ក្រុមហ៊ុន​យក្ស​ចិន នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់​ជាងគេ​បំផុត​កម្ពុជា

0

ភ្នំពេញ៖ ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​មកពី​ប្រទេស​ចិន Prince Real Estate នឹង​សាងសង់​សណ្ឋាគារ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់​ជាងគេ​នៅ​រាជធានី​ភ្នំពេញ ដោយ​គម្រោង​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់​ជាច្រើន​រយ​លាន​ដុល្លារ។

អគ្គនាយក​ក្រុមហ៊ុន ព្រី​នល៍ រៀល​អ៊ី​ស្ទេ​ត ខេ​ម​បូ​ឌា អ៊ិន​វេស​ម៉ិ​ន លោក Li Min បានអោយដឹង​នៅក្នុង​ពិធីបុណ្យ​អបអរ​ថ្ងៃ​សែន​ព្រះ​ខែ​ថា ក្រុមហ៊ុន Prince Real Estate នឹង​សម្រេច​បោះទុន​ខ្ទង់លាន​ដុល្លារ​បន្ថែម ដើម្បី​សាងសង់​គម្រោង​ទី២របស់ខ្លួន ដែលជា​ប្រភេទ​សណ្ឋាគារ​ប្រណិត​កម្ពស់​ខ្ពស់​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​ចំណាយពេល​ប្រហែល៥ឆ្នាំ ដើម្បី​បញ្ចប់​គម្រោង​នេះ។

លោក​បាន​បន្តថា ការសម្រេច​បោះទុន​បន្ថែ​ម​ដើម្បី​សាងសង់​គម្រោង​ទី២នេះ គឺ​ដោយសារ​លោក​មើលឃើញ វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​កំពុងមាន​សន្ទុះ​ខ្លាំង ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការវិនិយោគ​ទៅលើ​អគារ​កម្ពស់ខ្ពស់ៗ និងប្រណិតៗក្នុងប្រទេស​កម្ពុជា។

អគ្គនាយក​ក្រុមហ៊ុន​ខាងលើ​បាន​បន្ថែមថា គម្រោង​សណ្ឋាគារ​កម្ពស់៦០ជាន់​នេះ នឹងមាន​រួម​ប​ញ្ជូ​ល​ទាំង​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម ខុន​ដូ​សម្រាប់​លក់ កន្លែង​កម្សាន្តផ្សេងៗ និង​តំបន់​ស្នាក់នៅ​ពហុ​វិស័យ​ផងដែរ ដើម្បី​ប្រែក្លាយ​តំបន់​ដែល​កំពុងមាន​សក្តានុពល​មួយ​នេះ ឲ្យ​ក្លាយទៅជា​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំបូរបែប​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

លោក Li Min បាន​បន្តថា បើ​ក្រឡេកមើល​មក​គម្រោង​ទី១របស់​ក្រុមហ៊ុន Prince Real Estate វិញ បច្ចុប្បន្ន​បានបញ្ចប់​ការសាងសង់ ក្នុង​គ្រោង​អគារ​របស់ខ្លួន​ជា​ផ្លូវការ​ហើយ ជាមួយនឹង​ការបញ្ជាទិញ​ពី​អតិថិជន​រហូតដល់៧០%។

ទីផ្សារ​សណ្ឋាគារ​នៅ​កម្ពុជា​កំពុងមាន​ការរីកចំរើន ស្រប​ពេលដែល​ការមកដល់​របស់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ដោយ​ចំនួន​សណ្ឋាគារល្បីៗជាច្រើន​បា​បង្ហាញ​វត្ត​មាននៅ​កម្ពុជា។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក ស្រី​ឆាយ ស៊ីវ​លីន បាន​ថ្លែងថា វិស័យ​ឯកជន​សូម​ស្វាគមន៍​គំរោង​វិនិយោគ​ដ៏​ធំ​នេះ ដែល​គំរោង​នេះ​នឹង​ជា​ការជួយ​ទាក់ទាញ និង​ផ្តល់​ទំនុកចិត្ត​បន្ថែម​ដល់​អ្នកវិនិយោគផ្សេងៗទៀត ឲ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា ព្រោះ​មុន​វិនិយោគ​ពួកគេ​បាន​សិក្សា​ទីផ្សារ និង​មើលឃើញ​សក្តានុពល​ដែល​កម្ពុ​ជាមាន​រួចហើយ ទើប​ពួកគេ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។

លោកស្រី​បន្តថា “វិស័យ​សណ្ឋាគារ​នៅ​កម្ពុជា​កំពុងមាន​ការរីកចំរើន ដោយសារ​ការកើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ដែល​ធ្វើ​ពេលខ្លះ​យើង​ខ្វះ​បន្ទប់​នៅ​រដូវ​បុណ្យទាន​នានា ប៉ុន្តែ​ការវិនិយោគ​កំពុង​កើនឡើង​ទាំង​ចំនួន និង​ស្តង់ដា​សណ្ឋាគារ​ដែល​កាន់តែ​មាន​ភាព​ប្រណីត និង​ស្តង់ដា​អន្តរជាតិ”៕

មុន​សម្រេចចិត្ត​ទិញ​ខុន​ដូ​ត្រូវ​ពិនិត្យ​លើ​កត្តា​អ្វីខ្លះ?

0

ស្របពេល​ទីផ្សារ​ខុន​ដូ​កំពុង​រីកចំរើន​នៅ​ប្រទេស​នេះ ការសម្រេចចិត្ត​ទិញ​នូវ​លំនៅដ្ឋាន​ទំនើប​នេះ មិនមែនជា​ការគួរ​ប្រថុយប្រថាន​នោះទេ។ ដូច្នេះ​ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការខាតបង់ ទាមទារ​ឲ្យ​អ្នកវិនិយោគ​ស្វែងយល់​លើ​កត្តា​មួយចំនួន​ដើម្បី​ទទួលបាន​ផាសុកភាព​ក្នុងការ​រស់នៅ ក៏ដូចជា​ទទួលបាន​ផលចំណេញ​ពី​ការវិនិយោគ​របស់ខ្លួន។

តើ​អតិថិជន​ត្រូវ​ពិនិត្យ​លើ​កត្តា​អ្វីខ្លះ ដើម្បី​ឲ្យ​ការបោះ​ទុនវិនិយោគ​លើ​វិស័យនេះ​បញ្ចៀស​បាន​នូវ​ហានិភ័យ។

លោក លាង​គង់ យិន និពន្ធ​នាយក​ទស្សនាវដ្ដី PROPERTY VIEW បាន​ថ្លែង​ឲ្យ​ដឹងថា មុន​សម្រេចចិត្ត​ទុន​ខុន​ដូ​អ្នកវិនិយោគ គួរ​សម្លឹងមើល​កត្តាសំខាន់ៗចំនួន​បី ព្រោះ​កត្តា​ទាំងនេះ ជា​ផ្នែក​យ៉ាងសំខាន់​សម្រាប់​វិនិយោគ ក៏ដូចជា​សម្រួល​ភាព ងាយស្រួល​ក្នុងការ​រស់នៅ។

ពិនិត្យមើល​លើក​ត្តា​ច្បាប់

ច្បាប់​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​ធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុកចិត្ត​ក្នុងការ​វិនិយោគ​លើ​ផ្នែក​នេះ ដូចនេះ​មុន​សម្រេចចិត្ត​វិនិយោគ​លើ​អាគារ​ខុន​ដូ​ណាមួយ​អតិថិជន​ត្រូវ​សាកសួរ​ទៅ​អ្នក​អភិ​វ​ឌ្ឈ​ន៍​លើ​ច្បាប់​ចំនួន​បី ទី១ ច្បាប់​ទាក់ទង​នឹង​ការសាងសង់ ទី២ ច្បាប់​ទាក់ទង​នឹង​អាជ្ញាប័ណ្ណ​អភិ​វ​ឌ្ឈ​ន៍ ទី៣ ច្បាប់​ទាក់ទង​នឹង​អាជ្ញាប័ណ្ណ​លក់ និង​កត្តា​មួយទៀត​អតិថិជន​គួរ​សាកសួរ​ទៅ​ធនាគារ ដើម្បី​ដឹងថា​តើ​ធនាគារ​អាច​ផ្តល់​ឥណទាន​ទិញ​គំរោង​នោះ​ឬ​អត់? ព្រោះ​ប្រសិនជា​ធនាគារ​យល់ព្រម​ផ្តល់​ឥណទាន​មានន័យថា​គំរោង​នោះ​ស្របច្បាប់​ហើយ។

ការ​ឌី​សាញ​អាគារ

ការ​ឌី​សាញ​អាគារ​ក៏​ជា​កត្តា​សំខាន់ ពិតជា​មិនអាច​មើលរំលង​បាន​ផងដែរ ព្រោះ​ការ​ឌី​សាញ​អាគារ​ខុន​ដូ គឺជា​កត្តា​កំណត់​តំលៃ​ទ្បើង​ឬ​ចុះ​នៃ​ផ្ទះ​ដែល​អតិថិជន​បាន​ទិញ​នៅក្នុង​ខុន​ដូ​ណាមួយ​នោះ។ ប្រសិនជា​អ្នក​អភិ​វ​ឌ្ឈ​ន៍​ខុន​ដូ គិតតែ​ពី​ប្រាក់ចំណេញ តំលៃ​ខុន​ដូ​នោះ​មិន​ទ្បើង​ថ្លៃ​នោះទេ និង​ធ្វើ​ឲ្យ​តំលៃ​នៃ​ការលក់​ឬ​ជួល​ធ្លាក់ចុះ​ផងដែរ។

ដូចនេះ​ការ​ឌី​សាញ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​អាគារ​ខុន​ដូ​ណាមួយ​មាន​ភាព​ទាក់ទាញ អាច​ទទួលបាន​ចំណេញ និង​ចំណូល​ច្រើន​ពី​ការលក់ ឬ​ការជួលព្រោះ​ការ​ឌី​សាញ​ក្នុង​និង​ក្រៅ​អាគារ ការរៀបចំ​ចំណត​យានយន្ត​សមស្រប និង​មាន​សេវាកម្ម​ចាំបាច់​មួយចំនួនទៀត​ដូចជា អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ ឬ​មាន​ភោជនីយដ្ឋាន​និង Sky Bar ជាដើម ពិតជា​មិនអាច​មើលរំលង​បាន ព្រោះ​កត្តា​ទាំងនេះ ដើរតួនាទី​កំណត់​នូវ​តំលៃ​ទ្បើង​ចុះ​របស់​ខុន​ដូ​លើ​ទីផ្សារ។

ទីតាំង

ការជ្រើសរើស​ទីតាំង​គំរោង​អភិ​វ​ឌ្ឈ​ន៍​ខុន​ដូ ក៏​ជា​កត្តាចាំបាច់​សម្រាប់​អ្នកទិញ​ខុន​ដូ​ផងដែរ ព្រោះ​តាម​ធម្មតា​អ្នកទិញ​ខុន​ដូ​តែង​ចង់បាន​ទីតាំង​ដែល​ល្អ មាន​ខ្យល់អាកាស​បរិ​សុ​ទ្ឋ និង​ទេសភាព​ស្អាត​ស្រស់បំព្រង និង​មាន​ភាពងាយស្រួល​សម្រាប់​ការរស់នៅ ដូចជា​នៅ​ជិត​ផ្សារ សាលារៀន ធនាគារ ភោជនីយដ្ឋាន​ជាដើម។

ដូចនេះ​ការ​ជ្រើស​ទីតាំង​កណ្តាល​ក្រុង មាន​ទេសភាព​ស្អាត និង​ខ្យល់អាកាស​បរិ​សុ​ទ្ឋ គួរ​ជា​កត្តា​ដែល​គួរ​យកមក​ពិចារណា​មិនអាច​ខ្វះ​បាន​ផងដែរ៕

អ្នក​វិនិយោគិន​ខ្មែរ ចង់​ឲ្យ​មានការ​បង្កើត​រោងចក្រ​កែច្នៃ​កៅស៊ូ

0

ភ្នំពេញ៖ អ្នក​វិនិយោគិន​ក្នុងស្រុក​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ទាក់ទាញ​អ្នកវិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​កៅស៊ូ ហើយ​ស្នើសុំ​ដូច្នោះ ខណៈ​បច្ចុប្បន្ន​កម្ពុជា សម្រុក​នាំចេញ​កៅស៊ូ​ទៅកាន់​ប្រទេសជិតខាង​លក់​ក្នុង​តម្លៃថោក។

លោក ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម បាន​ថ្លែងប្រាប់ នៅ​ថ្ងៃទី១៦ ខែកញ្ញា​នេះ​ថា ចំពោះ​អ្នក​វិនិយោគិន​ខ្មែរ​ចង់​ឲ្យ​មានការ​បង្កើត​រោងចក្រ​កែច្នៃ​កៅស៊ូ​ពិសេស​វត្ថុធាតុដើម​រប​ស់​ខ្លួន ដែល​ផលិត​បាន​ហើយ​មិនមាន​រោងចក្រ​កែច្នៃ និង​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​មាន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​នៅពេលដែល​កម្ពុជា មិនមាន​រោងចក្រ​កែច្នៃ​នៅឡើយ​នោះ។

លោក​ឧកញ៉ា បាន​បន្តទៀតថា សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​គួរតែ​ធ្វើ​ធ្វើយ៉ាងណា​ទាក់ទាញ​អ្នក​វិនិយោគិន បង្កើត​រោងចក្រ​កែច្នៃ​កៅស៊ូ និង​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​បន្ថែមទៀត។

លោក​ឧកញ៉ា បាន​បន្ថែមទៀតថា ប្រទេស​កម្ពុជា គួរតែ​ធ្វើ​ឲ្យ​ដូច​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ទៅ ទើប​ជំរុញ​ឲ្យ​កសិករ​អាច​ដាំ​កៅស៊ូ បាន​ច្រើន​អាច​នាំ​ចេញទៅ​ផ្ទាល់​ទីផ្សារ​អ្នកបញ្ជា​ទិញ​តែម្តង។

ចំណែក លោក តាន់ មុនី​វណ្ណ អគ្គនាយករង​ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​គ្រុប បាន​លើកឡើងថា  ក្នុងនាម​អ្នកវិនិយោគ​ក្នុងស្រុក​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​កាត់​បន្ថយពន្ធ​នាំចេញ​កៅស៊ូ​ក្រោម ១៥០០ ដុល្លារ​ក្នុង១តោន ហើយ​បញ្ហា​សព្វថ្ងៃនេះ​បើសិនជា​បិទ​ចំការកៅស៊ូ​នោះ​កម្មករ​រាប់ម៉ឺន​នាក់​នឹង​បាត់បង់​ការងារ​ធ្វើ។ លោក បានបញ្ជាក់​ទៀតថា បើសិនជា​រដ្ឋ​អនុញ្ញាត​ឲ្យ​នាំ​កៅស៊ូ​មិនទាន់​កែច្នៃ​អាច​នាំចេញ​បាន​គឺ​ល្អប្រសើរ ហើយ​បញ្ហា​នេះ បើសិនជា​ធ្វើបាន​អាចជួយ​សង្គ្រោះ​វិស័យ​កៅស៊ូ​អាច​រស់​ឡើងវិញ​បាន។

សម្រាប់ យោងតាម​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់ថា កម្ពុជា​នឹង​នាំចេញ​កៅស៊ូ​កើនឡើង​ជិត ២០ម៉ឺន​តោន ហើយ​ទីផ្សារ​នាំចេញ​កៅស៊ូ​ដ៏​ធំ​របស់​កម្ពុ​ជាមាន ចិន វៀតណាម និង​ប្រទេស​ម៉ាឡេស៊ី។

នៅ​ឆ្នាំ២០១៧ តម្លៃ​កៅស៊ូ ដែល​កសិករ​បាន​លក់​កាលពី​សប្តាហ៍មុនៗនេះ មានតម្លៃ​កើន​ពី ១៩៥០ដុល្លារ កើន​ដល់ ២៤០០ ដុល្លារ​ក្នុង១ តោន ហើយ​ទីផ្សារ​កាន់​តែមាន​ភាពល្អ​ប្រសើរ​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ដាំ​ដុះ​កៅស៊ូ និង​ប្រជាកសិករ​ដាំ​កៅស៊ូ​មាន​ទឹកចិត្ត​ស្រស់ថ្លា​ជាង​មុន៕

មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ ៖ កម្ពុជា​នឹង​ទទួលបាន​កំណប់ មាស​ក្នុងពេលឆាប់ៗ

0

មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ឲ្យ​ដឹងថា ក្រោយពី​កម្ពុជា​ផ្តល់​អាជ្ញាប័ណ្ណ​ក្នុងការ​ស្វែង​រុករក​រ៉ែ មកដល់ពេលនេះ មាន​ក្រុមហ៊ុន​ចំនួន​ពីរ បាន​រុក​រកឃើញ​រ៉ែ​មាស​ខ្នាត​មធ្យម ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ទាំងនោះ កំពុង​ដាក់ពាក្យ​ស្នើសុំ​ដើម្បី​ធ្វើ​អាជីវកម្ម។

ឯកឧត្តម យស់ មុន្នី​រ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​លើកឡើង នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ការចូលរួម នៃ​វិស័យ​រ៉ែ​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ ដែល​ធ្វើឡើង​នៅ​អគ្គនាយកដ្ឋាន​ប្រេងកាត កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា វិស័យ​រ៉ែ​នៅ​កម្ពុជា ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម និង​ជា​វត្ថុធាតុដើម​មួយ​យ៉ាងសំខាន់ សម្រាប់​ផ្គត់ផ្គង់​ឧស្សាហកម្ម​ប្រើប្រាស់​វត្ថុធាតុដើម​រ៉ែ ដើម្បី​ផលិត​ជា​ផលិតផលផ្សេងៗ សម្រាប់​បំពេញ​សេចក្តីត្រូវការ​នៅក្នុង​ប្រទេស និង​ការនាំ​ចេញទៅ​ក្រៅប្រទេស​ជាដើម។

ឯកឧត្តម បាន​បន្តថា ពាក់ព័ន្ធ​នឹង​ស្ថានភាព​វិនិយោគ នៅក្នុង​ការ​ស្វែង​រុករក​រ៉ែ​លោហៈ​នេះ ចាប់ពី​ឆ្នាំ២០១៣ មក មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​បានមក​សុំ​អាជ្ញាប័ណ្ណ ដើម្បី​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​នេះ ប៉ុន្តែ​ដោយសារ​ការ​ស្វែង​រុករក មិនបាន​ជួបប្រទះ​នៃ​ប្រភព​រ៉ែ​នោះ មាន​ក្រុមហ៊ុន​មួយចំនួន​បានបញ្ចប់​ការ​ស្វែង​រុករក​ជាបណ្តើរៗ ដែល​គិត​រហូតមកដល់​ឆមាស​ទី១ ឆ្នាំនេះ មាន​ក្រុមហ៊ុន​ចំនួន៦៣ប៉ុណ្ណោះ នៅ​ស្វែង​រុករក​រ៉ែ ក្នុងនោះ​ក្រុមហ៊ុន​ចំនួន៤ក្រសួង​គ្រោង នឹង​ដកហូត​អាជ្ញាប័ណ្ណ លែង​ឲ្យ​ធ្វើ​អាជីវកម្ម​ផងដែរ។

ឯកឧត្តម យស់ មុន្នី​រ៉ាត់ បាន​បន្ត​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​នៅ​សេសសល់​នេះ ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន​ពីរ ក្នុងនោះ​ក្រុមហ៊ុន​នៅ​ខេត្ត​រតនគីរី បាន​ស្វែង​រុករក​ឃើញ​រ៉ែ​មាស​ខ្នាត​មធ្យម​ឃើញ​ហើយ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ធ្វើ​អាជីវកម្ម ដែល​យ៉ាងយូរបំផុត​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៨ យើង​នឹង​ទទួលបាន​កំណប់​ដុំ​មាស​នេះ ។ ចំណែក​ក្រុមហ៊ុន​មួយទៀត ដែលជា​ក្រុមហ៊ុន​របស់​ប្រទេស​អូស្ត្រាលី ក៏បាន​ស្វែង​រុករក​រ៉ែ​មាស​ឃើញ​ផងដែរ នៅក្នុង​ខេត្តមណ្ឌលគិរី បច្ចុប្បន្នកំពុង​ដាក់ពាក្យ​សុំ​ធ្វើ​អាជីវកម្ម។ ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​នេះ ឯកឧត្តម​បញ្ជាក់ថា ចំណែក​អ្វី​ដែលជា​បញ្ហា​ក្នុង​ការធ្វើ​អាជីវ​កម្មនេះ គឺ​ត្រូវ​ចំណាយ​ពេលធ្វើ​ការសិក្សា​យ៉ាងច្រើន​អំពី​បរិស្ថាន មុននឹង​ឈានទៅ​ទៅធ្វើ​អាជីវកម្ម​របស់ខ្លួន។

ដោយឡែក ឯកឧត្តម ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​លើកឡើងថា ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​ពិតជា​មាន​រ៉ែ ប៉ុន្តែ​ប្រភេទ​រ៉ែ​ទាំងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​មិនអាច​មានលទ្ធភាព​វិនិយោគ​នោះឡើយ ព្រោះ​ការ​ស្វែង​រុករក​រ៉ែ​គឺ​ត្រូវការ​មាន​ជំនាញ​ច្បាស់លាស់ ជាពិសេស​មាន​ឧបករណ៍​គ្រប់គ្រាន់​ទើប​យើង​អាច​ដំណើរការ​ទៅបាន ពោលគឺ​មិនមែន​ការ​ស្វែង​រុករក​ដោយ​ប្រថុយប្រថាន​នោះឡើយ ព្រោះ​ប្រភេទ​រ៉ែ​គឺជា​ល្បាយ​ហើយ​កប​នៅក្នុង​ដី​ទៀត ផង។កាលពី​ឆ្នាំ២០១៦ ចំណូល​ជាតិ​ដែល​មិនមែនជា​សារពើពន្ធ ប្រមូលបាន​ពី​វិស័យ​រ៉ែ មាន​ចំនួន​ប្រមាណ ១៦លាន​ដុល្លារ​អាមេរិក កើន​ឡើងជា​ច្រើនដង បើ​ប្រៀបធៀប​ទៅនឹងឆ្នាំមុន៕

ក្រសួងពាណិជ្ជកម្ម ផ្តល់​សិទ្ធិ​បន្ថែម​សម្រាប់​អ្នក​នាំចេញ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព ដើម​ទំនិញ

0

ក្រសួងពាណិជ្ជកម្ម បានផ្តល់​សិទ្ធិ​បន្ថែមទៀត​ដល់​អ្នក​នាំចេញ និង​ផលិតករ​នៅ​កម្ពុជា​ក្នុងការ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ចាប់ពី​ថ្ងៃទី៦ ខែកញ្ញា​នេះ​ទៅ។

ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការកែសម្រួល​និង​កាត់បន្ថយ​ដំណាក់កាល​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​គ្រប់​ទម្រង់​តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​ដល់​ផលិតករ និង​អ្នក​នាំចេញ ដោយ​សម្រេច​ផ្តល់​សិទ្ធ​បន្ថែម​ដល់​ថ្នាក់​នាយកដ្ឋាន​នាំចេញ-នាំចូល និង​ថ្នាក់​អគ្គនាយកដ្ឋាន​សេវាកម្ម ក្នុងការ​ពិនិត្យ និង​អនុម័ត​ការស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុ​ផា​រី បាន​ថ្លែងថា ក្រសួងពាណិជ្ជកម្ម បានសម្រេច​ផ្តល់​សិទ្ធ​បន្ថែម ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​គ្រប់​ទម្រង់​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចាប់ពី​ថ្ងៃទី ៦ខែកញ្ញា​នេះ​ទៅ ហើយ​ក្នុង​គោលបំណង​សំខាន់ គឺ​ដើម្បី​សម្រួល​ដល់​ការនាំចេញ​នាំចូល​ទំនិញ​ពី​កម្ពុជា ទៅ​ក្រៅប្រទេស។ កញ្ញា​អ្នកនាំពាក្យ បន្ថែមថា ថ្ងៃក្រោយ​នៅពេលដែល​កម្ពុ​ជាមាន​ដៃគូ​ពាណិជ្ជកម្ម​ហើយ​បើសិន​ជាមាន​កិច្ចព្រមព្រៀង​ទៀត​នោះ​នឹង​សម្រួល​ដល់​ការនាំ​ចេញពី​កម្ពុជា​ឲ្យ​កាន់តែ​ងាយស្រួល​បំផុត។

សម្រាប់ លោក ជាង បូរ៉ា អគ្គ​នាយក្រុម​ហ៊ុន​រ៉ា​គឹម​ឡុង បាន​ថ្លែងថា បច្ចុប្បន្ននេះ ផលិតករ​កម្ពុ​ជាមាន​ច្រើន ហើយ​មិនបាន​យល់​ពី​បែបបទ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម នៅឡើយ​ទេ ហើយ​ក្រសួង​គួរតែមាន​ការបើក​ឲ្យ​ទូលាយ​ថែមទៀត​កុំ​ឲ្យ​មានការ​ពន្យា​ពេល​បន្ថែម។ លោក បានបញ្ជាក់​ទៀតថា កន្លងមក​ផលិតករ និង​អ្នក​នាំចេញ​ជួប​បញ្ហា​ច្រើន ហើយ​ស្នើសុំ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បើក​វគ្គ​បណ្តុះបណ្តាល​ឲ្យ​បាន​ច្រើន​បន្ថែមទៀត។

សេចក្តីជូនដំណឹង​ពី​ក្រសួងពាណិជ្ជកម្ម ឲ្យ​ដឹងថា  ការកែសម្រួល និង​កាត់បន្ថយ​ដំណាក់កាល​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​គ្រប់​ទម្រង់​តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​ដល់​ផលិតករ​និង​អ្នក​នាំចេញ ដោយបាន​សម្រេច​ផ្តល់​សិទ្ធ​បន្ថែម​ដល់​ថ្នាក់​នាយកដ្ឋាន​នាំចេញ-នាំចូល​និង​ថ្នាក់​អគ្គនាយកដ្ឋាន​សេវាកម្ម។

ក្រសួងពាណិជ្ជកម្ម​នឹង​កែសម្រួល​កាត់បន្ថយ​ដំណាក់កាល​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ជា​បន្តទៀត ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​បង្កើត​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ៕

រដ្ឋាភិបាល និង​សហជីព​ខ្វែងគំនិត​គ្នា​ជុំវិញ​ប្រាក់​ឈ្នួល​អប្បបរិមាណ​ឆ្នាំ២០១៨

0

ភ្នំពេញ៖ ភាគី​រដ្ឋាភិបាល និង​សហជីព​នានា កំពុងមាន​ការខ្វែងគំនិត​គ្នា​ជុំវិញ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរិមាណ​នៅ​ឆ្នាំ២០១៨ខាងមុខនេះ ខណៈ​រដ្ឋាភិបាល និង​តំណាង​ភាគី​និយោជក បានកំណត់​តួលេខ​ចំនួន ១៦១ដុល្លារ​អាមេរិក ដោយឡែក​ភាគី​សហជីព​បានកំណត់​យក​តួលេខ​ចំនួន១៧៦ដុល្លារ​អាមេរិក។

មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន ក្រោយ​ចប់​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី ដើម្បី ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ២០១៨ នៅ​រសៀល​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅ​ទីស្តីការក្រសួង​ការងារ ឯកឧត្តម ហេង សួរ បានបញ្ជាក់​បន្ថែមថា ក្នុង​កិច្ច ប្រជុំ​រយៈពេល​ជាង៥ម៉ោង​នា​ព្រឹក​ថ្ងៃនេះ ភាគីនីមួយៗបានបញ្ជាក់​ពី​គោលជំហរ​ផ្លូវការ​របស់ខ្លួន​ចំពោះមុខ​គ្នា ជាមួយនិង​ហេតុផល​បឋម​ក្នុងការ​សម្រេចយក​តួលេខ​ខាងលើនេះ។

ឯកឧត្តម​បន្តថា ក្រុមការងារ​នឹង​បើក​កិច្ចប្រជុំ​បន្ត​ជា​លើក​ទី២អំពី​ប្រាក់​ឈ្នួល នឹង​ប្រព្រឹត្ត​ទៅនា​ល្ងាច​ថ្ងៃ​សុក្រ ទី២៨ខែកញ្ញា​ទៀត ដើម្បី​កំណត់​យក តួលេខ​សមស្រប​ណាមួយ​ក្នុង​ការកំណត់​នូវ​កាលបរិច្ឆេទ​ដើម្បី​បោះឆ្នោត​សម្រេច​ជា​ផ្លូវការ។

ទាក់ទិន​នឹង​កិច្ចចរចា​កំណត់​ប្រាក់​ឈ្នួល​ឆ្នាំ២០១៨នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ប្រើប្រាស់​រូបមន្ត​ចាស់ គឺ​គ្រប់ភាគី​ទាំងអស់​រួមមាន ត្រូវ​ប្រើ​លក្ខណៈវិនិច្ឆ័យ​បែប​សង្គម​និង​សេដ្ឋកិច្ច។ ផ្នែក​សង្គម​គឺ​ត្រូវ​ពិនិត្យ​លើ​ស្ថានភាព​គ្រួសារ ការចំណាយ​ក្នុងការ​រស់នៅ។ ចំណែក​ផ្នែក​សេដ្ឋកិច្ច គឺ​ផ្តោតលើ​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស និង​ស្ថានភាព​ទីផ្សារ។

ការសម្រេច​ប្រាក់​ឈ្នួល​អប្ប​បរិ​មា​សម្រាប់​និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ នឹងត្រូវ​ធ្វើឡើង​នៅ​ខែតុលា ហើយ​នៅ​ថ្ងៃទី១មករា​ឆ្នាំ២០១៨ គឺជា​ថ្ងៃ​ដែល​ប្រាក់​ឈ្នួល​អប្បបរមា​ចូល​ជា​ធរមាន។

បច្ចុប្បន្ន ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និ​យោ​ជិ​ក​ផ្នែក​កាត់ដេរ​សំលៀកបំពាក់​និង​ផលិត​ស្បែកជើង​មាន​ចំនួន១៥៣ដុល្លារ​អាមេរិក។ ប្រាក់​ឈ្នួល​នេះ​បាន​កើនឡើង​ប្រមាណ​ជាង១៣ដុល្លារ បើ​ធៀប​ទៅនឹង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ២០១៦៕

អ្នកវិនិយោគ​អចលនទ្រព្យធំៗ កម្ដៅ នយោបាយ​បច្ចុប្បន្ន​មិន​ប៉ះពាល់​ដល់​វិស័យនេះ​ទេ

0

អ្នកវិនិយោគ​វិស័យ​អចលនទ្រព្យធំៗនៅ​កម្ពុជា បាន​លើកឡើងថា ការឡើង​កម្ដៅ​នយោបាយ នៅ​មុនពេល​បោះឆ្នោត​នៅ​ឆ្នាំ២០១៨ មិនមាន​បញ្ហា​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ ប៉ុន្តែ​ពួកគេ​ទាមទារ​ឲ្យ​អ្នកនយោបាយ​ទាំងអស់​មាន​ភាព​អត់ធ្មត់។

លោក​ឧកញ៉ា សៀ រិទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Group ដែល​បាននិងកំពុង​វិនិយោគ​គម្រោង​ខុន​ដូ THe Bridge, The PeAk, និង​គម្រោង អចលនទ្រព្យ​ជាច្រើន​ទៀត​នៅ​ទីក្រុង​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង កាលពី​ព្រឹក​ថ្ងៃទី៤ កញ្ញា​នេះ​ថា លោក​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ការបោះឆ្នោត​នេះ នឹង​ដំណើរការ​ដោយ​រលូន។ លោក បន្តថា យើង​ជា​អ្នករកស៊ី យើង​ត្រូវការ​ស្ថិរភាព ដែលជា​អ្វី​សំខាន់បំផុត ប៉ុន្តែ​ប្រជាជន​តែងតែមាន​ការបារម្ភ​ហើយ តែ​សម្រាប់​លោក​ដែល ជា​អ្នកវិនិយោគ លោក​មានការ​ជឿជាក់។

លោក បន្តថា លោក​គិតថា ការបោះឆ្នោត​ឆ្នាំក្រោយ មិនមាន​បញ្ហា​អ្វី​នោះទេ វា​ជា​អារម្មណ៍​របស់​ប្រជាជន​ប៉ុណ្ណោះ។ អ្នកវិនិយោគ​បរទេស ពួកគេ​មិន​និយាយ​មែន​តែ​ពួកគេ​មិន​បារម្ភ​ទេ ព្រោះ​អ្នកវិនិយោគ​ពូកែ​ជា​អ្នក​ពូកែ​ឆក់​ឱកាស ហេតុនេះ បើ​មាន​អ្នកណា​ហ៊ាន អ្នកនោះ​នឹង​ទទួលបាន​ជោគជ័យ។

ភាគ​ហ៊ុ​និក​នៃ​ក្រុមហ៊ុន​លំនៅឋាន L កម្ពុជា​ភ្នំពេញ​លោក ទុយ ប៊ុន បាន​ថ្លែងថា ស្ថានភាព​នាពេលនេះ​មិនមាន​បញ្ហា​អ្វី​នោះទេ ប៉ុន្តែ​ក្នុងនាម​ជា​អ្នកវិនិយោគ​លោក​ស្នើសុំ​ឲ្យ​អ្នកនយោបាយ​រួបរួមគ្នា និង​ធ្វើ​អ្វី​យក​ច្បាប់​មក​និយាយ​គ្នា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​សុខ និង​មិនមាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ។លោក បន្តថា យើង​រង់​ចាំមើល​ទាំងអស់គ្នា តែ​អ្វី​ជាការ​កត់សំគាល់​របស់​លោក គឺ​ស្ថានភាព​មិនមាន​អ្វី​ប្លែក​គួរ​ឲ្យ​បារម្ភ​ទេ ព្រោះ​វា​ហាក់​កើតឡើង​ដដែល បន្ទាប់មក​វា​ក្លាយជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​របស់​យើង។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តំលៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែងថា ការបោះឆ្នោត​ឆ្នាំ២០១៨ មិនមាន​បញ្ហា​អ្វី​ឡើយ ទោះជា​មានការ​បារម្ភ​តិចតួច​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ក្តី ប៉ុន្តែ​វា​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។លោក បន្តថា ទោះជា​យ៉ាងណា​ក៏​តម្លៃ​ដីធ្លី ឬ​អចលនទ្រព្យ​ដទៃទៀត នឹងមិន​ឡើងថ្លៃ​នោះទេ ព្រោះ​វា ជា​ពេលដែល​ប្រជាពលរដ្ឋ​ព្រួយបារម្ភ ហើយ​វា​ជា​អារម្មណ៍​ធម្មតា​របស់​ពួកគាត់៕

ការនាំចេញ​ទិន្នផល​ដូងប្រេង មានការ​កើនឡើង​ក្នុង ឆ្នាំ២០១៧

0

ភ្នំពេញ ៖ ការនាំចេញ​ដូងប្រេង​របស់​ក្រុមហ៊ុន​ម៉ុង រិទ្ធី​គ្រុប បាន​កើនឡើង​ក្នុង​ចន្លោះ១៥ ទៅ២០ភាគរយ ក្នុង​រយៈពេល​បី​ត្រីមាស ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

អនុប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​ដូងប្រេង​របស់​ឧកញ៉ា ម៉ុង រិទ្ធី លោក ប្រា​ចាក់ កង​តាណ​ម​ថា​ម​Prachak Kongtanomtham បាន​ឲ្យ​ដឹង នា​ថ្ងៃទី ១២ ខែកញ្ញា ម្សិលមិញ​នេះ​ថា ការនាំចេញ​នៃ​ទិន្នផល​ដូងប្រេង ឆ្នាំនេះ មានការ​កើនឡើង ក្នុង​ចំនួន​ខាងលើនេះ ដោយ​ទំហំ​នៃ​ការនាំចេញ​បាន​កើន​ឡើងដល់៣០,០០០តោន និង​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា២៣លាន​ដុល្លារ​អាមេរិក។

លោក បាន​បន្ថែមថា ទោះបីជា​មានការ​កើនឡើង​នូវ​ចំនួន​នាំចេញ​ក្ដី តែ​បញ្ហា​តម្លៃ​លក់​ចេញ​មិនមាន​ភាពប្រែប្រួល​នោះទេ ព្រោះថា​សព្វថ្ងៃ​ទិន្នផល​ដូងប្រេង១តោន លក់បាន​ក្នុងតម្លៃ​ត្រឹមតែ​ប្រមាណ​ជាង៦២០ ដុល្លារ​ប៉ុណ្ណោះ ដែល​តម្លៃ​នេះ មាន​ភាព​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន។

លោក បន្តថា ការកើនឡើង​នូវ​ការនាំចេញ​ទិន្នផល​ដូងប្រេង​នេះ គឺ​ដោយសារតែ​ខាង​ក្រុមហ៊ុន​បាន​សិក្សា​យ៉ាង​ម៉ត់ចត់​ពី​គុណភាព​ដី ស្ថានភាព​ទឹកភ្លៀង​មាន​ភាព​អំណោយផល និង​ស្របពេល ដែល​ដើម​ដូងប្រេង កំពុងតែ​ពេញវ័យ​ក្នុង​ការផលិត។

សព្វថ្ងៃ​ប្រទេស​កម្ពុជា​មិនទាន់មាន​ក្រុមហ៊ុន កែច្នៃ​ផលិតផល​សម្រេច​ចេញពី​ដូងប្រេង នោះទេ ដែល​ធ្វើ​ឲ្យ​ទិន្នផល​ទាំងអស់​ត្រូវ​បញ្ជូនទៅ​លក់​បរទេស ដោយ​ក្នុងនោះ​មាន​ប្រទេស​មួយចំនួន​ដូចជា ប្រទេស​ស្វី​ស ប្រទេស​ចិន ប្រទេស​កូរ៉េ ប្រទេស​ប៉ា​គី​ស្ថាន និង​ប្រទេស​ម៉ាឡេស៊ី។ ក្នុងចំណោម​ទីផ្សារ​អន្តរជាតិ​ទាំងនេះ ប្រទេស​ម៉ាឡេស៊ី ជា​ប្រទេស ដែល​នាំចូល​ផលិតផល​ដូងប្រេង​ពី​កម្ពុជា​ធំជាងគេ។

ជុំវិញ​ការកើនឡើង​នៃ​ការនាំចេញ​ទិន្នផល​ដូងប្រេង ទៅកាន់​បរទេស​នេះ ទីប្រឹក្សា​ជាន់ខ្ពស់ ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បាន​លើកឡើងថា វា​ជាការ​ធ្វើ​ពិពិធ​កម្ម​លើ​ផលិតផល​កសិកម្ម ដែល​យើង​មិន​ពឹង​ផ្អែកលើ​ការនាំចេញ​នូវ​ផលិតផល​ស្រូវ អង្ករ​តែមួយ​មុខ។ ក្នុងនោះ​លោក ង៉ែត ជូ ក៏បាន​បន្ថែមថា បើសិនជា​មានលទ្ធភាព ក្រុមហ៊ុន​គួរតែបង្កើត​ក្រុមហ៊ុន​កែច្នៃ​ផលិតផល​សម្រេច ដើម្បី​ផ្ដល់​ការងារ​បាន​កាន់តែច្រើន​ជូន​ប្រជាជន​កម្ពុជា។

សព្វថ្ងៃ​ក្រុមហ៊ុន​ដូងប្រេង​របស់លោក​ឧក​ញ៉ា ម៉ុង រិទ្ធី មាន​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ជា ១៦, ០០០ហិច​តា ដែលមាន​ទីតាំង​ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ហើយ​ក្រុមហ៊ុន​នេះ ក៏បានផ្ដល់​ការងារ​ដល់​ប្រជាជន ប្រមាណ​ជា២០០០នាក់​ផងដែរ៕