ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ប្រកាសបោះទុនវិនិយោគ៥០០ពាន់​លាន​ដុល្លារ​នៅសហរដ្ឋអាមេរិក​ក្នុង​រយៈពេល៤ឆ្នាំ​

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានប្រកាសថា ខ្លួនគ្រោងនឹងបោះទុនវិនិយោគជាង៥០០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកក្នុងរយៈពេល៤ឆ្នាំខាងមុខ និងជួលបុគ្គលិកចំនួន២០.០០០នាក់។

ការប្រកាសបែបនេះរបស់ក្រុមហ៊ុន Apple ទំនងមានគោលដៅដើម្បីផ្គាប់ចិត្តប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ ដែលបានជំរុញឱ្យបណ្តាក្រុមហ៊ុនអាមេរិកធំៗផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេទៅកាន់ទឹកដីអាមេរិកវិញ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមានទីស្នាក់ការកណ្តាលនៅតំបន់ Silicon Valley ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ាមួយនេះបានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានប្តេជ្ញាបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ធំបំផុតមិនធ្លាប់មានជាង៥០០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកក្នុងរយៈពេល៤ឆ្នាំខាងមុខ”។

លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានអះអាងថា “យើងមានសុទិដ្ឋិនិយមចំពោះអនាគតនៃនវានុវត្តន៍របស់សហរដ្ឋអាមេរិក។ ហើយយើងមានមោទនភាពក្នុងការបន្តបោះទុនវិនិយោគរយៈពេលវែងនៅសហរដ្ឋអាមេរិក”។

ក្រុមហ៊ុន Apple ក៏គ្រោងនឹងជួលបុគ្គលិកអាមេរិកចំនួន២០.០០០នាក់ផងដែរ ដោយការងារភាគច្រើនផ្តោតលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ វិស្វកម្ម Silicon ការអភិវឌ្ឍន៍កម្មវិធី និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)ជាដើម។

លើសពីនេះ ក្រុមហ៊ុន Apple ក៏គ្រោងបើករោងចក្រផលិតកម្មថ្មីមួយនៅទីក្រុង Houston នៃរដ្ឋតិចសាស់ (Texas) នៅក្នុងឆ្នាំ២០២៦ខាងមុខផងដែរ។

រោងចក្រនេះនឹងដំឡើងម៉ាសុីន Servers ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ថាមពលដល់មុខងារ Apple Intelligence។ រោងចក្រនេះនឹងជួយបង្កើតការងាររាប់ពាន់កន្លែងបន្ថែមទៀត៕ប្រភព: CNA៕

បច្ចុប្បន្នភាពៈជិតដាច់ខែ២ហើយ តើស្ថានភាពទីផ្សារអចលនវត្ថុកម្ពុជាកំពុងវិវត្តន៍ដូចម្តេច?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ទីផ្សារអចលនវត្ថុកម្ពុជា ពិតជាមានសញ្ញាប្រសើរឡើង នៅឆ្នាំនេះ បើធៀបនឹងឆ្នាំ២០២៤ ប៉ុន្តែសួរថាតើវាកំរើកឡើងវិញក្នុងចរន្តទីផ្សារបែបណា ជាអ្វីដែលយើងគួរស្វែងយល់បន្ថែមទៀត។

    អគ្គនាយិកាក្រុមហ៊ុនAMATAK Property Service Co, Ltdលោកស្រីតាំង ហួរបានលើកឡើងកាលពីដើមសប្តាហ៍នេះថា ស្ថានភាពទីផ្សារឆ្នាំនេះ តម្រូវការអចលនទ្រព្យនៅតែមានតម្រូវការទិញ ដូរ តែមិនច្រើនដូចមុនវិបត្តិកូវីដ១៩ ដោយនៅជាយក្រុងអ្នកទិញ គឺទិញ សម្រា​ប់សាងសង់រោងចក្រ សហគ្រាសនានា ប៉ុន្តែក្នុងក្រុងគឺទិញសម្រាប់សាងសង់អ្វីមួយ។

    លោកស្រីបញ្ជាក់ថា “យ៉ាងណាការទិញភាគច្រើនលើសលប់ គឺអ្នកទិញស្វែងរកអចលនទ្រព្យ ដែលមានតម្លៃទាបជាងទីផ្សារច្រើន”។ លោកស្រីបន្តថា “យ៉ាងណាអចលនទ្រព្យមិនជាប់គាំងទេ គឺស្ថានភាពនៅតែលក់បាន គ្រាន់តែតម្រូវការនៅមានចំនួនតិច”។

    យោងតាមការព្យាករណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំនេះ អាចងើបឡើងវិញក្នុងកំណើនជាង៦ភាគរយ ធៀបនឹងឆ្នាំ២០២៤។

    លោកស្រីតាំង ហួរបានបន្តថា ជាមួយគ្នានេះ ការលក់លំនៅដ្ឋាននៅតាមបុរីនានានៅតែលក់បានបណ្តើរៗ បន្ទាប់ពីសម្តេចធិបតី ជួយសម្រូលលើការមិនបង់ពន្ឋប្រថាប់ត្រា សម្រាប់ផ្ទះមានតម្លៃចាប់ពី៧ម៉ឺនដុល្លារចុះ និងមិនយកពន្ឋប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដំបូង ដែលមានតម្លៃចាប់ពី២១ម៉ឺនដុល្លារចុះផងដែរ។

    ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់ នាយកក្រុមហ៊ុនAdvance Real Estate បានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារគឺដូចជាមិនទាន់ មានអ្វីប្រែប្រួលច្រើននៅឡើយទេ ប៉ុន្តែការប្រើប្រាស់ដីសម្រាប់តំបន់ឧស្សាហកម្មបានកើនឡើង ប៉ុន្តែមិនមានសញ្ញាជាដុំកំភួនច្រើននោះទេ។

    លោកបន្តថា ជាមួយគ្នានេះ តម្រូវការទីតាំងអាជីវកម្ម និងការលក់រាយនៅតាមតំបន់នានា បានកើនឡើងគួរឲ្យកត់សម្គាល់ទាំងនៅតាមផ្សារ និងនៅតាមតំបន់ផ្លូវពាណិជ្ជកម្មនានា។

    លើសពីនេះ លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធីបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការទិញ លក់អចលនទ្រព្យនៅតែដំណើរការយឺតៗ មិនមានសញ្ញាប្រែប្រួលច្រើននៅឡើយទេ ប៉ុន្តែយ៉ាងណាស្ថានភាព ពិតជាមានភាពប្រសើរជាងឆ្នាំ២០២៤កន្លងមកនេះ៕

តើទីក្រុងប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣ណាខ្លះរបស់កម្ពុជា ដែលមានសក្តានុពលខ្ពស់សម្រាប់បណ្តាអ្នកវិនិយោគថៃ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារខ្នាតយក្ស Siam Commercial Bank (SCB)របស់ប្រទេសថៃបានអះអាងថា ការបន្តរីកចម្រើនជាលំដាប់នៃកំណើនសេដ្ឋកិច្ច បានធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាគោលដៅមួយ ដែលបណ្តាសហគ្រិន ឬអ្នកវិនិយោគបរទេសចាប់អារម្មណ៍ ក្នុងការពង្រីកអាជីវកម្មក្នុងប្រទេសមួយនេះ។

ជាមួយគ្នានេះ កម្លាំងពលកម្មនៅកម្ពុជាមានតម្លៃសមរម្យ បូករួមទាំងវប្បធម៌ បរិស្ថាន និងធនធានធម្មជាតិដ៏សម្បូរបែប។ ជាងនេះទៅទៀត គោលនយោបាយ និងវិធានការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ក៏មានភាពអនុគ្រោះ ដល់បណ្តាអ្នកវិនិយោគបរទេសផងដែរ។

កត្តាទាំងនេះបានធ្វើឱ្យបណ្តាសហគ្រិន និងអ្នកវិនិយោគអន្តរជាតិសម្លឹងឃើញឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។

ធនាគារ Siam Commercial Bank បានលើកឡើងនូវទីក្រុងប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣របស់កម្ពុជា ដែលនឹងក្លាយជាឱកាសសម្រាប់បណ្តាសហគ្រិនថៃ ដែលគ្រោងពង្រីកអាជីវកម្ម និងស្វែងរកឱកាសវិនិយោគថ្មីនាពេលអនាគត។

ទី១: រាជធានីភ្នំពេញ

រាជធានីភ្នំពេញ​ជា​មជ្ឈមណ្ឌល​ធុរកិច្ច ឧស្សាហកម្ម នយោបាយ ការអប់រំ សេដ្ឋកិច្ច បេតិកភណ្ឌ​វប្បធម៌ និង​ការទូត​របស់​កម្ពុជា។ រាជធានីភ្នំពេញ មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ប្រសព្វ ​នៃ​ទន្លេបាសាក់ ទន្លេសាប និងទន្លេមេគង្គ។

ទន្លេទាំង៣នេះ ជាប្រភពទឹកសាប និងជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់សម្រាប់ទីក្រុងភ្នំពេញ។

រាជធានីភ្នំពេញ ក៏មានតំបន់សេដ្ឋកិច្ចពិសេសមួយផងដែរ ដែលមានឈ្មោះថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។ តំបន់នេះត្រូវបានអភិវឌ្ឍន៍ឡើង ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគបរទេ​ស មកបង្កើតមូលដ្ឋានផលិតកម្មនៅក្នុងប្រទេសកម្ពុជា។

លើសពីនេះ រាជធានីភ្នំពេញ ក៏ជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយផងដែរ ដែលរួមមានតំបន់ទេសចរណ៍ជាច្រើន ដូចជា ព្រះបរមរាជវាំង វត្តភ្នំ និងវត្តឧណ្ណាលោមជាដើម។

ទី២: ទីក្រុងព្រះសីហនុ

ទីក្រុងព្រះសីហនុ ជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ទីក្រុងនេះមានកំពង់ផែ​សមុទ្រ​ទឹកជ្រៅ​ ដែលអាចអនុញ្ញាតឱ្យនាវា​ពាណិជ្ជកម្ម​ធំៗ តាមផ្លូវសមុទ្រចូលចតបាន។

លើសពីនេះ ទីក្រុងព្រះសីហនុ មានខ្សែរថភ្លើងដែលតភ្ជាប់មកកាន់រាជធានីភ្នំពេញ និង​អាកាសយានដ្ឋានអន្តរជាតិ ដែលមានសមត្ថភាព ទទួលអ្នកដំណើរជាង៦០ម៉ឺននាក់ក្នុងមួយថ្ងៃ។ ការណ៍នេះបានចូលរួមចំណែកយ៉ាងសំខាន់ ​ដល់ការទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តឆ្នេរ​សមុទ្រ ដ៏ស្រស់ស្អាត​របស់ខេត្តព្រះសីហនុ។

ជាពិសេសទៀតនោះ ទីក្រុងកំពង់ផែមួយនេះ ក៏មានសក្តានុពលធនធានប្រេង និងឧស្ម័នធម្មជាតិផងដែរ។ ទន្ទឹមគ្នានោះ ទីក្រុងព្រះសីហនុ ជាមូលដ្ឋានផលិតកម្មធំជាងគេទី២របស់កម្ពុជា បន្ទាប់ពីទីក្រុងភ្នំពេញ។

រដ្ឋាភិបាលកម្ពុជា បានបង្កើតរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មចំនួន៣ ទីតាំងនៅខេត្តព្រះសីហនុ ដែលអាចផលិតថាមពលអគ្គិសនីចំនួន២០ភាគរយ នៃសមត្ថភាពផលិតថាមពលសរុបរបស់កម្ពុជា។

បច្ចុប្បន្ននេះ បណ្តាអ្នកវិនិយោគធំៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើខេត្តព្រះសីហនុ ជាពិសេសការវិនិយោគលើអចលនទ្រព្យ។

ម៉្យាងវិញទៀត ទីក្រុងព្រះសីហនុ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ក្លាយ​ជា​ទីក្រុង​ទំនើប​នា​ពេល​អនាគត។ ការណ៍នេះបានធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​ន៍លំនៅដ្ឋានតម្លៃ​សមរម្យ ​ក្នុងទីក្រុងព្រះសីហនុ នៅ​តែ​មាន​តម្រូវ​ការ​ខ្ពស់។

ទី៣: ខេត្តកោះកុង

ទោះបីជាខេត្តកោះកុង មិនសូវទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីបណ្តាអ្នកវិនិយោគបរទេសជាទូទៅយ៉ាងណាក្តី ប៉ុន្តែបណ្តាសហគ្រិនថៃ នៅតែសម្លឹងឃើញឱកាសវិនិយោគជាច្រើន ព្រោះ​ខេត្ត​កោះកុង​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​ត្រាត​របស់​ប្រទេសថៃ។

ម៉្យាងវិញទៀត ការធ្វើដំណើរពីទីក្រុងបាងកក មកកាន់ខេត្តកោះកុង ចំណាយពេលត្រឹមតែ៦ម៉ោងប៉ុណ្ណោះ។ ជាពិសេសប្រជាជនភាគច្រើនរស់នៅខេត្តកោះកុង អាចនិយាយភាសាថៃបាន។

គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ខេត្តកោះកុង រួមមាន ការកសាងគម្រោងកំពង់ផែសមុទ្រទឹកជ្រៅ ដែលមានផ្ទៃក្រឡាជាង៣៦០គីឡូម៉ែត្រការ៉េ និងព្រលានយន្តហោះអន្តរជាតិតារាសាគរ ដែលបោះទុនវិនិយោគ ដោយក្រុមហ៊ុនUDG Group មកពីប្រទេសចិន៕ប្រភព: SCB៕

អ្នកឧកញ៉ាសំ សុខនឿនៈ ទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនឹងមានសន្ទុះខ្លាំងនៅឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាអ្នកអភិវឌ្ឍន៍មួយរូប និងតែងតែតាមដាននិន្នាការទីផ្សារ អ្នកឧកញ៉ាសំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupបានលើកឡើងថា ស្ថានភាពទីផ្សារលំនៅដ្ឋានតម្លៃសមរម្យ នឹងងើបឡើងវិញខ្លាំងនៅឆ្នាំ២០២៥នេះ។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ឆ្លើយតបនឹងគោលនយោបាយ សាងសង់លំនៅដ្ឋានតម្លៃសមរម្យ ដើម្បីឲ្យពលរដ្ឋមានលំនៅដ្ឋានសមរម្យរស់នៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ បានសហការជាមួយអ្នកឧកញ៉ាហុង ពីវ សាងសង់លំនៅដ្ឋានសហកម្មសិទ្ឋលក់ជូនប្រជាពលរដ្ឋ ដែលពួកគាត់អាចមានលទ្ឋភាពបង់បាន និងរស់នៅសមរម្យ។

អ្នកឧកញ៉ាបានបន្តថា “គំរោងបែបនេះនឹងទទួលបានជោគជ័យ ដោយ​សារអ្នកឧកញ៉ាហុង ពីវមានធនធានគ្រប់គ្រាន់ ហើយការសាងសង់របស់គាត់ក៏ចំណេញ​ ប៉ុន្តែចំណេញតិច”។ អ្នកឧកញ៉ាបន្តថា “បើគាត់សាងសង់ចប់ ហើយគាត់មានលទ្ឋភាពបែបនេះ គឺដឹងតែលក់ដាច់ហើយ ព្រោះប្រជាពលរដ្ឋអាចបង់ប្រចាំខែ តែជាង១០០ដុល្លារអាមេរិកប៉ុណ្ណោះ”។

អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា នៅពេលការសាងសង់ទទួលបានជោគជ័យ លោកគិតថាអ្នកអភិវឌ្ឈន៍ធំៗដទៃទៀត នឹងចាប់ផ្តើម​សាងសង់កំនៅដ្ឋានតម្លៃសមរម្យ សម្រាប់លក់ជូនប្រជាពលរដ្ឋផងដែរ ហើយចរន្តទីផ្សារលំនៅដ្ឋានបែបនេះនឹងងើបឡើង ដែលវាផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច សង្គម និងជួយសង្គមជាតិឲ្យកាន់តែមានភាពសុខដុម ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការនាំប្រទេស ឆ្ពោះទៅឋានៈជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ខាងមុខ៕

 

ក្រុមហ៊ុនធំមួយវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅកម្ពុជា

0

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mehmet CELEPOGLU អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប,​ លោក Mehmet CELEPOGLU បានថ្លែងអំណរគុណសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីប្រតិបតិ្តការអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies អន្តរជាតិ និងដំណើរការអាជីវកម្ម និងចក្ខុវិស័យនាពេលអនាគតប្រកបដោយភាពវិជ្ជមានរបស់ក្រុមហ៊ុន TotalEnergies នៅកម្ពុជា។

បន្ថែមលើនោះ, លោក Mehmet CELEPOGLU ក៏បានវាយតម្លៃជាវិជ្ជមានចំពោះស្ថានភាព​វិនិយោគនៅកម្ពុជា​ និងបង្ហាញពីចំណាប់អារម្មណ៍អំពីការដាក់ចេញនូវគោលនយោបាយ និងគំនិតផ្ដួចផ្ដើមដ៏ល្អជាច្រើនរាជរដ្ឋាភិបាល​ ដែលដឹកនាំដោយសម្ដេចបវរធិបតី ពិសេសលើការកែទម្រង់ពន្ធដា ដែលជាកម្មវិធីកែទម្រង់គាំទ្រដល់ការប្រកួតប្រជែងប្រកបដោយតម្លាភាព និងស្មើភាព។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍លោក Mehmet CELEPOGLU ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន TotalEnergies ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយទាក់ទាញការវិនិយោគ និងការលើកទឹកចិត្តផ្សេងៗដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា កត្តាទាំងនេះគឺជាកិច្ចការចាំបាច់របស់រាជរដ្ឋាភិបាល ដែលចាំបាច់ត្រូវតែធានានូវបរិយាកាសវិនិយោគមួយដែលអំណោយផលសម្រាប់វិនិយោគិន ការធានានូវភាពជោគជ័យ និងការលើកទឹកចិត្តដល់វិនិយោគិនដែលកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាធានា និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុន TotalEnergies បន្តផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ភាពជោគជ័យបន្ថែមទៀតរបស់ក្រុមហ៊ុន និងការដោះស្រាយបញ្ហាប្រឈមនានារបស់ក្រុមហ៊ុន ៕

ក្រុមហ៊ុនធំមួយគ្រោងវិនិយោគទឹកប្រាក់ជិត៥៣០លានដុល្លារលើការសាងសង់សណ្ឋាគារប្រណិត និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្រុងព្រះសីហនុ

0

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ និងប្រមូលធាតុចូល ស្តីពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ នៃគម្រោងសណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម របស់ក្រុមហ៊ុន ផឹនីនស្យូឡា បេ អ៊ីនវេសមិន ឯ.ក ដែលមានទុនវិនិយោគទំហំប្រមាណ ៥២៧លានដុល្លារអាមេរិច នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការអនុវត្តគម្រោងនេះត្រូវបានរំពឹងថានឹងផ្ដល់ជាប្រយោជន៍សំខាន់ៗនៅដំណាក់កាលសាងសង់ដូចជា៖ ការបង្កើតការងារជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, ការបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន, និងការជួយពង្រឹងដល់សេដ្ឋកិច្ចនៅក្នុងមូលដ្ឋានផងដែរ។

ទន្ទឹមគ្នា លោកអភិបាលរង បានសំណូមពរឱ្យម្ចាស់គម្រោងព្យាយាមគ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់បរិស្ថាន និងសង្គមមកនៅត្រឹមកម្រិតអប្បបរមា និងប្រើប្រាស់ធនធានទាំងអស់ដែលមាននៅក្នុងខេត្ត ក៏ដូចជាយកអ្នកបច្ចេកទេស និងកម្លាំងពលកម្មក្នុងស្រុកមកប្រើប្រាស់ឱ្យអស់លទ្ធភាព។

ជាលទ្ធផល ស្របជាមួយនឹងការគាំទ្រយ៉ាងកក់ក្តៅចំពោះគម្រោងនេះ តំណាងមន្ទីរ-អង្គភាព និងស្ថាប័នទាំងអស់បានចូលរួមមតិយោបល់ និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខ និងមានផលប៉ះពាល់តិចតួចបំផុត៕

អត្ថបទ៖ ព្រួញទេព

ប្រភព៖ hotnews-asia.com

Bangkok office market to take years to recover, experts warn

0

The oversupplied Bangkok office market will take at least five years to return to a balanced state, with several projects postponed without a definite timeline, according to property consultancy Cushman & Wakefield.

Aukit Pronpattanapairoj, head of office leasing, said the oversupply in Bangkok’s office market has led to construction delays for some new projects and more intense price competition among newly launched ones.

“The projects that have postponed construction are mostly large-scale developments, with a combined lettable area of at least 200,000 square metres, which were previously expected to add new supply between 2025 and 2028,” he said.

The largest supply would come from One Bangkok on Rama IV and Wireless roads, offering 150,000 square metres at Signature Tower, which, at a height of 430m, will become the tallest building in the country on completion. The project was originally scheduled for completion in 2028.

Another project is phase two of The Parq on Rama IV and Ratchadaphisek roads, contributing 50,000 sq m, which was initially planned for completion between 2024 and 2025.

Both projects have delayed construction indefinitely as they need to fill existing supply within their developments first.

Due to the oversupply, price competition to attract new tenants and retain existing ones has intensified, with discounts reaching up to 30% among new projects completed in the past two years.

Some office landlords are also offering 6-7 months of free rent for three-year contracts, Mr Aukit added.

Source: Bangkok post

អ្នកជំនាញ: និរន្តរភាពដើរតួនាទីយ៉ាងសំខាន់ក្នុងទិដ្ឋភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២៥នេះ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមអ្នកជំនាញមួយរូបបានលើកឡើងថា ទិដ្ឋភាពរបស់ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅក្នុងឆ្នាំ២០២៥នេះ នឹងមានការប្រែប្រួល ដោយសារការយល់ដឹងកាន់តែច្រើនឡើងអំពីនិរន្តរភាព និងការសាងសង់ប្រកបដោយភាពច្នៃប្រឌិត។

លោកបណ្ឌិត Alexander Evengroen នាយកប្រតិបត្តិក្រុមហ៊ុន ASEAN Realtor Inc. បានលើកឡើងថា ការបង្កើតរមណីយដ្ឋានអេកូទេសចរណ៍ប្រកបដោយនិរន្តរភាពនៅតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅប្រទេសកម្ពុជា ជាផ្លូវដ៏សំខាន់មួយឆ្ពោះទៅកាន់ភាពជោគជ័យនៃការអភិវឌ្ឍន៍អចលនទ្រព្យប្រកបដោយភាពច្នៃប្រឌិត។

ស្របពេលដែលវិស័យទេសចរណ៍របស់កម្ពុជាមានសន្ទុះងើបឡើងវិញ តម្រូវការក្នុងការស្វែងរកទីតាំងស្នាក់នៅ ដែលមិនជះផលប៉ះពាល់ដល់បរិស្ថានកំពុងកើនឡើង។

នៅក្នុងតំបន់ទីក្រុង ការប្រើប្រាស់សម្ភារៈសំណង់ និងបច្ចេកវិទ្យាបៃតងមានសារៈសំខាន់ណាស់សម្រាប់ការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។តាមរយៈការប្រើប្រាស់សម្ភារៈដែលមានប្រភពក្នុងស្រុក និងបច្ចេកទេសសំណង់ប្រកបដោយភាពច្នៃប្រឌិត អ្នកអភិវឌ្ឍន៍អាចកាត់បន្ថយការប្រើប្រាស់ថាមពល
និងបញ្ចេញកាបូនតិចជាងមុន។

តើកត្តានិរន្តរភាពមានសារៈសំខាន់យ៉ាងដូចម្តេចក្នុងការជំរុញការអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យ?។

និរន្តរភាពក្នុងការអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងការធានាបានថា ការរីកចម្រើនរបស់ប្រទេសកម្ពុជាមានទិសដៅស្របទៅតាមការថែរក្សាបរិស្ថាន និងទំនួលខុសត្រូវចំពោះសង្គម។

ក្នុងន័យនេះ លោកបណ្ឌិត Alexander Evengroen បានគូសបញ្ជាក់ថា ការគិតគូរអំពីនិរន្តរភាពទៅក្នុងគម្រោងអចលនទ្រព្យអាចជំរុញលទ្ធភាពសេដ្ឋកិច្ចរយៈពេលវែង និងដោះស្រាយបញ្ហាសំខាន់ៗ ដូចជា ការប្រែប្រួលអាកាសធាតុ និងការថយចុះនៃធនធាន។

តាមរយៈការផ្តល់អាទិភាពដល់និរន្តរភាព អ្នកអភិវឌ្ឍន៍មិនត្រឹមតែអាចបង្កើនភាពធន់នៃគម្រោងអចលនទ្រព្យរបស់ខ្លួនប៉ុណ្ណោះទេ។ ប៉ុន្តែ វាថែមទាំងបំពេញតាមតម្រូវការរបស់វិនិយោគិន ដែលគិតគូរដល់បរិស្ថានផងដែរ។ ការណ៍នេះ​ស្រប​នឹង​ការ​ផ្លាស់​ប្តូរ​ជា​សកល​ឆ្ពោះ​ទៅ​រក​និរន្តរភាពបៃតង។

តើទីផ្សារអចលនទ្រព្យរបស់កម្ពុជាមានចំណុចពិសេសអ្វីខ្លះ បើប្រៀបធៀបជាមួយប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន?។

ការរីកចម្រើននៃរមណីយដ្ឋានអេកូទេសចរណ៍ ជាពិសេសនៅតាមតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ជាចំណុចដ៏លេចធ្លោមួយនៅក្នុងតំបន់អាស៊ាន។

បណ្តាប្រទេសជិតខាងរបស់កម្ពុជា ដូចជាប្រទេសថៃ និងប្រទេសវៀតណាមបានបង្កើតរមណីយដ្ឋានអេកូទេសចរណ៍ដ៏លេចធ្លោជាច្រើនរួចទៅហើយ។ ប៉ុន្តែ តំបន់ឆ្នេរសមុទ្រនានានៅកម្ពុជាមិនទាន់ត្រូវបានទាញយកសក្តានុពលនៅឡើយ។

ដូច្នេះ តាមរយៈការបណ្តាក់ទុនវិនិយោគលើរមណីយដ្ឋានអេកូទេសចរណ៍ បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនឹងអាចបង្កើតបានបទពិសោធន៍ពិសេស ដែលមិនត្រឹមតែរក្សានិរន្តរភាពផ្នែកបរិស្ថានប៉ុណ្ណោះទេ។ ប៉ុន្តែ វាថែមទាំងបង្កើនការយល់ដឹងអំពីវប្បធម៌សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិផងដែរ។

លោកបណ្ឌិត Alexander Evengroen បានអះអាងឱ្យដឹងទៀតថា ការប្រើប្រាស់សម្ភារៈសំណង់ និងបច្ចេកទេសបៃតង ជាមូលដ្ឋានគ្រឹះសម្រាប់អនាគតនៃការអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជា។

ជាមួយគ្នានេះ ការផ្តោតការយកចិត្តទុកដាក់របស់កម្ពុជាលើសម្ភារៈដែលមានប្រភពក្នុងស្រុក និងបច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន អាចធ្វើឱ្យកម្ពុជាមានចំណុចពិសេស ស្របពេលដែលបណ្តាប្រទេសអាស៊ានជាច្រើនកំពុងងាកមកប្រើប្រាស់សម្ភារៈសំណង់ប្រកបដោយនិរន្តរភាព។

តួយ៉ាង ការប្រើប្រាស់ឬស្សី ដីឥដ្ឋ និងធនធានអាចកកើតឡើងវិញផ្សេងទៀតមិនត្រឹមតែកាត់បន្ថយឧស្ម័នកាបូនិកប៉ុណ្ណោះទេ។ ប៉ុន្តែ វាថែមទាំងជួយជំរុញដល់កំណើនសេដ្ឋកិច្ចក្នុងស្រុកផងដែរ។

តាមរយៈការផ្តល់អាទិភាពដល់សម្ភារៈសំណង់ទាំងនេះ អ្នកអភិវឌ្ឍន៍នៅកម្ពុជាអាចដើរឈានមុខគេនៅក្នុងការកសាងវិស័យសំណង់ប្រកបដោយនិរន្តរភាព និងភាពច្នៃប្រឌិត។

ម៉្យាងវិញទៀត ការប្រើប្រាស់ថាមពលកកើតឡើងវិញកាន់តែមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យ ហើយកម្ពុជាមានឱកាសប្រើប្រាស់ធនធានធម្មជាតិដ៏សម្បូរបែបរបស់ខ្លួន។

បណ្តាប្រទេសអាស៊ានដូចជាប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនកំពុងបោះជំហានទៅមុខក្នុងការធ្វើសមាហរណកម្មលើផ្នែកថាមពលកកើតឡើងវិញ។ កម្ពុជាអាចទាញយកផលប្រយោជន៍ពីសក្តានុពលនៃថាមពលពន្លឺព្រះអាទិត្យ និងទំនប់វារីអគ្គិសនី ដើម្បីផ្តល់ថាមពលដល់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗ។

តាមរយៈការដាក់បញ្ចូលបន្ទះស្រូបពន្លឺព្រះអាទិត្យ និងប្រព័ន្ធសន្សំសំចៃថាមពលទៅក្នុងគម្រោងលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម កម្ពុជាអាចកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងលើកកម្ពស់វិស័យថាមពលប្រកបដោយនិរន្តរភាព។ ការណ៍នេះស្របតាមនិន្នាការរបស់ពិភពលោកឆ្ពោះទៅរកប្រភពថាមពលកកើតឡើងវិញ។

លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យា Smart Home និង IoT ក្នុងគម្រោងលំនៅដ្ឋាន ជាកត្តាមួយផ្សេងទៀត ដែលអាចធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេមួយក្នុងតំបន់អាស៊ាន។

ខណៈប្រទេសសិង្ហបុរីឈរនៅជួរមុខគេក្នុងការបង្កើតគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃ កម្ពុជាអាចបំពេញតម្រូវការក្នុងស្រុក ដូចជាប្រសិទ្ធភាពថាមពល ការអភិរក្សទឹក និងការគ្រប់គ្រងកាកសំណល់ដោយប្រើប្រាស់បច្ចេកវិទ្យា Smart Home និង IoT ជាដើម៕ប្រភព: Linkedin៕

ការផ្គត់ផ្គង់ការិយាល័យលើសតម្រូវការក្នុងទីក្រុងបាងកកត្រូវការចំណាយពេល៥ឆ្នាំ ដើម្បីត្រលប់ទៅរកតុល្យភាពវិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការផ្គត់ផ្គង់ការិយាល័យលើសតម្រូវការនៅក្នុងទីក្រុងបាងកកនៃប្រទេសថៃនឹងចំណាយពេលយ៉ាងតិច៥ឆ្នាំដើម្បីត្រលប់ទៅរកតុល្យភាពវិញ ខណៈគម្រោងជាច្រើនត្រូវបានពន្យារពេល ដោយគ្មានកាលកំណត់ច្បាស់លាស់។

លោក Aukit Pronpattanapairoj អ្នកជំនាញនៅក្រុមហ៊ុន Cushman & Wakefield Thailand បានអះអាងថា ការផ្គត់ផ្គង់ការិយាល័យលើសតម្រូវការ បាននាំឱ្យអ្នកអភិវឌ្ឍន៍សម្រេចពន្យារពេលក្នុងការសាងសង់គម្រោងអគារការិយាល័យថ្មីមួយចំនួន។

ជាមួយគ្នានោះ លោក Aukit បានធ្វើការកត់សម្គាល់ឃើញមានការប្រកួតប្រជែងតម្លៃកាន់តែខ្លាំងក្លាក្នុងចំណោមគម្រោងអគារការិយាល័យ ដែលទើបនឹងចាប់ផ្តើមបើកដំណើរការថ្មី។

លោកបានបន្តថា “គម្រោងដែលបានផ្អាកការដ្ឋានសាងសង់ភាគច្រើនជាគម្រោងអភិវឌ្ឍន៍ខ្នាតធំ ដែលមានផ្ទៃក្រឡាការិយាល័យសរុបយ៉ាងតិច២០មុឺនម៉ែត្រការ៉េ។ ដើមឡើយ គម្រោងទាំងនោះត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅចន្លោះឆ្នាំ២០២៥ និងឆ្នាំ២០២៨”។

ម៉្យាងវិញទៀត ការប្រកួតប្រជែងផ្នែកតម្លៃដើម្បីទាក់ទាញអ្នកជួលថ្មី និងព្យាយាមរក្សាទុកអ្នកជួលដែលមានស្រាប់កំពុងបន្តកើនឡើង។

តួយ៉ាង អគារការិយាល័យថ្មីៗនៅក្នុងទីក្រុងបាងកក ដែលបានបញ្ចប់ការសាងសង់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះបានបញ្ចុះតម្លៃជួលចំនួន៣០ភាគរយដើម្បីទាក់ទាញអតិថិជន។នេះបើយោងតាមក្រុមហ៊ុន Cushman & Wakefield Thailand។

លោក Aukit បានគូសបញ្ជាក់ឱ្យដឹងបន្ថែមថា ម្ចាស់អគារការិយាល័យមួយចំនួនទៀតបានផ្តល់ជូនការជួលការិយាល័យដោយឥតគិតថ្លៃរយៈពេល៦ខែទៅ៧ខែដំបូងសម្រាប់អតិថិជន ឬក្រុមហ៊ុន ដែលយល់ព្រមចុះកិច្ចសន្យាជួលរយៈពេល៣ឆ្នាំ៕ប្រភព: Bangkok Post៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈ​ភាព​មិន​ប្រាកដ​ប្រជា​ ដែល​កើត​ចេញ​ពី​ផែនការ​ពន្ធ​គយរបស់​សហរដ្ឋ​អាមេរិកបានធ្វើឱ្យតម្រូវការមាសកើនឡើង។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៣ភាគរយដល់២៩១៨,៨៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៩ភាគរយដល់២៩៣៣,១០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៥,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៦,៤២ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៦,៣១ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៩៧ភាគរយដល់៣២,១៣ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៥៧ភាគរយដល់៩៧៤,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង១,០៣ភាគរយដល់៩៣២,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៥នាទីព្រឹក៕