រុស្ស៊ីព្រមានរឹបអូសទ្រព្យសម្បត្តិ អាល្លឺម៉ង់ដាក់លក្ខខ័ណ្ឌត្រលប់វិញ

0

 ដោយៈគង់ សូរិយា

        អន្តរជាតិៈ ស្របពេលដែលបណ្តាប្រទេសលោកខាងលិច ដែលដឹកនាំដោយអាមេរិក បានដាក់ទ័ណ្ឌកម្មកាន់តែធ្ងន់ធ្ងរ ប្រទេសរុស្ស៊ីបានព្រមានចាត់វិធានការណ៍រឹបអូសទ្រព្យសម្បត្តិ ដែលរុស្ស៊ីចាត់ទុកជាប្រទេសអមិត្ត។

រដ្ឋាភិបាលរុស្ស៉ីបានប្រកាសថា ខ្លួនអាចនឹងចាត់វិធានការរឹបអូស ទ្រព្យសម្បត្តិរបស់ក្រុមប្រទេស ដែលខ្លួនចាត់ទុកថា ប្រកាន់ជំហរអមិត្តចំពោះរុស្ស៉ី ជាការសងសឹងទៅនឹងផែនការរបស់សហរដ្ឋអាមេរិក ដែលចង់លក់ទ្រព្យសម្បត្តិ របស់មហាសេដ្ឋីរុស្ស៉ី ដើម្បីយកទៅជួយអ៊ុយក្រែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។

តាមរយៈបណ្តាញ Telegram ប្រធានសភាជាន់ទាបរបស់រុស្ស៉ី លោក វីយ៉ាឆេសឡេវ វ៉ូឡូឌីន (Vyacheslav Volodin) បានលើកឡើងថា បើនិយាយពីក្រុមហ៊ុននៅក្នុងទឹកដីរុ ស្ស៉ី ដែលមានម្ចាស់ជាពលរដ្ឋនៃបណ្តាប្រទេសអមិត្ត ហើយបានសម្រេចចាត់វិធានការរឹបអូសទ្រព្យសម្បត្តិរុស្ស៉ី វាគឺជាទង្វើស្មើភាពក្នុងការចាត់វិធានការឆ្លើយទៅវិញ តាមរយៈការរឹបអូសទ្រព្យសម្បត្តិដូចគ្នា ហើយប្រាក់ចំណូ​ល ដែលបានមកពីការលក់ទ្រព្យទាំងនោះ នឹងត្រូវប្រើសម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង

លោក Volodin បានចោទប្រកាន់ ប្រទេសអមិត្ត មួយចំនួនដូចជា លីទុយអានី ឡេតូនី ប៉ូឡូញ ព្រមទាំងសហរដ្ឋអាមេរិកផងដែរ ថា កំពុងបំពានច្បាប់អន្តរជាតិ ហើយធ្វើសកម្មភាព ដូចជា ចោរសុទ្ធសាធយ៉ាងដូច្នោះ។ លោកបានបន្ថែមថា សព្វថ្ងៃពាណិជ្ជកររុស្ស៉ី កំពុងទិញយក ក្រុមហ៊ុនបរទេសដែលធ្វើប្រតិបត្តិការនៅរុស្ស៉ី និងទិញយកភាគហ៊ុនរបស់ដៃគូ ដែលចង់ចាកចេញពីទីផ្សាររុស្ស៉ី។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា ប៊ែរបុក (Annalena Baerbock) បាននិយាយថា ទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច ដែលបានដាក់លើប្រទេសរុស្ស៉ី ជុំវិញការឈ្លានពានលើប្រទេសអ៊ុយក្រែន នឹងមិនត្រូវដកចេញទេ លុះត្រា​តែរុស្ស៉ីដកទ័ពពីអ៊ុយក្រែន។

មានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយជាមួយ ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ ប៊ីល (Bild) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោកស្រី Baerbock បានពន្យល់ថាបទឈប់បាញ់គ្នាអាចជាជំហានដំបូងប៉ុណ្ណោះនៅពេលនិយាយអំពីការដកទណ្ឌកម្ម។

លោកស្រី Baerbock បានគូសបញ្ជាក់ថា “សម្រាប់ពួកយើង វាច្បាស់ណាស់ថា ទណ្ឌកម្មអាចត្រូវបានដកចេញវិញបាន លុះត្រាតែរុស្ស៉ីដកទ័ពពីអ៊ុយក្រែន។ លោកស្រីបន្តថា សន្តិភាពយោងតាមលក្ខខណ្ឌ ដែលកំណត់ដោយរុស្ស៉ី នឹងមិនអាចនាំមកនូវសន្តិសុខដល់អ៊ុយក្រែន ឬទ្វីបអឺរ៉ុបនោះទេ។ ក្នុងករណីអាក្រក់បំផុត វានឹងផ្តល់ជាឱកាសឱ្យមានសង្រ្គាមបន្ទាប់ផ្ទុះឡើង ហើយអាចកាន់តែជិតព្រំប្រទល់របស់យើងថែមទៀត

លោកស្រី Baerbock បានបន្ថែមថា ការវាយប្រហាររបស់រុស្ស៉ី លើអ៊ុយក្រែនបានបំផ្លាញសន្តិភាព ដែលមិនអាចកាត់ថ្លៃបាន នៅក្នុងទ្វីបអឺរ៉ុប ហើយវាមិនអាចត្រលប់ក្រោយ ទៅរកកាលពីមុនថ្ងៃទី២៤ ខែកុម្ភៈ ទេ ជាពេលដែលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានប្រកាស ប្រតិបត្តិការយោធាពិសេស របស់ខ្លួន ទោះមុនពេលនោះ មានការធានាអះអាង ពីរដ្ឋាភិបាលរបស់លោកថា មិនមានផែនការវាយប្រហារលើអ៊ុយក្រែន ត្រូវបានគ្រោងទុកក៏ដោយ។

លោកស្រីបានបញ្ជាក់ថា យើងមិនអាចពឹងផ្អែកលើ ការសន្យារបស់លោកពូទីន តែម្នាក់ឯងទៀតទេ។ សហគមន៍អន្តរជាតិ មានទំនួលខុសត្រូវ ក្នុងការធានាឱ្យអ៊ុយក្រែនមានកម្លាំងគ្រប់គ្រាន់ ក្នុងការសម្រេចចិត្តដោយខ្លួនឯង។ ជនជាតិអ៊ុយក្រែន គឺជាអ្នកដែលកំពុងស្លាប់នៅក្នុងសង្រ្គាមនេះ ហើយដែលត្រូវបានគំរាមកំហែង ដោយការជិះជាន់ និងការធ្វើទារុណកម្ម ក្រោមការកាន់កាប់របស់រុស្ស៉ី។ គ្មាននរណាម្នាក់ មានសិទ្ធិកំណត់ឱ្យពួកគេទេ

 

LEAVE A REPLY

Please enter your comment!
Please enter your name here