ដោយ: សហសេវិក
ភ្នំពេញៈ អភិបាលខេត្តពោធិសាត់ លោកជាវ តាយ បានចាប់ផ្តើមផ្តោតអាទិភាពលើការធ្វើឲ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ឋ ក្នុងខេត្តពោធិសាត់ត្រូវបានដាក់ក្នុងផែនការអាទិភាព។
រដ្ឋបាលខេត្តពោធិ៍សាត់អោយដឹងថា លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងកាលពីពេលថ្មីៗនេះ បានអញ្ជើញបើកការដ្ឋាន ស្ថាបនា«ផ្លូវក្រាលកៅស៊ូDBST ផ្លូវលេខ២០៩+១០៩ និងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ ផ្លូវ លេខ២០៥+២០៦+១០៣» ដែលជាផ្លូវអាទិភាព ក្នុងចំណោមផ្លូវដទៃទៀតនៃគម្រោងគ្រប់គ្រងកែលម្អបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើង នៅលើផ្លូវលេខ២០៩ ទល់មុខពហុកីឡដ្ឋានខេត្ត ដោយបានការអញ្ជើញចូលរួមពី លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានគម្រោងទីប្រឹ ក្សាបច្ចេកទេសគម្រោង ក្រុមហ៊ុនគិរីដងរែក អាជ្ញាមូលដ្ឋាន និងបងប្អូនពុកម៉ែប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា គម្រោង គ្រប់គ្រងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប បានរៀបចំសិក្សាចាប់តាំងពីឆ្នាំ២០១៤មក ម្ល៉េះហើយចាប់ផ្តើមអនុវត្តន៍ នៅដើមឆ្នាំ២០២០កន្លងទៅ។ គម្រោងនេះទទួលកញ្ចប់ថវិកាជា កម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តដោយក្រសួងសាធារណការ និងដឹក ជញ្ជូន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សា ត់ដែលក្នុងនោះរួមមាន “អាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង, ទំនប់ការពារទឹកជំនន់ ទីលានចាក់សម្រាម និងការធ្វើឱ្យប្រសើរឡើង ផ្លូវកៅស៊ូថ្មីក្នុងក្រុងពោធិ៍សាត់”។
បច្ចុប្បន្នអនុគម្រោងប្រព័ន្ធលូរំដោះ ទឹកភ្លៀង ទឹកស្អុយ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់សម្រេចបាន៨០%ហើយ គ្រោងនឹងបញ្ចប់ នៅខែមីនា ឆ្នាំ២០២២ខាងមុខ។
ដោយឡែកអនុគម្រោងទីលានចាក់សម្រាម សម្រេចបាន៨៥%ហើយ គ្រោងនឹងបញ្ចប់ នៅខែ កុម្ភៈឆ្នាំ២០២២ខាងមុខនេះ។ ថ្ងៃនេះគឺជាមោទនភាពសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ ដែលត្រូវបានថ្នាក់ដឹកនាំ អញ្ជើញបើកការដ្ឋានស្ថាបនា “ផ្លូវក្រាលកៅស៊ូDBST ផ្លូវលេខ២០ ៩+១០៩ និងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ ផ្លូវលេខ២០៥+២០៦+១០៣” ដែលជាផ្លូវអាទិ ភាពមួយ ក្នុងចំណោមផ្លូវដទៃទៀត ត្រូវបានរៀបចំប្រព័ន្ធលូរួចរាល់ ដើម្បីជាគុណប្រយោជន៍ ជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋបានប្រើប្រាស់។
លោក ជាវ តាយ បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់សោភ័ណភាព សុខសុវត្ថិភាពប្រជាពលរដ្ឋ និងដើម្បីលើកស្ទួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជា សេដ្ឋកិច្ចខេត្ត ឱ្យមានការរីកចម្រើននោះ ក៏បានរៀបចំតបណ្តាញភ្លើងបំភ្លឺផ្លូវសាធារណៈ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ ដែលគិតមកទល់ពេលនេះ បានចំនួន៣៥០អំពូលហើយ នឹងឈានទៅតម្លើងបន្ថែមដល់៥០០អំពូល ក្នុងជំហានទី១ សម្រាប់ជំហានទី២បន្តទៀត”។
លោកនឹងរៀបចំដំឡើងបន្ថែម រហូតដល់១០០០អំពូលLED ធ្វើយ៉ាងណាឱ្យគ្រប់ផ្លូវទាំងអស់ភ្លឺលែងងងឹត៕