ដោយ រ៉ាណេត
ភ្នំពេញៈ បច្ចុប្បន្នអាជីវកម្មខាងផ្នែកអចលនទ្រព្យ មានភាពរីកដុះដាលយ៉ាងខ្លាំងបើប្រៀបធៀបនឹងរយៈពេលជាង 10ឆ្នាំមុន ទាំងក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណពីក្រសួងក្តី និងមិនមានអាជ្ញាប័ណ្ណក្តី ប៉ុន្តែមិនប្រាកដថា ក្រុមហ៊ុនទាំងអស់នោះសុទ្ធតែទទួលបានផ្លែផ្កាល្អពីការធ្វើជំនួញក្នុងវិស័យនេះនោះឡើយ។
នាយិកាក្រុមហ៊ុន KAT APPRAISAL CO.,LTD អ្នកនាង ចេវ សុឃុន បានប្រាប់ឱ្យដឹងថា អ្នកមានបំណងចង់បើកក្រុមហ៊ុនអចលនទ្រព្យ គួរតែសុំអាជ្ញាប័ណ្ណចំនួន២ទើបជាការប្រសើរ គឺសេវាកម្មទិញ-លក់-ជួល និងសេវាកម្មវាយតម្លៃអចលនវត្ថុ បើទោះជាសេវាកម្មទិញ-លក់-ជួលមានប្រជាប្រិយភាពខ្លាំងជាងសេវាកម្មវាយតម្លៃអចលនវត្ថុក៏ដោយ។
អ្នកបានបន្តទៀតថា “ក្រុមហ៊ុនអចលនទ្រព្យរបស់ខ្ញុំបានសុំអាជ្ញាប័ណ្ណ២ប្រភេទគឺសេវាកម្មទិញ-លក់-ជួល និងសេវាកម្មវាយតម្លៃអចលនវត្ថុ។ បច្ចុប្បន្នរវាងសេវាកម្មទាំង២ គឺសេវាកម្មនៃការទិញ-លក់-ជួលអចលនទ្រព្យមានភាពល្អប្រសើរជាងសេវាកម្មវាយតម្លៃ តាមរយៈការទទួលបានការងារពីអតិថិជនជាហូរហែរ”។ អ្នកនាងបន្ថែមថា “មូលហេតុ គឺដោយតែសេវាកម្មទិញលក់ជួលមានសកម្មភាពផុលផុសច្រើន ព្រោះបុគ្គលម្នាក់អាចមានអចលនទ្រព្យច្រើន ដូច្នេះសកម្មភាពទិញ-លក់-ជួល វាមានសកម្មភាពស្ទើរតែរាល់ថ្ងៃដែលតម្រូវឱ្យអតិថិជន ត្រូវមកទទួលសេវាកម្មពីក្រុមហ៊ុន ដើម្បីមានភាពងាយស្រួលដល់ការងារទិញ-លក់-ជួលរបស់ពួកគាត់”។
អ្នកនាងបន្តទៀតថា អតិថិជនខ្លះមានសមត្ថភាពទិញផ្ទះដល់ទៅ២ ទៅ៣កន្លែង ពេលខ្លះគាត់ទិញហើយ គាត់ចង់ជួលអចលនទ្រព្យនោះ ដើម្បីបានកម្រៃត្រឡប់មកវិញ ទើបបង្កើតឱ្យមានជាចរន្ដទិញ-លក់-ជួល ឡើងរហូតយើងមើលឃើញថា មានសកម្មភាពផុសផុល។ ដោយឡែកទាក់ទងនឹងសេវាកម្មវាយតម្លៃអចលនទ្រព្យវិញ ដើម្បីទទួលបានការងារវាយតម្លៃអចលនទ្រព្យ លុះត្រាតែក្រុមហ៊ុននោះមានបទពិសោធចាប់ពី៣ឆ្នាំឡើងទៅទើបទទួលបានទំនុកចិត្ដពីធនាគារ ជាក់ស្ដែងដូចជាក្រុមហ៊ុន KAT APPRAISAL CO.,LTD ស្រាប់ រាល់ថ្ងៃក៏ទទួលបានការងារវាយតម្លៃខ្លះៗពីធនាគារដែរ ព្រោះក្រុមហ៊ុនធំៗគេមានបទពិសោធច្រើនជាងយើង ដូច្នេះគេទទួលបានទំនុកចិត្ដពីធនាគារច្រើនជាង ក្រុមហ៊ុនដែលមានបទពិសោធក្មេងខ្ចី ព្រោះធនាគារគេត្រូវការពិចារណាលើប្រព័ន្ធការងារ និងគុណភាពការងាររបស់ក្រុមហ៊ុនផងដែរ៕