ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ដង្កោ គឺជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១៤នៃរាជធានីភ្នំពេញដែលមានសកម្មភាពទិញ-លក់អចលវត្ថុ ក៏ដូចជាការសាងសង់លំនៅដ្ឋានសកម្មជាងគេ រហូតមានការព្យាករណ៍ថានៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ កំណើននៃចំនួនលំនៅដ្ឋានអាចនឹងកើនឡើងរហូតដល់ប្រមាណ១០ម៉ឺនខ្នងសម្រាប់បំពេញតម្រូវការរស់នៅ។
យោងតាមរបាយការណ៍នៃឯកសារដែលមានចំណងជើងថា “ភ្នំពេញឆ្នាំ២០៣០” របស់ក្រុមអ្នកជំនាញស្រាវជ្រាវរបស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ VTrust Appraisal ដែលចេញផ្សាយកាលពីពេលកន្លងទៅនេះបានបង្ហាញថា នៅក្នុងចំណោមខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ មានខណ្ឌចំនួន៧ បាន និងកំពុងមានសកម្មភាពមមាញឹកក្នុងការសាងសង់លំនៅឋាន ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការដែលនឹងធ្វើឱ្យកើនឡើងរហូតដល់ជិតកន្លះលានខ្នងនៅឆ្នាំ២០៣០។
នៅក្នុងរបាយការណ៍ដដែលបានធ្វើការព្យាករណ៍ថា នៅក្នុងចំណោមខណ្ឌដែលមានភាពមមាញឹកក្នុងការសាងសង់ សម្រាប់តែខណ្ឌដង្កោនឹងមានកំណើនសំណង់លំនៅដ្ឋានរហូតដល់ ១០ម៉ឺនខ្នង នៅត្រឹមឆ្នាំ២០៣០ខាងមុខ ដែលនឹងក្លាយជាខណ្ឌឈានមុខគេនៅក្នុងវិស័យមួយនេះ។
នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Chailin Sear Realty Co,.Ltd បានគាំទ្រទៅលើការព្យាករណ៍ខាងលើនេះដោយលោកមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា “ខណ្ឌដង្កោ មានសក្ដានុពលយូរហើយ ប៉ុន្តែត្រូវបានអ្នកវិនិយោគមើលរំលងក្នុងរយៈពេលធំ ប៉ុន្តែក្រោយពីមានគម្រោងធំៗមួយចំនួនបានបង្ហាញវត្តមាននៅក្នុង និងក្បែរខណ្ឌនេះ ទើបធ្វើឱ្យទាំងអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍បង្វែរគោលដៅរបស់ខ្លួនទៅខណ្ឌមួយនេះវិញ”។
លោកបានបន្តថា “គម្រោងសំខាន់ៗដែលជួយលើកកម្ពស់សក្ដានុពលនៅក្នុងខណ្ឌដង្កោ រួមមានដូចជាគម្រោងផ្លូវក្រវាត់ក្រុងទី៣ គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានារបស់រាជរដ្ឋាភិបាល ដែលកាន់តែបង្កភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូលក្រុង ជាពិសេសការតភ្ជាប់បណ្តាញផ្លូវនានាជាមួយនឹងមហាវិថីសម្ដេចតេជោ ៦០ម៉ែត្រ រួមជាមួយលំហូរនៃចំនួនប្រជាសាស្ត្រចូលទៅរស់នៅក្នុងតំបន់នេះកាន់តែច្រើន”។
លោក ស៊ា ឆៃលីន បានមានប្រសាសន៍បន្តទៀតថា “ហេតុផលសំខាន់មួយទៀតដែលជំរុញឱ្យអ្នកអភិវឌ្ឍន៍ចូលទៅកាន់ខណ្ឌនេះច្រើន ក៏ព្រោះតែវិសាលភាពដីទំនេរនៅមានច្រើន ហើយតម្លៃនៅទាបងាយស្រួលក្នុងការទិញសម្រាប់អភិវឌ្ឍន៍បើធៀបទៅនឹងខណ្ឌដទៃទៀតដែលមានតម្លៃខ្ពស់រួចទៅហើយ។ ម៉្យាងទៀត សម្រាប់អ្នកទិញទុកវិនិយោគក៏មានឱកាសច្រើនដែលអាចទទួលបានផលចំណេញ ជាពិសេសសម្រាប់អ្នកដែលទិញពីម្ចាស់ដើមផ្ទាល់ ដែលអាចមានឱកាសចំណេញស្ទើរតែ ១០០ ភាគរយ ឬខ្ពស់ជាងនេះដល់ ២០០ ភាគរយក៏មាន ប៉ុន្តែសម្រាប់អ្នកទិញ-លក់បន្តពីឈ្មួញកណ្តាល អាចមានឱកាសចំណេញបានទាបត្រឹមតែប្រមាណ ២០ – ៣០ ភាគរយតែប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា ភាគរយនៃការទទួលបានផលចំណេញគឺនៅតែមាន គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ”៕