ការចង្អុលបង្ហាញ៖ អ្នកជំនាញ​ថា​វិនិយោគ​ដី​នៅ​ជាយក្រុង ឬ​តាម​ខេត្ត​សុទ្ធតែមាន​ឱកាស​ចំណេញ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជម្រើស​នៃ​ការទិញ​អចលនទ្រព្យ ក៏ដូចជា​ដីធ្លី​នៅតាម​បន់​ណា ដែល​អាច​ទទួលបាន​ចំណេញ​ខ្ពស់ នៅតែ​ជា​ប្រធានបទ​មួយ ដែលមាន​ប្រជាប្រិយភាព និង​ជាការ​ចង់ដឹង​ពី​សំណាក់ អ្នក​ដែល​ប្រឡូក​នៅក្នុង​វិស័យ​មួយ​នេះ​ដដែល។

អនុប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century21 Advance Property លោក ឡុង គឹមសួគ៌ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅក្នុង​សប្ដាហ៍​នេះ​ថា មិន​ថា​ទោះជា​ទិញ​នៅ​តំបន់​ជាយក្រុង ឬ​នៅតាម​បណ្តា​ខេត្ត ដែល​ឃ្លាតឆ្ងាយ​ពី​ក្រុង​នោះទេ អត្រា​ទទួលបាន​ចំណេញ​នៅតែមាន ប្រសិនបើ​អ្នកទិញ​មាន​ភាព​ឆ្លាត​វៃ និង​បាន​សិក្សា​លម្អិត​ពី​តំបន់ និង​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​ពាក់ព័ន្ធ។

លោក​បញ្ជាក់ថា “ខ្ញុំ​និយាយ​តែ​ផ្នែក​ដីធ្លី មាន​អ្នកទិញ​ទុក​សម្រាប់​វិនិយោគ​បន្ត​យកចំណេញ បាន​ជ្រើស​ទីតាំងផ្សេងៗគ្នា​ជាមួយនឹង​ក្ដី​រំពឹងថា អាច​ទទួលបាន​ចំណេញ​នៅពេល​លក់​ចេញ​វិញ” ។ លោក​បន្តថា “មិន​ថា​ពួកគាត់​ទិញ​ទៅ​ទីណា​នោះទេ អត្រា​ដែល​ទទួលបាន​ចំណេញ​គឺ​សុទ្ធ​តែមាន ឱ្យតែ​ពួកគាត់​ទិញ​ដោយ​ការពិចារណា និង​វិនិច្ឆ័យ​បាន​ត្រឹមត្រូវ៛” ។

លោក​គឹមសួគ៌​បាន​បន្តថា អ្នកខ្លះ​គាត់​មិន​បានដឹង​លម្អិត​ពី​ព័ត៌មាន និង​គម្រោង​អភិវឌ្ឍន៍ ដែល​ជម្រុញឱ្យមាន​តម្រូវការ​ទីផ្សារ​នោះទេ ហើយ​ទិញ​តាម​គេ​ផ្អើល តែ​ក៏​អាច​ទទួលបាន​ចំណេញ​ដូច​គេ ដែល​ការ​ចំណេញ​នេះ វា​គឺជា​រឿង​ចៃដន្យ​សម្រាប់​គាត់។ ចំពោះ​ករណីបែបនេះ​មិនមែន​ចេះតែ​ទទួលបាន​រហូត​នោះទេ” ។

លោក​ឡុង គឹមសួគ៌ បាន​បន្តថា មាន​អ្នកខ្លះ គាត់​មាន​ធនធាន​តិចតួច ប៉ុន្តែ​គាត់​បានសម្រេច​ចិត្ត​ឥត​ស្ទាក់ស្ទើរ ក្នុង​ការទិញ​ដី​នៅ​ជាយក្រុង​ទុក ជាពិសេស​នៅក្បែរ​គម្រោង​អភិវឌ្ឍន៍​ដែលមាន​សកម្មភាព ដូច្នេះ​ភាគរយ​ចំណេញ​របស់​ពួកគាត់​គឺមាន​ច្រើន ហើយ​រហ័ស​ទៀត។ ប្រសិនបើ​ពួកគាត់​សម្រេច​លក់ ក្នុងតម្លៃ​ចរចា​ណាមួយ ដែល​អាច​ទទួលបាន​ចំណេញ ហើយ​យកទៅ​វិនិយោគ​នៅ​តំបន់​ណាមួយ​ផ្សេងទៀត ដែលមាន​គម្រោង​អភិវឌ្ឍន៍​ច្បាស់លាស់ នោះ​កំណើន​នៃ​ភាគលាភ​របស់គាត់ នឹង​កើនឡើង​ច្រើនជាង​អ្នក​ដែលមាន​លុយ​ច្រើន​ដែល​ទិញ​ដី​ទំហំ ប៉ុន្តែ​នៅ​តំបន់​ឆ្ងាយ​ពី​ទីប្រជុំជន និង​មិនមាន​គម្រោង​អភិវឌ្ឍន៍។

លោក​បាន​បញ្ជាក់ថា មិន​ថា​ទោះជា​នៅ​តំបន់​ជាយក្រុង ឬ​នៅក្នុង​ខេត្ត​ណាមួយ​នោះទេ ភាគរយ​ចំណេញ​នៅតែមាន​ដូចគ្នា សំខាន់​ត្រង់​ថា​មុនពេល​ទិញ​សម្រាប់​ទុក​វិនិយោគ ត្រូវតែ​ចេះ​សិក្សា​ពី​តម្រូវការ​ទីផ្សារ និង​គម្រោង​នៃ​ការអភិវឌ្ឍ​ឱ្យបាន​គ្រប់​ជុង​ជ្រោយ​យ៉ាង​លម្អិត ទើប​ការវិនិយោគ​មិន​ជួប​ភាពបរាជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here