តម្លៃ​អចលវត្ថុ​តំបន់​អរិយ​ក្សត្រ ចាប់ផ្តើម​កម្រើក​ជាថ្មី​ក្រោយ​ដំណឹង​ថា កូរ៉េ​យល់ព្រម​ជួយ​សាងសង់​ស្ពាន

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ជាថ្មី​ម្ដងទៀត​ស្ថានភាព​នៃ​ទីផ្សារ​អចលនវត្ថុ​នៅ​តំបន់​អរិយ​ក្សត្រ​ត្រូវបាន​កម្រើក​ឡើងវិញ​ក្រោយ​ការប្រកាស​ពី​មន្ត្រី​ជាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​ទៅនឹង​ការយល់ព្រម​ទទួលយក​សំណើរ​ពី​សំណាក់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លើ​ការសាងសង់​ស្ពាន​ឆ្លងទន្លេ ត​ភ្ជាប់​ពី​អរិយ​ក្សត្រ​មក​រាជធានី​ភ្នំពេញ។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល GRA លោក សំ សុខ​នឿន បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា សេចក្ដីប្រកាស​ព័ត៌មាន​មួយ​នេះ​គឺជា​ដំណឹង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​អ្នក​ដែល​រស់នៅ​តំបន់​ត្រៀយ​ម្ខាង ដែល​ចេញចូល​រាជធានី​ភ្នំពេញ​ជាប្រចាំ​ថ្ងៃ ដែល​នឹងមាន​ភាពងាយស្រួល​ជាង​មុន ចំណាយពេល​តិច​ក្នុងការ​ធ្វើដំណើរ ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន និង​មាន​សុវត្ថិភាព​ខ្ពស់។

លោក សំ សុខ​នឿន បាន​មានប្រសាសន៍​បន្តថា “ជាមួយនឹង​ដំណឹង​នៃ​ការសាងសង់​ស្ពាន​ឆ្លងទន្លេ ត​ភ្ជាប់​ពី​ត្រើយម្ខាង​មកកាន់​រាជធានី​ភ្នំពេញ​នេះ បើ​ទោះ​មិនទាន់​ដឹង​ច្បាស់​ពី​ទីតាំង​ដែល​នឹងត្រូវ​សាងសង់​ជាក់លាក់ ប៉ុន្តែ​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅក្នុង​តំបន់​នេះ​នឹងមាន​ភាពល្អប្រសើរ ហើយ​អាច​នឹង​បន្ត​ភាព​រីកចម្រើន​ស្រដៀង​គ្នា​ទៅនឹង​តំបន់​ជ្រោយចង្វារ​ផងដែរ” ។

លោក​បញ្ជាក់ថា “បច្ចុប្បន្ន មិនទាន់មាន​ស្ពាន​ត​ភ្ជាប់​ផង តម្លៃ​ដីធ្លី​បាន​កើនឡើង​ខ្ពស់​រួចទៅហើយ ដែល​គ្រាន់តែ​ដីចំការ​ដែលមាន​ទំហំ​ត្រូវបាន​គេ​ដាក់លក់​ក្នុងតម្លៃ​ចន្លោះ​ពី ៨០-១០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ ហើយ​ដី​លំនៅដ្ឋាន​ត្រូវបាន​គេ​ដាក់លក់​ក្នុងតម្លៃ​ចន្លោះ​ពី ៣៥០-៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ ដោយឡែក​សម្រាប់​ដី​សម្រាប់​ពាណិជ្ជកម្ម ស្ថិតនៅក្នុង​ខ្ទង់​តម្លៃ​ខ្ពស់ ពោលគឺ​ត្រូវបាន​គេ​ដាក់លក់​នៅ​ទីផ្សារ​ក្នុង​ចន្លោះ​ចាប់ពី ៥០០-៧៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ” ។

លោក សំ សុខ​នឿន បានបង្ហាញ​ពី​ក្ដី​រំពឹងថា ប្រសិនបើ​មានការ​សាងសង់​ត​ភ្ជាប់​ស្ពាន​ដូច​ការប្រកាស​ព័ត៌មាន​ពិតមែន តម្លៃ​អចលនវត្ថុ​នៅ​តំបន់​អរិយ​ក្សត្រ ក៏ដូចជា​តំបន់​ស្វាយជ្រុំ​នឹងមាន​ការឡើង​ថ្លៃ​ខ្ពស់​បន្ថែម ឬ​អាច​គុណ​នឹង២ នៃ​តម្លៃ​នៅពេល​បច្ចុប្បន្ននេះ” ។

លោក ប៉ូ អ៊ា​វ​គង់ អគ្គនាយក​ក្រុមហ៊ុន Advance Real Estate បាន​មានប្រសាសន៍ថា ព័ត៌មាន​អំពី​ការភ្ជាប់​ស្ពាន​ពី​ភ្នំពេញ​ទៅ​អរិយ​ក្សត្រ ( ភ្នំពេញ-កណ្ដាល) វា​មិនមែនជា​លើក​ទី១ទេ ពោលគឺ​វា​លេចឮ ២-៣ ដង មកហើយ ប៉ុន្តែ​ធាតុពិត​នៃ​ការតភ្ជាប់​ស្ពាន​នេះ​មិនទាន់​ចេញ​ជា​ផ្លូវការ​នៅឡើយ។

លោក​បាន​បន្តថា “នៅពេល​មាន​ដំណឹង​ពី​ការតភ្ជាប់​ស្ពានម្ដងៗ តម្លៃ​ដីធ្លី​នៅ​អរិយ​ក្សត្រ​តែងតែមាន​សន្ទុះ​ហក់​ឡើងក្រឺតៗ ក៏ប៉ុន្តែ​វា​នៅ​ទ្រឹង​នៅពេលដែល​សកម្មភាព​នៃ​ការតភ្ជាប់ ឬ​គម្រោង​នោះ​មិនទាន់​ចេញ​ជា​ផ្លូវការ” ។

លោក​បន្តថា “ឥលូវ ព័ត៌មាន​នេះ​ក៏​ចាប់ផ្ដើម​លេចឮ​ម្ដងទៀត ហើយ​វា​ក៏​នឹង​ធ្វើឱ្យ​តម្លៃ​ដី​ឡើង​មួយកម្រិត​ទៀត ប៉ុន្តែ​បើសិនជា​មិនមាន​គម្រោង​ច្បាស់លាស់ ឬ​គម្រោង​នោះ​យូរពេក វា​ក៏​នឹង​ប៉ះ​ដល់​ហាងឆេង​តំបន់​អរិ​យក្ស​ត្រដែរ។ ធម្មតា អ្នកមាន​ដី​លក់​នៅពេល​ឮថា​មាន​គម្រោង​ត​ភ្ជាប់​តំបន់​ជាមួយ​ភ្នំពេញ នោះ​ពួកគេ​នឹង​ឡើងថ្លៃ​ទាំង​ដែល​គម្រោង​មិនទាន់​ចេញ​ជា​ផ្លូវការ​នៅឡើយ ហើយ​នៅពេល​ឡើង​ហើយ​វា​នឹង​ពិបាក​ចុះថ្លៃ​មកវិញ​ណាស់” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here