ដោយ វុត្ថា
ភ្នំពេញៈ កាស៊ីណូថ្មីមួយទៀត ដែលមានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យដំណើរជាផ្លូវការហើយ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការកាស៊ីណូប៉ាវឌីងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម្សិលមិញនេះបានឱ្យដឹងថា ការបើកសម្ពោធដាក់ឱ្យដំណើរការកាស៊ីណូនេះ ជាសមិទ្ធិផលថ្មីមួយទៀត ដែលក្រុមហ៊ុនសម្រេចចិត្តធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ពិតជាបានរួមចំណែកលើកកម្ពស់ការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលបានផ្តល់ការងារដល់យុវជនជាច្រើន។
លោកបន្ថែមថា ដូច្នេះត្រូវប្រើប្រាស់សក្តានុពលសេដ្ឋកិច្ច ទេសចរណ៍របស់យើង ឱ្យកាន់តែប្រសើរថែមទៀត នេះជាការឆ្លើយតបទៅនឹងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលមានការជម្រុញលើកទឹកចិត្តដល់អ្នកវិនិយោគ ពិសេសអ្នកវិនិយោគចិន ដែលមកបណ្តាក់ទុនរកស៊ីនៅខេត្ដព្រះសីហនុ។
លោកគួច ចំរើនបានបន្តទៀតថា “ដោយសារតែស្ថានភាពផ្លូវក្នុងក្រុងរបស់យើងមានការខូចខាតយ៉ាងច្រើនសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រដល់ការសាងសង់ផ្លូវ៣៤ខ្សែ មានប្រវែង៨៤.៥គីឡូម៉ែត្រ ដើម្បីរួមចំណែកសម្រួលដល់អ្នកទេសចរ ក៍ដូចជាការលើកទឹកចិត្តដល់វិនិយោគិនមកបណ្តាក់ទុនរកស៊ីនៅខេត្ដព្រះសីហនុ ទទួលបានផលល្អ”។
ខេត្តព្រះសីហនុ ក្នុងរយៈពេលប៉ុន្មាឆ្នាំកន្លងមកនេះ ក្រៅពីការវិនិយោគលើវិស័យសណ្ឋាគារ ខុនដូ និងអចលនទ្រព្យផ្សេងទៀត បាននិងកំពុងទាក់ទាញលើការវិនិយោគលើវិស័យកាស៊ីណូយ៉ាងច្រើនគម្រោង និងបានដាក់ឱ្យដំណើរនូវគម្រោងជាច្រើនផងដែរ ដើម្បីឆ្លើតបទៅនឹងកំណើនការវិនិយោគ និងទេសចរណ៍ចូលទៅក្នុងខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាមួយនេះ៕