ការសិក្សា: ឥណ្ឌូនេស៊ីអាចកៀរគរចំណូលបាន៥ពាន់លានដុល្លារអាមេរិកពីការដាក់ពន្ធលើទ្រព្យសម្បត្តិរបស់មហាសេដ្ឋី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយបានរកឃើញថា ប្រទេសឥណ្ឌូនេស៊ីអាចរកប្រាក់ចំណូលបន្ថែមបានចំនួនជាង៨១ទ្រីលានរូពៀ (ប្រមាណ៥ពាន់លានដុល្លារ) តាមរយៈការដាក់ពន្ធលើទ្រព្យសម្បត្តិរបស់មហាសេដ្ឋីធំជាងគេបំផុតទាំង៥០រូប។នេះបើយោងតាមការចុះផ្សាយដោយកាសែត Jakarta Globe។

ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលសិក្សាសេដ្ឋកិច្ច និងច្បាប់ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីហ្សាការតា (Celios) របស់ប្រទេសឥណ្ឌូនេសុី។

មជ្ឈមណ្ឌល Celios បានប៉ាន់ប្រមាណថា មនុស្សប្រមាណ២២.០០០នាក់ក្នុងប្រទេសឥណ្ឌូនេស៊ីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា “អ្នកមានលំដាប់កំពូល”ឬ“Super-rich”។ ពួកគេអាចចូលរួមចំណែកដល់ការជំរុញប្រាក់ចំណូលរបស់រដ្ឋ តាមរយៈការបង់ពន្ធលើទ្រព្យសម្បត្តិ។

លោក Wahyudi Askar នាយកទទួលបន្ទុកលើគោលនយោបាយសាធារណៈរបស់មជ្ឈមណ្ឌល Celios បានប៉ាន់ប្រមាណថា “ការកំណត់អត្រាពន្ធលើទ្រព្យសម្បត្តិក្នុងរង្វង់២ភាគរយលើអ្នកមានលំដាប់កំពូលចំនួន៥០រូប ក្នុងប្រទេសឥណ្ឌូនេស៊ី នឹងអាចបង្កើតប្រាក់ចំណូលប្រមាណ៨១,៦ទ្រីលានរូពៀ”។

យោងតាមមជ្ឈមណ្ឌល Celios បានឱ្យដឹងបន្តថា ក្រុមអ្នកមានលំដាប់កំពូលទាំង៥០រូបនោះមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន (Personal asset) ចាប់ពី១៥ទ្រីលានរូពៀ ព្រមទាំងមានទំហំទ្រព្យសម្បត្តិសុទ្ធជាមធ្យម (net worth) ចំនួន១៥៩ទ្រីលានរូពៀ។

លោក Wahyudi បានគូសបញ្ជាក់បន្ថែមថា “ការកំណត់ពន្ធលើទ្រព្យសម្បត្តិនឹងមិនត្រឹមតែអាចផ្តល់នូវលំហូរប្រាក់ចំណូលបន្ថែមសម្រាប់រដ្ឋប៉ុណ្ណោះទេ។ ការណ៍នេះថែមទាំងជួយលើកកម្ពស់សមធម៌សង្គមផងដែរ”៕ប្រភព: Jakarta Globe៕

ការងើបឡើងវិញនៃទីផ្សារលំនៅដ្ឋានអង់គ្លេសបាត់បង់សន្ទុះ ខណៈរដ្ឋាភិបាលប្រទេសនេះគ្រោងដំឡើងពន្ធបន្ថែម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការងើបឡើងវិញនៃទីផ្សារលំនៅដ្ឋានរបស់ប្រទេសអង់គ្លេសបានបាត់បង់សន្ទុះកាលពីខែកក្កដា ខណៈបណ្តាអតិថិជនមួយចំនួនបានបង្ហាញនូវក្តីបារម្ភអំពីផែនការដំឡើងពន្ធរបស់រដ្ឋាភិបាលអង់គ្លេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជាមួយគ្នានេះ ភាពមិនច្បាស់លាស់អំពីគោលនយោបាយអត្រាការប្រាក់នាពេលអនាគតរបស់ធនាគារកណ្តាលអង់គ្លេស(BoE)បានកើនឡើង។ ការណ៍នេះបានធ្វើឱ្យទស្សនវិស័យទីផ្សារលំនៅដ្ឋានក្នុងប្រទេសអង់គ្លេសជួបប្រទះភាពមិនប្រាកដប្រជា។

គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអង់គ្លេស ដែលមានសមាជិកចំនួន៩នាក់ បានបោះឆ្នោតក្នុងសំំឡេងគាំទ្រយ៉ាងប្រកៀកប្រកិតចំនួន៥ ទល់ជាមួយនឹងសំឡេងប្រឆាំងចំនួន៤ និងបានឈានទៅកាត់បន្ថយអត្រាការប្រាក់ពី៤,២៥ភាគរយមកនៅត្រឹម៤ភាគរយកាលពីសប្តាហ៍មុន។

ជាមួយគ្នានេះ ផែនការរបស់រាជរដ្ឋាភិបាលអង់គ្លេសក្នុងការដំឡើងពន្ធលើប្រាក់ចំណេញមូលធន(Capital gain tax) ពន្ធលើការផ្ទេរមរតក និងពន្ធលើបណ្តាអ្នកអភិវឌ្ឍន៍ អាចជះផលប៉ះពាល់ដល់ទីផ្សារលំនៅដ្ឋានរបស់ប្រទេសអង់គ្លេស។

ទីផ្សារ​លំនៅដ្ឋាន​​អង់គ្លេស​បាន​ជួបប្រទះភាពមិនច្បាស់លាស់​ក្នុង​ឆ្នាំ២០២៥នេះ។ បណ្តាអតិថិជនបានសម្រុកទិញផ្ទះ មុនពេលដែលការលើកលែងពន្ធលើការទិញផ្ទះបានផុតកំណត់កាលពីខែមេសា។ទោះជាយ៉ាងណា បន្ទាប់ពីនោះ ការលក់ផ្ទះបានថយចុះជាបន្តបន្ទាប់៕ប្រភព: Reuters៕

ទីផ្សារអចលនទ្រព្យអាស៊ានបង្ហាញឱកាសប្រកបដោយសក្តានុពលធំៗចំនួន៣ សម្រាប់អ្នកវិនិយោគ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលតំបន់អាស៊ានឈានចូលយុគសម័យថ្មីនៃការធ្វើនគរូបនីយកម្មទីក្រុង ទីផ្សារអចលនទ្រព្យអាស៊ានកំពុងបង្ហាញឱកាសវិនិយោគសំខាន់ៗ។ ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ អគារបៃតង និងគម្រោងអចលនទ្រព្យប្រើប្រាស់ចម្រុះ កំពុងរីកលូតលាស់នៅតំបន់អាស៊ាន។

រាប់ចាប់ពីការរីកចម្រើននៃតំបន់ឧស្សាហកម្មនៅប្រទេសវៀតណាម រហូតដល់ការវិនិយោគខុនដូដែលផ្តល់ផលចំណេញខ្ពស់នៅកម្ពុជា និងមជ្ឈមណ្ឌលទិន្នន័យនៅប្រទេសម៉ាឡេស៊ី បណ្តាអ្នកវិនិយោគ និងបណ្តាអ្នកអភិវឌ្ឍន៍កំពុងងាកទៅចាប់យកឱកាសនេះ។

ខាងក្រោមនេះជាឱកាសវិនិយោគសំខាន់ៗចំនួន៣ នៅក្នុងទីផ្សារអចលនទ្រព្យរបស់តំបន់អាស៊ាននាពេលបច្ចុប្បន្ន :

ទី១: ការអភិវឌ្ឍន៍អគារបៃតង ឆ្លាតវៃ និងអគារប្រើប្រាស់ចម្រុះ

ការរចនាអគារការិយាល័យ និងលំនៅដ្ឋានប្រកបដោយនិរន្តរភាពបានក្លាយជាការចាំបាច់។ ប្រព័ន្ធសន្សំសំចៃថាមពល និងការប្រើប្រាស់សម្ភារៈសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ជានិន្នាការ ដែលអាចទាក់ទាញបណ្តាអ្នកវិនិយោគចូលមកកាន់ទីផ្សារអាស៊ាន។

ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ដូចជារដ្ឋធានីថ្មី Nusantara របស់ប្រទេសឥណ្ឌូនេស៊ី និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទំនើបនៅប្រទេសសិង្ហបុរីកំពុងជំរុញឱ្យមានតម្រូវការលំនៅដ្ឋានបែបទំនើប ដោយបំពាក់នូវបច្ចេកវិទ្យា ។

ជាមួយគ្នានេះ ការអភិវឌ្ឍន៍អគារអចលនទ្រព្យប្រើប្រាស់ចម្រុះ ដោយរួមបញ្ចូលគ្នានូវលំនៅដ្ឋាន ហាងលក់រាយ និងមជ្ឈមណ្ឌលកម្សាន្តកំពុងទទួលបានតម្រូវការកាន់ខ្ពស់ ដូចជា អគារ Tun Razak Exchange របស់ម៉ាឡេស៊ី។

ទី២: លំនៅដ្ឋានដែលមានតម្លៃសមរម្យ

រដ្ឋាភិបាលរបស់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន និងបណ្តាអ្នកអភិវឌ្ឍន៍កំពុងសហការគ្នាលើដំណោះស្រាយលំនៅដ្ឋានដែលមានតម្លៃសមរម្យ ជាពិសេសនៅក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដើម្បីដោះស្រាយបញ្ហាកង្វះលំនៅដ្ឋានក្នុងទីក្រុង។

ទី៣: អចលនទ្រព្យផ្នែកឧស្សាហកម្ម ភស្តុភារ និងមជ្ឈមណ្ឌលទិន្នន័យ

ការកើនឡើងនៃចំនួនសួនឧស្សាហកម្ម មជ្ឈមណ្ឌលដឹកជញ្ជូន និងមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់អាស៊ាន បានជួយជំរុញឱ្យទីផ្សារអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់មួយនេះមានភាពទាក់ទាញ ដោយសារស្ថិរភាពនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលក្នុងតំបន់អាស៊ាន៕ប្រភព: LinkedIn & RH1 & Statista៕

អគារការិយាល័យនៅតំបន់ Midtown ស្ថិតចំកណ្តាលទីក្រុងញូវយ៉ក អាចប្រែក្លាយទៅជាអគារអាផាតមុិនជាង៧មុឺនយូនីត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយពីក្រុមហ៊ុន The Kaplan Group បានរកឃើញថា តំបន់ Midtown Manhattan ស្ថិតនៅចំកណ្តាលទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកអាចបោះជំហាននាំមុខគេក្នុងការប្រែក្លាយបន្ទប់ការិយាល័យទំនេរ(Vacancy) ទៅជាអគារលំនៅដ្ឋានសរុបចំនួន៧៨.១២១យូនីត។

ទិន្នន័យខាងលើនេះមានកម្រិតខ្ពស់ជាងបណ្តាទីក្រុងផ្សេងទៀតនៅសហរដ្ឋអាមេរិក ដូចជា ទីក្រុង San Francisco ទីក្រុង Dallas ទីក្រុង Houston និងទីក្រុង Chicago។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Time Out។

និន្នាការក្នុងការប្រែក្លាយបន្ទប់ការិយាល័យទៅជាយូនីតលំនៅដ្ឋានបានកើនឡើង ខណៈពេលដែលទីក្រុងញូវយ៉កកំពុងជួបប្រទះនឹងវិបត្តិកង្វះលំនៅដ្ឋាន។ ក្នុងន័យនេះ អគារការិយាល័យជាច្រើននៅទីក្រុងញូវយ៉កនឹងត្រូវបានប្រែក្លាយទៅជាអគារអាផាតមុិន ប្រសិនបើតម្រូវការការិយាល័យបន្តដាំក្បាលចុះ។

យោងតាមរបាយការណ៍ដាច់ដោយឡែកពីក្រុមហ៊ុន NYC Comptroller Brad Lander បានឱ្យដឹងថា បច្ចុប្បន្ន គម្រោងការិយាល័យចំនួន៤៤ កំពុងត្រូវបានប្រែក្លាយទៅជាគម្រោងអគារលំនៅដ្ឋានជំនួសវិញ។ ការណ៍នេះអាចផ្គត់ផ្គង់អាផាតមុិនថ្មីចំនួន១៧.៤០០យូនីត។

ចំណាត់ការនេះអាចជួយបន្ធូរបន្ថយសម្ពាធលើទីផ្សារលំនៅដ្ឋាននៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក និងជំរុញឱ្យតំបន់ពាណិជ្ជកម្មមានសភាពរស់រវើក ខណៈតម្រូវការជួលការិយាល័យបន្តធ្លាក់ចុះ ដោយសារការកើនឡើងនៃនិន្នាការបំពេញការងារពីចម្ងាយ៕ប្រភព: Time Out៕

តើអ្វីជាចំណុចលេចធ្លោរ និងខុសប្លែកពីគេរបស់បុរីវិមានសំណាង?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជំទាវឧកញ៉ា គង់ សំណាង បានលើកឡើងពី កត្តាធំៗ៣ដែលបុរី វិមានសំណាង ត្រូវបានអតិថិជនគាំទ្រ និងសរសើរមិនដាច់ពីមាត់។

    ចំណុចពិសេស និងលេចធ្លោទាំងនោះរួមមានដូចជា ទី១ បុរី វិមានសំណាង ស្ថិតនៅតំបន់ដែលមានសក្កដានុពលខ្ពស់ ខាងជើង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់២៥០០ម៉ែត្រ ដែលនៅជុំវិញហុំព័ទ្ធទៅដោយ ផ្សារទំនើបអ៊ីអនម៉ល សែនសុខ ផ្សារទំនើបម៉ាក្រូ សែនសុខ និងតំបន់អភិវឌ្ឍន៍បឹងតាមោក ដែលយើងបានឃើញថាក្រសួងជាច្រើនបានផ្លាស់ប្តូរទីតាំងមក។

ទី២ បុរី វិមានសំណាង មានម៉ូតវីឡាប្រណិតចំនួន៣គឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន ដែលបានរចនាម៉ូតតាមបែបក្លាសិក ដោយបានបញ្ចូលនូវការឌីស្សាញនូវម៉ូតបង្អួចធំៗ ដើម្បីស្រូបយកពន្លឺធម្មជាតិចូលទៅក្នុងផ្ទះ។

សម្រាប់វីឡាទោលបែបបារាំង ឬបែបក្លាសិកនេះត្រូវបានបំពាក់ទៅដោយល្បាក់ជ្រី និងក្បាច់រចនា ដែលបានបង្ហាញពីកិត្យានុភាពនៃការរស់នៅ ជាពិសេសការសាងសង់បែបនឹងមានតម្លៃថ្លៃ ប៉ុន្តែយើងចង់ផ្តល់បទពិសោធន៍ នៃការរស់នៅថ្មីដល់អតិថិជនទាំងអស់គ្នា។

ទី៣ បុរី វិមានសំណាង បានបន្តការសាងសង់ជារៀងរាល់ថ្ងៃ ជាពិសេសយើងបានប្រគល់ផ្ទះ ជូនទៅដល់អតិថិជនជាបន្តបន្ទាប់។ លោ​កជំទាវឧកញ៉ា បានបន្ថែមទៀតថា ចំណុចដែលយើងពិសេសជាងគេនោះគឺ គ្រប់ប្រភេទវីឡាទោលដ៏ប្រណិត របស់យើងទាំងអស់សុទ្ធតែមានប្លង់កម្មសិទ្ធិ ដែលធ្វើឲ្យអតិថិជនមានទំនុកចិត្តខ្លាំងមកលើ បុរី វិមានសំណាង។

សម្រាប់អតិថិជនដែលចាប់អារម្មណ៍ លើវីឡាប្រណិតណាមួយនៃបុរី វិមានសំណាង សូមទំនាក់ទំនងមកក្រុមការងារលក់តាមរយៈលេខទូរស័ព្ទ 011 62 6789៕

ក្រុមហ៊ុន CMA CGM Groupបង្ហាញបំណងចង់ចូលរួមអភិវឌ្ឍន៍ វិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប៉េង ពោធិ៍នា បានអនុញ្ញាតឱ្យលោកស្រី Amélie HUMPHREYS នាយកគ្រប់គ្រងនៃក្រុមហ៊ុនដឹកជញ្ជូនCMA CGM Group និងជាអនុប្រធានគណៈកម្មការដឹកជញ្ជូន និងភស្តុភារកម្មសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។

គោលបំណងនៃជំនួបសម្តែងការគួរសមនេះ គឺធ្វើឡើងដើម្បីបង្ហាញអំពីចំណាប់អារម្មណ៍ ចែករំលែកគំនិតផ្តួចផ្តើមថ្មីៗ និងឧត្តមានុវត្តអន្តរជាតិរបស់CMA CGM Group ដែលបានកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ព្រមទាំងដើម្បីស្វែងរកកិច្ចសហការរវាងសាធារណៈ និងឯកជន សំដៅស្វែងរកឱកាសវិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ។

នៅក្នុងជំនួបសម្តែងការគួរសមនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណលោកស្រី នាយកគ្រប់គ្រងនៃក្រុមហ៊ុនដឹកជញ្ជូន CMA CGM Group ដែលបានចែករំលែកនូវឧត្តមានុវត្តរបស់ក្រុមហ៊ុនក្នុង   វិស័យដឹកជញ្ជូន និងភស្តុភារកម្ម។

លោករដ្ឋមន្រ្តីក៏បានស្នើឱ្យ លោកស្រីនាយកគ្រប់គ្រង បន្តការសហការជាមួយក្រុម ការងារបច្ចេកទេសរបស់ក្រសួង ដើម្បីសិក្សាស្វែងយល់អំពីតម្រូវការទីផ្សារ ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម សំដៅរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មប្រកបដោយនិរន្តរភាព និងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យភស្តុភារកម្មក្នុងតំបន់ ឱ្យស្របតាមទិសដៅគោលនយោបាយ និងផែនការមេនានារបស់រដ្ឋាភិបាលកម្ពុជា ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

ក្រុមហ៊ុនអចលនទ្រព្យយក្សសិង្ហបុរី CapitaLand បោះទុនជាង២ពាន់លានដុល្លារអាមេរិកនៅមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ឥណ្ឌា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស CapitaLand Investment (CLI) របស់សិង្ហបុរីបានប្រកាសបោះទុនវិនិយោគចំនួន២,៨៣ពាន់លានដុល្លារសិង្ហបុរី(ប្រមាណ២,២ពាន់លានដុល្លារអាមេរិក) នៅទីក្រុងបុមបៃ និងទីក្រុង Pune នៃរដ្ឋ Maharashtra ក្នុងប្រទេសឥណ្ឌា។

ក្រុមហ៊ុន CLI អះអាងថា ផែនការវិនិយោគនៅរដ្ឋ Maharashtra ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ប្រទេសឥណ្ឌា។ ក្រុមហ៊ុន CLI គ្រោងបង្កើនផលបត្ររបស់ខ្លួននៅប្រទេសឥណ្ឌាពីទំហំទឹកប្រាក់៨ពាន់លានដុល្លារសិង្ហបុរីដល់ទំហំទឹកប្រាក់ចំនួន១៥ពាន់លានដុល្លារសិង្ហបុរីក្នុងឆ្នាំ២០២៨។

ការវិនិយោគនេះនឹងផ្តោតលើការបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលទិន្នន័យ ភស្តុភារ និងសួនឧស្សាហកម្ម។ ការបោះទុនវិនិយោគរាប់ពាន់លានដុល្លារនេះជាសក្ខីភាពបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន CLI ចំពោះសក្តានុពលរបស់រដ្ឋ Maharashtra ក្នុងនាមជាមជ្ឈមណ្ឌលហេដ្ឋារចនាសម្ព័ន្ធឌីជីថល ផលិតកម្ម និងភស្តុភារ។

លោក Sanjeev Dasgupta នាយកប្រតិបត្តិនៃក្រុមហ៊ុន CLI India បានលើកឡើងថា “មូលដ្ឋានគ្រឹះសេដ្ឋកិច្ចយ៉ាងរឹងមាំរបស់រដ្ឋ Maharashtra និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT) ជាឱកាសវិនិយោគដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុន CapitaLand Investment”។

គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុន CLI គ្រប់គ្រងសួនអាជីវកម្ម (Business park) ចំនួន៥ទីតាំង នៅក្នុងរដ្ឋ Maharashtra ដែលមានទំហំផ្ទៃក្រឡាសរុបចំនួន៩,៧លានហ្វីតការ៉េ ខណៈក្រុមហ៊ុនគ្រោងសាងសង់សួនអាជីវកម្មទំហំ៤,៥លានហ្វីតការ៉េបន្ថែមទៀត។

លើសពីនេះ ក្រុមហ៊ុន CLI មានមជ្ឈមណ្ឌលទិន្នន័យចំនួន៤ទីតាំងនៅក្នុងទីក្រុងបុមបៃ (Mumbai) ទីក្រុង Bangalore ទីក្រុង Chennai និងទីក្រុង Hyderabad ដែលមានថាមពលសរុបចំនួន២៤៤មេហ្គាវ៉ាត់ (MW)៕ប្រភព: Edgeprop៕

លោកយិន លាងគង់ផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបាននូវពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី២

0

ដោយៈ សហការី

    ភ្នំពេញៈ លោកយិន លាងគង់ សហស្ថាបនិក និងអគ្គនាយកគេហទំព័រPropertyarea.asia &Cambodiafinancialtimes.comព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ បានផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១របស់កម្ពុជា ក្នុងឱកាសដែលលោកជំទាវបណ្ឌិត ទទួលបាននូវពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី២ នៅក្នុងកម្មវិធី «Smile Asia Charity Gala 2025» ដោយមានការប្រគល់ដោយផ្ទាល់ពីលោកស្រី Gan Siow Huang, Minister of State ទទួលបន្ទុកកិច្ចការបរទេស និងទទួលបន្ទុកក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរីនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ ក្នុងសង្គមលើវិស័យថែទាំសុខភាព ហើយពានរង្វាន់នេះជាលើកដំបូង ត្រូវបានប្រគល់ថ្វាយជូនម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ ហើយលោកជំទាវបណ្ឌិត គឺជាភរិយាថ្នាក់ដឹកនាំមួយរូបពីកម្ពុជា ដែលបានទទួលដំបូងគេ។

តាមរយៈពានរង្វាន់នេះ សូមកោតសរសើរដ៏ស្មោះ ជូនលោកជំទាវបណ្ឌិត ដែលជាថ្នាក់ដឹកនាំមួយរូប ប្រកបដោយគុណធម៌ សប្បុរសធម៌ និងមានឆន្ទៈដ៏មោះមុត បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ក្នុងការចូលរួមចំណែកយ៉ាងសកម្មចំពោះអង្គការ Smile Cambodia ក៏ដូចជា ការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ រហូតទទួលបានជោគ​ជ័យយ៉ាងត្រចះត្រចង់ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ។

ជាថ្មីម្តងទៀត ក្នុងឱកាសដ៏ថ្លៃថ្លា នៃការទទួលបាននូវពានរង្វាន់ យើងខ្ញុំសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទាន ពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ ជូនដល់លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រា-បុត្រី សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

TIA CITY បើកប្លុកថ្មី តម្លៃត្រឹមតែ 8 ម៉ឺនដុល្លារជាង សម្រាប់Shophouse ទល់មុខព្រលានយន្តហោះថ្មី

0

ភ្នំពេញ៖ គម្រោងTERRA-TIA CITY នៅតែបន្តផ្តល់ជូននូវតម្លៃពិសេសសម្រាប់ផ្ទះShophouseដើម្បីបំពេញតម្រូវការ និងការរស់នៅរបស់អតិថិជន ក៏ដូចជាបុគ្គលិកព្រលានយន្តហោះអន្តរជាតិតេជោ។ ទន្ទឹងនឹងការផ្តល់ជូននូវតម្លៃដ៏ពិសេសនេះ គម្រោងកំពុងបន្តការសាងសង់យ៉ាងមមាញឹក ដើម្បីប្រគល់ផ្ទះជូនអតិថិជន ឱ្យបានទាន់ពេលវេលា ដែលអាចកក់សម្គាល់បាន ផ្ទះShophouse ដែលមានកម្ពស់E0 និង E1​មានទំហំទទឹងធំរហូតដល់ 6ម៉ែត្រ ដែលសាកសម សម្រាប់គ្រប់អាជីវកម្ម និងការរស់នៅ។

យោងតាមរយៈប្រធានផ្នែកលក់ គម្រោងTERRA-TIA CITY បាន​​​ឱ្យដឹងថា«គម្រោង TERRA-TIA CITY មិនមែនត្រឹមតែជាកន្លែងរស់នៅ ឬប្រកបអាជីវកម្មប៉ុណ្ណោះទេ តែជាមជ្ឈមណ្ឌលសហគមន៍ទំនើបនាពេលអនាគតឆាប់ៗនេះ ជិតនឹងអាកាសយានដ្ឋានអន្តរជាតិតេជោ។ គម្រោង TERRA-TIA CITY នេះនឹងក្លាយជាទីតាំងវិនិយោគដ៏មានសក្តានុពល»។

ហេតុអ្វីTERRA-TIA CITY ទទួលបានការចាប់អារម្មណ៍ខ្ពស់?

  • ទីតាំងយុទ្ធសាស្ត្រ: ស្ថិតនៅជិតអាកាសយានដ្ឋានអន្តរជាតិតេជោ។
  • ហេដ្ឋារចនាសម្ព័ន្ធមានផែនការមេ: ផ្លូវធំទូលាយ ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី និងទីធ្លាបៃតងត្រូវបានរៀបចំយ៉ាងល្អ។
  • ល្អបំផុតសម្រាប់ការរស់នៅ អាជីវកម្ម និងកំណើនសេដ្ឋកិច្ចរយៈពេលវែង។
  • តម្លៃសមរម្យ: តម្លៃចាប់ពី $89,800 ជាមួយនឹងការផ្តល់ជូនលក្ខខណ្ឌពិសេសសម្រាប់អតិថិជន។

អាកាសយានដ្ឋានអន្តរជាតិ (ព្រលានយន្តហោះថ្មី)​ នឹងបើកដំណើរប្រតិបត្តិការជើងហោះហើរនៅថ្ងៃទី9 ខែ9 ខាងមុខនេះហើយ ដូចនេះ ទីតាំងតំបន់ជាប់ព្រលានយន្តហោះអន្តរជាតិតេជោនេះនឹងក្លាយជាចរន្តដ៏មានសក្តានុពល មជ្ឍមណ្ឌលសេដ្ឋកិច្ចពិសេសមួយ ជាឱកាសដ៏ល្អសម្រាប់លំនៅឋានរស់នៅ បើកអាជីវកម្ម និងវិនិយោគ ក្នុងតំបន់អភិវឌ្ឍន៍ថ្មីមួយសំខាន់បំផុតភាគខាងត្បូងនៃទីក្រុងភ្នំពេញ លើផ្លូវ60ម៉ែត្រ ជាប់ក្រវាត់ក្រុង ឆ្ពោះកាត់ទៅផ្លូវជាតិលេខ២ និងលេខ3។

សូមទាក់ទងមកកាន់សហការីផ្នែកលក់ ដើម្បីទទួលបានព័ត៌មានលម្អិតឥឡូវនេះ៖

☎️𝟎𝟖𝟕 𝟖𝟖𝟖 𝟓𝟎𝟏

☎️𝟎𝟏𝟏 𝟖𝟖𝟖 𝟓𝟎𝟏

☎️𝟎𝟏𝟏 𝟖𝟖𝟖 𝟓𝟎𝟐

សូមអញ្ជើញទៅកាន់ការិយាល័យផ្នែកលក់របស់គម្រោងមាន 2 ទីតាំង៖

1)ការិយាល័យផ្នែកលក់ 𝐓𝐈𝐀 𝐂𝐈𝐓𝐘 លើផ្លូវ 𝟔𝟎 ម៉ែត្រ កែងស្តុបផ្លូវក្រវាត់ក្រុងទី៣ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ស្វែងរកយើងនៅលើ Google Maps: https://maps.app.goo.gl/thXas1JXpJpxv6GT6

2)ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគាកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ

ស្វែងរកយើងលើ Google Maps: https://maps.app.goo.gl/iWhBttfGmvR22Ma4A

តាមដានព័ត៌មានថ្មីៗ:

Facebook Page: https://www.facebook.com/profile.php?id=61555283248818

Telegram: https://t.me/tiacity

TikTok: https://www.tiktok.com/@tia.city

 

សូមបញ្ជាក់ដែលថា គម្រោងTERRA-TIA CITY អភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC គឺជាគម្រោងដ៏ធំនៅក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នឹងក្លាយជាទីក្រុងរណបដ៏ទំនើបនាពេលអនាគតរបស់កម្ពុជា។

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ ស្របពេលមានក្តីបារម្ភចំពោះភាពតានតឹងភូមិសាស្ត្រនយោបាយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគបង្ហាញក្តីបារម្ភចំពោះភាពតានតឹងភូមិសាស្ត្រនយោបាយ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានអំពីផលវិបាក ប្រសិនបើរុស្ស៊ីមិនទទួលយកកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៥ភាគរយដល់៣៣៣៧,៣២ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៣៣៥,៧ដុល្លារក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៣ភាគរយដល់៣៣៨៤,២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៦នាទីព្រឹកដូចគ្នា។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម៩៨,១២ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៨,២៥ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕