ពូទីន គំរាមលោកខាងលិចថា ក្រុងមូស្គូអាចនឹងលុបចោលការនាំចេញ និងកិច្ចព្រមព្រៀងទាំងអស់

0

ដោយៈសុខុម

ម៉ូស្គូ: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមលោកខាងលិចយ៉ាងធ្ងន់ធ្ងរបំផុត កាលពីថ្ងៃអង្គារ ទី៣ ខែឧសភាកន្លងមកថា លោកអាចនឹងលុបចោលការនាំចេញ និងកិច្ចព្រមព្រៀងទាំងអស់ ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មដែលសហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តដាក់មកលើរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមឈ្លានពានអ៊ុយក្រែន។

លោក ពូទីន ដែលបានក្លាយជាមេដឹកនាំកំពូលរបស់រុស្ស៊ី ចាប់តាំងពីឆ្នាំ១៩៩៩ មកបានចុះហត្ថលេខាលើក្រឹត្យ ដ៏ទូលំទូលាយមួយកាលពីថ្ងៃអង្គារ ទី៣ ខែឧសភា ដែលហាមឃាត់ការនាំចេញផលិតផល និងវត្ថុធាតុដើមទៅកាន់បុគ្គល និងអង្គភាពជាប់ឈ្មោះក្នុងបញ្ជីទណ្ឌកម្ម​ ដែលលោកបានណែនាំឱ្យរដ្ឋាភិបាលរបស់លោក ត្រៀមរៀបចំក្នុងរយៈពេល១០ថ្ងៃ។

ក្រឹត្យដែលបានចូលជាធរមាន នៅពេលចេញផ្សាយនេះ ផ្តល់ឱ្យរដ្ឋាភិបាលក្រុងមូស្គូ នូវអំណាចសាបព្រួសភាពវឹកវរ នៅទូទាំងទីផ្សារពិភពលោក ព្រោះរដ្ឋាភិបាល មានសិទ្ធិអាចបញ្ឈប់ការនាំចេញ ឬលុបចោលរាល់កិច្ចសន្យាជាមួយអង្គភាព ឬបុគ្គលដែលខ្លួនបានដាក់ទណ្ឌកម្ម។

រដ្ឋាភិបាលរុស្ស៊ី មានរយៈពេល១០ថ្ងៃ ដើម្បីរៀបចំបញ្ជីឈ្មោះអ្នកដែលខ្លួននឹងដាក់ទណ្ឌកម្ម ពោលគឺលើសពីក្រុមអ្នកនយោបាយលោកខាងលិច ដែលខ្លួនមានក្នុងបញ្ជីទណ្ឌកម្មរួចហើយ។

ក្រឹតនេះដាក់ចេញនូវ “វិធានការពិសេស ជាការសងសឹកផ្នែកសេដ្ឋកិច្ចដើម្បីឆ្លើយតប ទៅនឹងទង្វើបង្ករឿងរបស់រដ្ឋបរទេស និងស្ថាប័នអន្តរជាតិមួយចំនួន”៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here