ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងការមើលឃើញពីការងើបឡើងវិញ នូវតម្រូវការទីផ្សារអចលនទ្រព្យគ្រប់ប្រភេទនាដើមឆ្នាំ២០២១ សម្រាប់តែទីផ្សារជួលអគារទូទៅ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យនេះលើកឡើងថា អាចនឹងចំណាយពេលដល់អំឡុងពាក់កណ្តាលឆ្នាំ ឬក្នុងឆមាសទី២នៃឆ្នាំនេះទើបអាចមានសកម្មភាពឡើងវិញ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី១១ មករានេះថា មិនចំពោះតែទីផ្សារជួលអគារការិយាល័យ ឬទីផ្សារជួលទីតាំងសម្រាប់លក់រាយនោះទេ រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺនៅតែមានការធ្លាក់ចុះ ហើយការធ្លាក់ចុះអាចនឹងបន្តរហូត ដល់ពាក់កណ្តាលឆ្នាំ២០២១។
លោកស្រីបានបន្តថា“ទាំងទីផ្សារការិយាល័យ ទាំងទីផ្សារជួលទីតាំងលក់រាយនៅតាមបណ្តាផ្សារទំនើប ឬផ្សារសហគមន៍ គឺនៅបន្តជួបបញ្ហាឱនភាពដូចគ្នា”។ លោកស្រីបញ្ជាក់ថា “សម្រាប់តែទីផ្សារជួលការិយាល័យគ្រប់កម្រិត គឺនៅស្ថិតក្នុងសញ្ញាអវិជ្ជមានទាំងកម្រិតA កម្រិតB និងកម្រិតC ព្រោះតម្រូវការអគារការិយាល័យភាគច្រើនជាក្រុមហ៊ុនមកពីក្រៅស្រុក ហើយគម្រោងដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺគម្រោងដែលទើបបញ្ចប់ និងដាក់បញ្ចូលទៅក្នុងទីផ្សារនៅក្នុងអំឡុងឆ្នាំ២០២០”។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកស្រីអាន សុធីតា បានបញ្ជាក់ថា ទម្រាំទីផ្សារជួលអគារ អាចវិលត្រឡប់ទៅរកភាពល្អប្រសើរវិញ យ៉ាងហោចណាស់ត្រូចំណាយពេលរហូតដល់ឆមាសទី២ ឬឈានចូលដល់ចុងឆ្នាំ២០២១ខាងមុខនេះ។
ដោយឡែក លោកវ៉ន ចាន់ថនអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ TOWN CITY បានមានប្រសាសន៍ថា ទីផ្សារនៃការជួលអគារមិមែន ប៉ះពាល់ធ្ងន់ធ្ងរទាំងអស់នោះទេ នៅក្នុងនោះក៏មានទីផ្សារជួលអគារខ្លះ នៅតែមានតម្រូវការទីផ្សារ បើទោះជាស្ថិតនៅក្នុងកំឡុងពេលប្រឈមវិបត្តិក្នុងឆ្នាំ២០២០ក៏ដោយ។
លោកបន្តថា “ខ្ញុំទទួលស្គាល់ថា ទីផ្សារជួលអគារពិតមានទទួលនូវផលប៉ះពាល់ ប៉ុន្តែមិនធ្ងន់ធ្ងរទាំងអស់នោះទេ ក្នុងនោះដូចជាសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនបានប្ដូរយុទ្ធសាស្ត្ររបស់ខ្លួន ពីការជួលក្នុងរយៈពេលខ្លី ទៅជាការជួលរយៈពេលវែង និងជួលជាកញ្ចប់តែម្ដង”។ លោកបន្តថា “ក្រៅពីនេះ ដូចជាទីផ្សារជួលអគារអាផាតម៉ិន ក៏នៅតែមានតម្រូវការ គ្រាន់តែម្ចាស់អគារអាចបាត់បង់ចំណូលបន្តិចបន្តួច តាមរយៈការបញ្ចុះតម្លៃជូនអតិថិជនរបស់ខ្លួន ដែលរងគ្រោះដោយសារវិបត្តិសាកលចាប់ពី២០-៣០ភាគរយ”។
លោកវ៉ន ចាន់ថនបានបញ្ជាក់ថា “ទីផ្សារជួលអគារដែលរងគ្រោះធ្ងន់ធ្ងរ គឺផ្នែកជួលទីតាំងលក់រាយ ដូចជាតំបន់ក្បែរមាត់ទន្លេរ ដែលជាបណ្តុំអាហារដ្ឋាន កន្លែងស្នាក់នៅរយៈពេលខ្លីដែលផ្តោតសំខាន់លើជនបរទេស។ តំបន់ទាំងនេះ ទោះជានៅដើមឆ្នាំ២០២១ កម្ពុជាមានភាពធូរស្រាលពីកត្តាប្រឈមក្ដី ប៉ុន្តែនៅមិនទាន់អាចដំណើរការល្អនៅឡើយនោះទេ ពោលគឺយ៉ាងហោចចាប់ពីពាក់កណ្តាលឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ខណៈដែលប្រសិទ្ធិភាព នៃការប្រើប្រាស់វ៉ាក់សាំងទទួលបានលទ្ធផលល្អ គ្រប់គ្រាន់ ហើយនៅតាមបណ្តាប្រទេសនានា នៅលើសាកលចាប់ផ្តើមបើក ឱ្យមានការធ្វើដំណើរឆ្លងកាត់យ៉ាងទូលាយវិញ”៕