ដោយៈសុខុម
ប៉េកាំង: នៅឯកិច្ចប្រជុំកំពូលមួយស្ដីពី សេដ្ឋកិច្ច ប្រធានាធិបតីចិន លោកស៊ី ជីនភីង បានប្រកាសថា ប្រទេសចិន នឹងសម្រុកបង្កើនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញតម្រូវការក្នុងស្រុក ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមទូរទស្សន៍រដ្ឋបានផ្សាយកាលពីថ្ងៃអង្គារ ទី២៦ ខែមេសា។
សេដ្ឋកិច្ចប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកកំពុងប្រឈមហានិភ័យដាំក្បាលចុះខ្លាំង ខណៈការរឹតបន្តឹងវិធានការទប់ស្កាត់កូវីដ-១៩ យ៉ាងតឹងរ៉ឹងបានជះផលប៉ះពាល់ ដល់ការចំណាយរបស់អ្នកប្រើប្រាស់ ទីផ្សារអចលនទ្រព្យនៅតែជាប់គាំងក្នុងវិបត្តិ ហើយការនាំចេញក៏កាន់តែធ្លាក់ចុះបន្ថែមទៀត។
យោងតាមកិច្ចប្រជុំនោះឱ្យដឹងថា ការវិនិយោគនឹងត្រូវធ្វើឡើងទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែលផ្តល់ផលល្អដល់កំណើន ឧស្សាហកម្ម និងដើម្បីការពារសន្តិសុខជាតិ ហើយវិស័យដឹកជញ្ជូន ថាមពល និងធនធានទឹកនឹងស្ថិតក្នុងចំណោមគម្រោងដែលត្រូវផ្ដោតជាសំខាន់។
រដ្ឋាភិបាលក្រុងប៉េកាំង នឹងពន្លឿនការសាងសង់គម្រោងថាមពលបៃតង និងបញ្ចេញកាបូនទាប កែលម្អបណ្តាញបំពង់បង្ហូរប្រេង និងឧស្ម័ន និងសាងសង់អាកាសយានដ្ឋានដឹកទំនិញក្នុងតំបន់។
ប្រភេទហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលរដ្ឋាភិបាលក្រុងប៉េកាំង នឹងផ្ដោតជាសំខាន់រួមទាំងប្រព័ន្ធ Super computing ប្រព័ន្ធ Cloud computing និង AI Platform ព្រមទាំងបណ្ដាញអ៊ីនធឺណិត Broadband ផងដែរ។
តម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងទាំងនេះ នឹងត្រូវផ្ដល់ជូន ហើយការចំណាយសារពើពន្ធនឹងត្រូវបានបង្កើន៕ Reuters៕