រូបរាងចម្លែកគ្មានពីរនៃអគារការិយាល័យកណ្ដាលថ្មីរបស់ Amazon កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង

0

ដោយ៖ សុខុម

វ៉ាស៊ីនតោន: ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Amazon ទទួលបានភ្លើងខៀវ សម្រាប់ការចាប់ផ្ដើមសាងសង់អគារការិយាល័យកណ្ដាលថ្មីរបស់ខ្លួន ដែលមានរូបរាងចម្លែកគ្មានពីរនៅរដ្ឋ Virginia សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន KCCI News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៦ ខែមេសា ឱ្យដឹងថា អគារដែលមានរាងគូទខ្យងចម្លែកខុសគេគ្មានពីរនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន ប៉ុន្តែទន្ទឹមនេះក៏ផ្ទុះការសើចចំអកពេញបណ្ដាញអ៊ីនធឺណិតផងដែរដោយសារតែរូបរាងរបស់វា។

ប្លង់អគារការិយាល័យកណ្ដាលថ្មីរបស់ក្រុមហ៊ុន Amazon ដែលគ្រោងនឹងសាងសង់នៅវ៉ាស៊ីនតោន ឌីស៊ី នេះគឺជាគំនិតច្នៃប្រឌិតរបស់ក្រុមអ្នកឌីហ្សាញរបស់ក្រុមហ៊ុននេះផ្ទាល់តែម្ដង។

អគារនេះមានរចនាប័ទ្មជារង្វង់មូលកួចពីក្រោមឡើងទៅលើ ដែលមិនខុសពីគូទខ្យងនោះឡើយ ហើយគែមនៃរង្វង់ខាងក្រៅដែលព័ទ្ធពីក្រោមទៅដល់កំពូល គឺមានផ្លូវដែលអាចដើរបាន និងហ៊ុមព័ទ្ធដោយដើមឈើ និងរុក្ខជាតិបៃតង។

ក្រោយការសាងសង់បញ្ចប់ជាស្ថាពរ អគារដ៏ចម្លែកនេះនឹងបើកទទួលស្វាគមន៍សាធារណជន២ដងក្នុង១ខែ ដើម្បីឱ្យពួកគេមានឱកាសបានគយគន់ភាពស្រស់ស្អាតនៃរចនាប័ទ្មផ្នែកខាងក្រៅ។

យោងតាមសារព័ត៌មាន USA Today ដែលបានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៥ ខែមេសា ឱ្យដឹងថា ក្រុមហ៊ុន Amazon បានប្រកាសប្លង់អគារដ៏ចម្លែកកម្ពស់១០៧ម៉ែត្រនេះកាលពីខែកុម្ភៈ ឆ្នាំ២០២១ ហើយវានឹងមានសមត្ថភាពផ្ទុកបុគ្គលិកធ្វើការបានជាង២៥.០០០នាក់។

ក្រុមហ៊ុន Amazon និយាយថា ខ្លួនរំពឹងថា គម្រោងនេះនឹងត្រូវសាងសង់បញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២៥។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះមិនបានបញ្ជាក់ពីទំហំទុនវិនិយោគលើសំណង់អគារនេះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here