ទីផ្សារក្នុងស្រុកបានក្លាយជាកម្លាំងស្នូលក្នុងការជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា

0

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ អ្នកជំនាញអន្តរជាតិបានអះអាងថា ទីផ្សារក្នុងស្រុកបានក្លាយជាកម្លាំងស្នូល ក្នុងការជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា អំឡុងពេលដែលម្ពុជាប្រឈមវិបត្តិកូវីដ១៩។

លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍កាលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យ បានជួបការលំបាកក្នុងឆ្នាំ២០២០ ប៉ុន្តែទីផ្សារស្រុកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពទិញ-លក់អចលនទ្រព្យនៅកម្ពុជា។

- Video Advertisement -

លោកបានថ្លែងថា “តម្រូវការអចលនទ្រព្យគ្រប់ប្រភេទត្រូវបានធ្លាក់ចុះ ហើយមានវិស័យជាច្រើនទៀតបានរងផលប៉ះពាល់ ដោយសារវិបត្តិកូវីដ១៩ ក៏ពិតមែន តែទីផ្សារក្នុងស្រុកបានក្លាយជាកម្លាំងស្នូលនៃវិស័យលំនៅដ្ឋាន ពិសេសដោយសារតែផ្សារបូរី បានចាក់គ្រឹះយ៉ាងរឹងមុំា ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ”។

ទោះយ៉ាងណា គ្រប់វិស័យទាំងអស់ បានទទួលយកគំនិតថ្មីៗ និងសម្របខ្លួនទៅនឹង “ការរស់នៅតាមគន្លងថ្មី” ជាពិសេសយើងបានឃើញថា កញ្ចប់លើកទឹកចិត្តថ្មីៗជាច្រើន ត្រូវបានបង្កើតឡើង ដូចការទទួលយកដំណោះស្រាយបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ ការប្រើប្រាស់ទីភ្នាក់ងារជំនាញវិជ្ជាជីវៈកាន់តែទូលំទូលាយ គំនិតទីផ្សារច្នៃប្រឌិត ការបង្កើនភាពបត់បែននៅក្នុងលក្ខខណ្ឌនៃការទូទាត់ ការផ្តល់ជូននូវដំណោះស្រាយហិរញ្ញប្បទាន និងការបញ្ចុះតម្លៃកាន់តែច្រើន ក្នុងកំឡុងពេលចរចាជាដើម។

លោក James Hodge បានថ្លែងថា “ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានសញ្ញាកើនឡើង សម្រាប់វិស័យមួយចំនួន ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យបែបពាណិជ្ជកម្ម និងការវិនិយោគ យើងសង្កេតឃើញមានការកើនឡើងនូវសកម្មភាពពីអ្នកជួល និងអ្នកវិនិយោគ បើទោះអ្នកមកពីបរទេស ដែលមានគម្រោងធ្វើដំណើរមកប្រទេសកម្ពុជា បានពន្យាពេលធ្វើដំណើររបស់គេក្នុងរយៈពេល១២ខែ ចុងក្រោយនេះ”។

វិស័យ ដែលពឹងផ្អែកយ៉ាងខ្លាំងលើជនបរទេស ឬភ្ញៀវទេសចរ នៅតែរងផលប៉ះពាល់ខ្លាំងបំផុត ហើយបញ្ហានេះហាក់ដូចជាមិនមានភាពធូរស្បើយទេ រហូតដល់ការធ្វើដំណើរត្រឡប់មកភាពប្រក្រតីឡើងវិញ។

លោកបានបន្តថា “រហូតដល់ពេលនេះ យើងមិនអាចកំណត់បានថា តើពេលណាវិស័យអចលនទ្រព្យទាំងមូល នឹងវិលត្រឡប់ទៅភាពដើម ដូចមុនវិបត្តិកូវីដ១៩នោះទេ ដោយយើងគ្រាន់តែអាច មើលឃើញថា ផ្នែកមួយចំនួននៅក្នុងវិស័យនេះ នឹងកើនឡើងលឿនគេ”៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here