ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ សម្ដេចតេជោ ជំរុញឱ្យមានការកែប្រែតំបន់ធ្លាប់ប្រយុទ្ធគ្នា ឬតំបន់សមរភូមិក្ដៅ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស នៅតាមព្រំដែនកម្ពុជា-វៀតណាម។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបជាមួយ សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម នៅព្រឹកថ្ងៃទី ២៧ មេសា នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងលើសផែនការរាប់ពាន់លានដុល្លារ។ យើងត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កែប្រែតំបន់ធ្លាប់ប្រយុទ្ធគ្នា ឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជ កម្មបន្ថែមទៀត រួមជាមួយនឹងការពិនិត្យមើលអ្វី ដែលរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ អាចធ្វើការរួមគ្នាបន្តទៀត។
លោក ឌិញ ទៀនហ្ស៊ុង បានវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ របស់កម្ពុជា ហើយក៏បានគោរពរាយការណ៍ជូនសម្តេចតេជោ អំពីស្ថានភាពកូវីដ១៩ នៅរដ្ឋធានីហាណូយ ជាមួយស្ថានភាពសេដ្ឋកិច្ច ទិសដៅអភិវឌ្ឍន៍របស់រដ្ឋធានី និងការប្ដេជ្ញាចិត្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញ ពង្រីក ពង្រឹងមិត្តភាពនៃការអនុវត្តឲ្យទទួលបានជោគជ័យ នៅលើសេចកីថ្លែងការណ៍ កិច្ចព្រមព្រៀងនិងរាល់សេចក្ដី សម្រេចទាំងឡាយរបស់ថ្នាក់ដឹកនាំទាំងពីរ៕