តើ​ក្រុងព្រះសីហនុ​កំពុង​វិវត្តន៍​ខ្លួន​ដូច​ក្តាម​កំពុង ”សក” ឬ​យ៉ាងណា?

0

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ រយៈពេល​ត្រឹម៣ឆ្នាំ ក្រុងព្រះសីហនុ​បាន​ផ្លាស់ប្តូរ​មុខមាត់ ស្ទើរ​មិនគួរ​ឲ្យ​ជឿ សំណង់​អាគារ​ពាណិជ្ជកម្ម លំនៅដ្ឋាន ខុន​ដូ លូត​ទៅលើ​អាកាស​ដូច​គេ​ជប់ ប៉ុន្តែ​ភាព​អ៊ូអរ​បាន​ប្រែជា​ស្ងប់ស្ងាត់​យ៉ាង​ស្រងេះស្រងោច។

- Video Advertisement -

ទីក្រុង​នេះ ត្រូវបាន​រដ្ឋាភិបាល​ដាក់បញ្ចូល ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ដើម្បី​ប្រែក្លាយ​ទឹកដី​តំបន់ឆ្នេរ ដែលមាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ផ្លូវទឹក ផ្លូវអាកាស និង​ផ្លូវគោក​នេះ​ទៅជា​តំបន់ឧស្សាហកម្ម​ពេញលេញ ប្រៀប​ដ​ដូចជា​កូនក្រមុំ​ទើប​ពេញវ័យ១៨ឆ្នាំ​ចឹ​ង។

យ៉ាងណាក្តី ទីក្រុង​ដែល​ពោរពេញ​ដោយ​កាស៊ីណូ​យ៉ាង​ព្រោងព្រាត និង​ការបិទ​ឧស្សាហកម្ម​ល្បែង​នេះ​យ៉ាង​តក់ក្រហល់ ពិសេស​ការមកដល់រ​បស់ Covid-19 បានធ្វើ​ឲ្យ​ទីក្រុង​នេះ​ប្រែ​ព៌​ណ​យ៉ាង​លឿន។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ឳ​កាស​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​ទាំង ៣៤ខ្សែ នៅ​ក្រុងព្រះសីហនុ កាលពីដើម​សប្តាហ៍​មុន​បាន​មានប្រសាសន៍ថា សម្តេច​នឹង​ប្រែក្លាយ​ទីក្រុង​នេះ ជាទី​ក្រុង​ពហុ​បំណង ដោយ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ដាក់ចេញ​នូវ​គោលនយោបាយ​នានា ដើម្បី​ធ្វើយ៉ាងណា​ប្រែក្លាយ​ទីក្រុង​នេះ​ជាទី​ក្រុង​ប្រកបដោយ​ថាមពល​សំរាប់​សេដ្ឋកិច្ច និង​ពោរពេញ​ដោយ​ភាព​ស៊ី​វិ​ល័យ។

ជាមួយគ្នានេះ សម្តេច​តេ​ជោ​បាន​ជំរុញ​ឲ្យ​មិត្ត​ជប៉ុន ជួយ​ព​ន្លឿ​ន​ការសាងសង់​កំពង់ផែ​ទឹក​ជ្រៅ ដែលមាន​តែមួយគត់​សំរាប់​ប្រទេស​នេះ​ឲ្យ​បាន​ឆាប់រហ័ស។

លើសពីនេះ ព្រលានយន្តហោះ​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ​នឹង​ពង្រីក​ផ្លូវ​រត់​ប្រវែង​រហូតដល់ ៣៨០០ម៉ែត្រ ដែល​យន្តហោះធំៗឆ្លង​ទ្វីប​អាច​ចុះចត​បាន។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ​ក៏​បាននិងកំពុង​សាងសង់​យ៉ាងសកម្ម ហើយ​វា​ជា​ផ្លូវ១ដែល​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ចិន ក្នុង​ភាពជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​ប្រទេស​ពីរ​រួម​វាសនា​តែ១ ។

ជាមួយនឹង​កំសួល​ដូច​ពពុះ​សាប៊ូ នៃ​កំនើន​ការវិនិយោគ​ក្នុងស្រុក និង​លំហូរ​ទុនវិនិយោគ​ពី​បរទេស បានធ្វើ​ឲ្យ​ក្រុងព្រះសីហនុ​សព្វថ្ងៃ មាន​វត្តមាន​អាគារខ្ពស់ៗកប់​ពពក​រាប់រយ ស្របពេល​លំហូរ​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលន​ទ្រព្យ​មាន​ទំហំ​ទុន​ជាង១០០០លាន​ដុល្លារ​ចាប់ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០១៩កន្លងមកនេះ។

ត្រលប់មក​មើល​ស្ថានភាព​អចលនទ្រព្យ ពិសេស​តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ នាពេល​បច្ចុប្បន្ន លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍ថា តម្លៃ​អចលន​​ទ្រព្យ​ពិសេស​ដីធ្លី​នៅ​ក្រុងព្រះសីហនុ បាន​ឈាន​មកដល់​ដំណាក់កាល​មួយ​ថ្មី ដោយ​តម្លៃ​អចលនទ្រព្យ​មាន​ភាពសមស្រប​នឹង​ទំហំ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ឬ​របស់​ប្រទេស​ឡើងវិញ វា​មិន​ឡើង​ខ្ពស់​ដូច​ពីមុន​ពេក​នោះទេ។

លោក​បន្តថា “ការឈាន​មកដល់​ដំណាក់កាល​បែបនេះ​ជា​រឿង​ប្រសើរ ព្រោះ​តម្លៃ​អាច​ចុះ និង​មាន​ភាពសមស្រប​នឹង​បរិបទ​សង្គម និង​សេដ្ឋកិច្ចកម្ពុជា” ។

អ្នកតាមដាន​ព៌​ត​មាន និង​ដំណើរ​វិវត្តន៍​នៃ​អចលនទ្រព្យ​កម្ពុជា លោក​យិន លាង​គង់​សហ​ស្ថាបនិក និង​ជា​អគ្គនាយក​នៃ​គេហទំព័រ Propertyarea.asia បាន​មានប្រសាសន៍ថា តម្លៃ​និង​ស្ថានភាព​ទូទៅ​នៅ​ក្រុងព្រះសីហនុ មាន​សភាព​ដូច​ក្តាម​សក​អញ្ចឹង​នាពេលនេះ ដែល​ធម្មតា​នៅពេល​វា​ឡើង​ធំ​ដល់​កម្រិត វា​នឹង​សក​ស្នូក​ចាស់​ចេញ ដើម្បី​ផ្លាស់ប្តូរ​ស្នូក​ថ្មី ដែល​ផ្តល់​ឲ្យ​ក្តាម​នូវ​ទំហំ​ខ្លួន​ធំ​ជាង​មុន។លោក​បន្តថា នៅពេល​រង់ចាំ​ស្នូក​រ៉ឹង​ឡើងវិញ វា​ត្រូវការ​ពេលវេលា​មួយរយៈ ដើម្បី​ឲ្យ​ក្តាម​មានខ្លួន​រ៉ឹង និង​មាន​ថាមពល​អាច “វា” ឡើងវិញ​បាន​លឿន។

លោក​បន្តថា “ដូចគ្នានេះដែរ ក្រុងព្រះសីហនុ នឹង​ត្រូវការ​ពេលវេលា​ដើម្បី​បន្ត​នូវ​ថាមពល​ឡើងវិញ ខណៈ​រដ្ឋាភិបាល​ត្រៀម​បញ្ចប់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទាំង៣៤ខ្សែ និង​ដាក់ចេញ​គោលនយោបាយ​ថ្មី ដើម្បី​លើកទឹកចិត្ត និង​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត” ។លោក​បន្ថែមថា “ពេលវេលា​នឹង​នាំមក​នូវ​ថាមពល​ថ្មី ជាមួយនឹង​វត្ត​មាននៃ​ធុរជន​ចិន ព្រោះ​ពួកគេ​នឹងមិន​រត់ចោល​កម្ពុជារ​ហូត​នោះទេ។

លោក​យិន លាង​គង់​បាន​បន្ថែមថា “ក្រោយពេល​ភ្លៀង​មេឃ​នឹង​ស្រឡះ ហើយ​ក្រោយពេល​ក្តាម​មាន​ស្នូក​រ៉ឹង​ឡើងវិញ វា​នឹងមាន​ទំហំ​ទំ និង​រត់លឿន​ជាង​មុន” ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here