ដោយៈ រ៉ាណេត
ភ្នំពេញៈ ការផ្ទុះឡើងនៃជំងឺ COVID-19 បាននិងកំពុងបង្ក ផលប៉ះពាល់វិស័យជាច្រើននៅកម្ពុជា ខណៈតម្លៃអាផាតមិនជួលបានធ្លាក់ចុះ ដោយសារតែវិបត្តិសុខាភិបាលសាកលនេះ។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia ដែលចេញផ្សាយកាលពីថ្ងៃពុធបានបង្ហាញថា អាផាតម៉ិនជួល Grade A មានតម្លៃជួល ១៩,២៤ ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅឆមាសទី១ ឆ្នាំ២០២០ និងបានធ្លាក់ ១៣.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃជួល ២២.២៣ ដុល្លារ។
អាផាតមិនជួលកម្រិត Grade B មានតម្លៃជួល ១៥,៤៤ដុល្លារ ក្នុងមួយម៉ែត្រការ៉េនៅឆមាសទី១ ឆ្នាំ២០២០ ធ្លាក់ចុះ ១០.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃជួល១៧.១៥ដុល្លារ។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា អាផា តម៉ិនជួលបានប្រឈមនឹងអត្រាទំនេរច្រើន ខណៈម្ចាស់អាផាតម៉ិនបានធ្វើការបញ្ចុះតម្លៃ ដើម្បីរក្សាបាននូវការជួល។
ជាមួយនេះដែរ ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជាឱ្យមានការបញ្ចុះតម្លៃនៃអាគារជួលអាជីវកម្ម នាពេលកន្លងមកនេះ ម្ចាស់អគារជួលមួយចំនួននៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមបញ្ចុះតម្លៃជួលរបស់ខ្លួនប្រមាណ៣០ ទៅ៥០ ភាគរយ ដើម្បីរក្សាអតិថិជន។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Basac Realty លោក នី ទីណាត បានឱ្យដឹងដែរថា មិនថាតែចំពោះអាគារសម្រាប់បម្រើឱ្យវិស័យ ការិយាល័យកម្រិតខ្ពស់ អគារជាន់ផ្ទាល់ដី ឬអាគារដទៃទៀតសម្រាប់ជួលនោះទេ ភាគច្រើនកំពុងប្រឈម ដោយសារតែអតិថិជនបញ្ឈប់កុងត្រាជួល។
លោកថ្លែងថា “ហេតុផលដែលបញ្ឈប់កុងត្រា ក៏ព្រោះដំណើរការអាជីវកម្មជួបភាពរាំងស្ទះ ជាក់ស្ដែងដូចជាក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍មណ្ឌលកម្សាន្ត និងមណ្ឌលស្ទីម សូណា ជាដើមដែលត្រូវផ្អាកសកម្មភាព ហើយក្រុមហ៊ុនបម្រើសេវាខ្លះ ក៏ជួបបញ្ហាដូចគ្នា ដោយសារតែបាត់ចំណូលពីប្រតិបត្តិការរបស់ខ្លួន” ។
ជាការចូលរួមលើកស្ទួយវិស័យនេះ ឱ្យមានភាពរឹងមាំ និងយូរអង្វែង ហើយអាចរក្សាបាននូវចំណែកទីផ្សារស្ថិតស្ថេរ លោក នី ទីណាត បានផ្តល់ជាយោបល់ថា ម្ចាស់អាគារ ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ អាគារសម្រាប់ជួល គួរតែមានការបន្ធូរបន្ថយ ឬបញ្ចុះតម្លៃសម្រាប់អតិថិជនរបស់ខ្លួន ដែលយ៉ាងហោចណាស់ក្នុងរង្វង់ចាប់ពី៣០ ទៅ៥០ភាគរយ នៃតម្លៃចាស់ ទម្រាំវិបត្តិមួយនេះមានភាពស្ងប់ស្ងាត់ ហើយចរន្តសេដ្ឋកិច្ចចាប់ផ្តើមល្អប្រសើរឡើងវិញ៕