះ ទឹកប្រាក់​នៃ​ឧស្សាហកម្ម​កាត់ដេរ (ឆ្នាំ២០១៧) មាន​ចំនួន​ប្រមាណ៧ពាន់​លាន​ដុល្លា​អាមេរិក ហើយ​ឧស្សាហ​កម្មនេះ បាន​បង្កើត​ការងារ​ជូន​ប្រជាជន៧៦ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​នៅតាម​តំបន់​ជនបទ។

លោក ប៉ាន សូរ​ស័​ក្កិ បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​គាំទ្រ​វិស័យ​វាយ​ន​ភណ្ឌ តាមរយៈ​ការបន្ត​ស្វែងរក​ទីផ្សារ​សក្តានុពល​បន្ថែម និង​ការបង្កើន​ប្រាក់បៀវត្ស​អតិបរមា​ជូន​កម្មករ-និយោជិត ចាប់ពី១៤០ដុល្លារ ក្នុង​ឆ្នាំ២០១៦ ដល់ ១៧០ដុល្លារ​ក្នុង​ឆ្នាំ២០១៨ ហើយ​គ្រោង​នឹង​បង្កើន​ឱ្យបាន១៨២ដុល្លារ នៅ​ឆ្នាំ២០១៩ ខាងមុខ​ថែមទៀត។

លោក​បាន​បន្តថា“រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុលោម​តាម​កាតព្វកិច្ច​ការងារ ដែល​អង្គការ ILO បានកំណត់​តាំងពី​ឆ្នាំ១៩៩៩ និង​បាន​គាំទ្រ​ការអនុវត្ត​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នៃ​រោងចក្រ​កម្ពុជា (Better Factory Cambodia) ដើម្បី​លើកស្ទួយ​លក្ខខណ្ឌ​ការងារ និង​ការប្រកួតប្រជែង​ក្នុង​វិស័យនេះ។

ជាការ​ឆ្លើយតប លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​លើកទឹកចិត្ត​រដ្ឋាភិបាល​កម្ពុជា បន្ត​ប្រឹងប្រែង និង​ប្រកាន់​និយាម​ការងារ​នេះ​បន្តទៀត ដើម្បី​នាំមក​នូវ​ភាព​ឈ្នះ-ឈ្នះ ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ សម្រាប់​ឧស្សាហកម្ម​មួយ​នេះ ហើយ​លោកជំទាវ នឹង​ពិនិត្យ​លទ្ធភាព​ជួយ​កៀរគរ​វិនិយោគិន​កាណាដា ឱ្យ​ចូលមក​បណ្តាក់ទុន​លើ​ការកែច្នៃ​វត្ថុធាតុដើមសំខាន់ៗ ដើម្បី​បម្រើការ​អភិវឌ្ឍ​ឧស្សាហកម្ម​វាយនភ័ណ្ឌ និង​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម នៅ​កម្ពុជា។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កាណាដា​កាលពី​ឆ្នាំមុន សម្រេចបាន​ទឹកប្រាក់​សរុប១,០៤ប៊ី​លាន​ដុល្លារ​អាមេរិក ជាមួយ​អត្រាកំណើន​ប្រចាំឆ្នាំ គិត​ជា​មធ្យម ១១ភាគរយ។ ក្នុងនោះ​ទឹកប្រាក់​នាំ​ចេញពី​កម្ពុជា​ទៅ​កាណាដា មាន​ចំនួន១ពាន់​លាន​ដុល្លារ​អាមេរិក និង​នាំចូល​មាន​ចំនួន៤០លាន​ដុល្លារ​អាមេរិក។ ចំពោះ​ផលិតផល​សក្តានុពល​នាំចេញ​របស់​កម្ពុជា រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿង​បង្គុំ​យានយន្ត គ្រឿង​សង្ហា​រឹម ផ្លា​ស្ទីក ផលិតផល​ក្មេង​លេង និង​ទំនិញ​កសិកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here